ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ​៖​កម្ពុជា​នឹង​សម្រេច ចក្ខុវិស័យ​ប្រទេស​មាន​ប្រាក់ ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ ឆ្នាំ​២០៣០ តាម​រយៈ​ការ​ធ្វើ ពិពិធ​កម្ម​សេដ្ឋកិច្ច​បន្ត​ទៀត

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ចក្ខុវិស័យ​របស់​ខ្លួន ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​នោះ សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារ អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ។

លោក ដួង ប៉ូ​ល​ឡាំង សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា យោង​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា នា​ពេល​នេះ លោក​ជឿជាក់​ថា កម្ពុជា​នឹង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ក៏​ប៉ុន្តែ​ដោយសារ​តែ​រយៈពេល​វា​នៅ​យូរ​ទៀត​នោះ យើង​ក៏​មិន​អាច​ព្យាករណ៍​បាន​ថា នឹង​មាន​អ្វី​កើតឡើង​ទេ ដូច្នេះ រដ្ឋាភិបាល​ត្រូវធ្វើ​អ្វី​ដែល​ប្រយ័ត្នប្រយែង​បំផុត ដើម្បី​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ដើរ​បណ្ដើរ​គិត​បណ្ដើរ និង​ដោះស្រាយ​បណ្ដើរ បើសិនជា​ជួប​បញ្ហា​កន្លែង ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​ជា​បន្ទាន់ ដោយ​មិន​គួរ​អោយ​នៅ​បន្ត​អូស​បន្លាយ​ឡើយ ធ្វើ​យ៉ាងណា​អោយ​វា​ឡើង​រហូត ។

លោក​បន្ថែម​ថា តាម​ពិត​ទៅ​ធនាគារ អភិវឌ្ឍន៍​អាស៊ី មិន​បាន​ធ្វើ​កិច្ចការ​ក្នុង​រឿង​នេះ​ទេ តែ​ជា​ទស្សន​របស់​លោក​ផ្ទាល់ លោក​យល់​ថា បើសិនជា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧​ភាគរយ​រហូត​ដល់​ឆ្នាំ ២០៣០​នោះ លោក​គិត​ថា កម្ពុជា​នឹង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​បាន ហើយ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ ក៏​ហាក់ដូចជា​បង្ហាញ​ពី​ជំនឿ​ខ្ពស់​ផង​ដែរ​ពី​ចក្ខុវិស័យ​នេះ ។ ទន្ទឹម​នឹង​នោះ​ដែរ សេដ្ឋវិទូ​រូប​នេះ ក៏​បាន​ផ្ដល់​ជា​ទស្សនទាន​មួយ​ចំនួន​ផង​ដែរ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​អោយ​ស្ថិត​ក្នុង​រង្វង់​ខ្ពស់​។ លោក​និយាយ​ថា កម្ពុជា គួរតែ​ផ្លាស់​ប្តូរ​ពី​ប្រទេស​កសិកម្ម ទៅ​ជា​ប្រទេស​ឧស្សាហកម្ម ពីព្រោះ​បណ្ដា​ប្រទេស​ជឿនលឿន​លើ​ពិភពលោក គ្មាន​អ្នក​ណាយ​កសិកម្ម​ជា​គោល​នោះ​ទេ ជាក់ស្ដែង​ប្រទេស​ឧស្សាហកម្ម​ផលិត​រថយន្ត​មួយ​គ្រឿង លក់​ចេញ គេ​អាច​ទិញ​អង្ករ​បាន​រាប់​តោន ដូច្នេះ​គេ​មិន​ចាំបាច់​ធ្វើស្រែ ដាំ​ស្រូវ​នោះ​ទេ ។

ដោយឡែក​ទស្សនទាន​របស់​ធនាគារ ពិភពលោក​វិញ​ក៏​ស្រ​ដៀង​នឹង​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ដែរ ពោល​គឺ​ចង់អោយ​កម្ពុជា ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​ផ្លាស់​ប្តូរ​ពី​ការ​ផលិត​របស់​ដែល​មាន​តម្លៃបន្ថែម​ទៀត ទៅ​រក​ការ​ផលិត​ណា​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ស្រប​ពេល​តម្លៃ​ពលកម្ម​នៅ​ក្នុងស្រុក​ក៏​ចាប់ផ្ដើម​ឡើង​ខ្ពស់​បន្តិច​ម្ដង​ៗ​ដែរ ដូច​ជា​ការ​ផលិត​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និក គ្រឿងអគ្គិសនី​និង​សម្ភារៈ​សម្រាប់​នាំ​ចេញ​ផ្សេង​ទៀត​ជាដើម ។
លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​លើក​ឡើង​ផង​ដែរ​ថា កម្ពុជា គួរ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជា​បណ្ដើរ​ៗ ក្នុង​ពេល​សហគមន៍​អន្តរជាតិ គេ​ផ្ដល់​ឱកាស​អោយ​យើង ក្នុង​ការ​នាំ​ទំនិញ​ចេញ​ដោយ​មិន​គិត​ពន្ធ ហើយ​នៅ​ពេល​ដែល​គេ​ចង់​គិត​ពន្ធ​វិញ​ក៏​កម្ពុជា អាចរ​ស់បាន​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​គេ​ទៀត​ឡើយ ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ ២០១៩ នេះ​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ ព្យាករណ៍​ថា នៅ​តែ​មាន​កំណើន​ល្អ​ប្រសើរ ដោយ​មាន​កំណើន​ប្រមាណ​៧​ភាគរយ និង ប្រមាណ​៦,៨​ភាគរយ នៅ​ឆ្នាំ ២០២០ ខាង​មុខ ។ តែ​យ៉ាងណា​ក៏​ដោយ​គម្លាត​ជំនាញ​នៃ​ធនធានមនុស្ស​នៅ​កម្ពុជា គឺជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ជំរុញ​កំណើន​អោយ​កាន់តែ​ល្អ​ប្រសើរ ដូច្នេះ កម្ពុជា គួរតែ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ធនធាន​របស់​ខ្លួន​អោយ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ៕