ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​វៀតណាម ឈរ​ចំណាត់ថ្នាក់​កំពូល​ក្នុង​ចំណោម​ទេសចរ​១០​ប្រទេស មក​ទស្សនា​កម្ពុជា ខណៈ​ចំនួន​ទេសចរ​អា​មេ​រិ​ក​និង​អង់គ្លេស ធ្លាក់​ចុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សភាពការណ៍​ទេសចរណ៍​កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ជា​ពិសេស​ទេសចរ​ចិន បាន​នឹង​កំពុង​ក្លាយជា​ទីផ្សារ​ទេសចរណ៍​សំខាន់​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។ ជាក់ស្តែង​ទេសចរ​អន្តរ​ជាតិចិន បាន​ស្ថិត​នៅ​កំពូល​តារាង​នៃ​ទេសចរ​អន្តរជាតិ​ទាំង ១០…

រាជធានី​ភ្នំពេញ ៖ រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សភាពការណ៍​ទេសចរណ៍​កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ជា​ពិសេស​ទេសចរ​ចិន បាន​នឹង​កំពុង​ក្លាយជា​ទីផ្សារ​ទេសចរណ៍​សំខាន់​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។ ជាក់ស្តែង​ទេសចរ​អន្តរ​ជាតិចិន បាន​ស្ថិត​នៅ​កំពូល​តារាង​នៃ​ទេសចរ​អន្តរជាតិ​ទាំង ១០ ដែល​មក​ទស្សនា​កម្ពុជា​មាន​កំណើន​ប្រមាណ​ជាង ៦៧,២% ក្នុង​ឆ្នាំ ២០១៨ និង​រក្សា​បាន​នូវ​កំណើន​ប្រមាណ​ជាង ៣១,៧% សម្រាប់​រយៈពេល ២ ខែ​ឆ្នាំ ២០១៩ នេះ ។

«​វិស័យ​ទេសចរណ៍​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ឱកាស​ការងារ មុខរបរ ប្រាក់​ចំណូល និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​ឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រសួង រួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា គ្រឹះស្ថាន​អង្គរ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន និង​ផ្នែក​ឯកជន ចុះ​សួរសុខទុក្ខ សំណេះសំណាល និង​ជូនពរ​ដល់​នាយទាហាន ពល​ទាហាន នៃ​យោធភូមិ​ភាគ​ទី​៤ ក្នុង​ឱកាស​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៤ ខេត្តសៀមរាប នា​ថ្ងៃ​ទី ០៧ ខែមេសា ឆ្នាំ ២០១៩ នេះ ។

លោក ថោ​ង ខុន បាន​បញ្ជាក់​ទៀត​ថា ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៨ កន្លង​មកនេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ ជាង ៦,២០​លាន​នាក់ កើនឡើង ១០,៧% ធៀប​នឹង​ឆ្នាំ​២០១៧ បង្កើត​ប្រាក់​ចំណូល​ជូន​ជាតិប្រមាណ ៤.៣៧៥​លាន​ដុល្លារ​អា​មេ​រិ​ក រួមចំណែក​ប្រមាណ ១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ និង​ការងារ​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​។

យោង​តាម​របាយការណ៍​បូក​សរុប​ការងារ​ទេសចរណ៍ ឆ្នាំ ២០១៨ និង​ត្រីមាស​ទី​១ នៃ​ឆ្នាំ ២០១៩ របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឆ្នាំ ២០១៨ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​សំខាន់​ៗ​ទាំង​បី (​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​, អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​កងកេង​) មាន​ចំនួន​ជាង ៤,០៩៦ លាន​នាក់ កើនឡើង ២៣,៧% ខណៈ​ការ​ធ្វើ​ដំណើរ​ផ្លូវគោក​មាន​ចំនួន​ជាង ១,៩៦០ លាន​នាក់ ថយ​ចុះ ៨,៦% និង​ចំនួន​ភ្ញៀវ​អន្តរជាតិ​ធ្វើ​ដំណើរ​មក​កម្ពុជា​តាម​ផ្លូវទឹក​មាន​ចំនួន ១៤៤,១៩៦ នាក់ ថយ​ចុះ ០,៨% ។ យ៉ាងណាមិញ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨ នេះ គឺ​ចិន មាន​ចំនួន​ជាង ២,០២៤ លាន​នាក់ (​កើនឡើង ៦៧,២% ធៀប​ឆ្នាំ​២០១៧) នាំមុខ​គេ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ក្នុង​នោះ​មាន វៀតណាម (​ប្រមាណ​ជាង ៨០០ ពាន់​នាក់ ថយ​ចុះ ៤,២%), ឡាវ (​ប្រមាណ​ជាង ៤២៧ ពាន់​នាក់ ថយ​ចុះ ១៥,១%), ថៃ (​ប្រមាណ​ជាង ៣៨៣ ពាន់​នាក់ ថយ​ចុះ ៣,២%), កូរ៉េ (​ប្រមាណ​ជាង ៣០១​ពាន់​នាក់ ថយ​ចុះ ១២,៦%), សហរដ្ឋអាមេរិក ( ប្រមាណ​ជាង ២៥០ ពាន់​នាក់ ថយ​ចុះ ២,២%), ជប៉ុន (​ប្រមាណ​ជាង ២១០ ពាន់​នាក់ កើនឡើង ៣,៥%), ម៉ា​ឡេ​ស៊ី (​ប្រមាណ​ជាង ២០១ ពាន់​នាក់ កើនឡើង ១២,២%), បារាំង (​ប្រមាណ​ជាង ១៧០ ពាន់​នាក់ កើនឡើង ២,៧%) និង​អង់គ្លេស (​ប្រមាណ​ជាង ១៦២ ពាន់​នាក់ ថយ​ចុះ ៥,១%) ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ទេសចរ​ចិន នៅ​តែ​មាន​សន្ទុះ​កើនឡើង​ខ្ពស់​សម្រាប់​រយៈពេល ២ ខែ ដើមឆ្នាំ ២០១៩ នេះ​ហើយ​ឈរ​លើ​កំពូល​តារាង​សម្រាប់​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង ១០ មក​កម្ពុជា ។ ជាក់ស្តែង​រយៈពេល ២ ខែ​ក្នុង​ឆ្នាំ​២០១៩ នេះ ទេសចរ​ចិន មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជាង ៤១៩ ពាន់​នាក់ ស្មើនឹង ៣៣,៦% នៃ​ចំនួន​សរុប ឬ​មានការ​កើនឡើង​ចំនួន ៣១,៧%, ភ្ញៀវ​ទេសចរ​វៀតណាម ក៏​មានការ​កើនឡើង ១,៧%, ទេសចរ​ឡាវ កើនឡើង ១៣%, ទេសចរ​ថៃ​កើនឡើង ២០,៣% ខណៈ​ទេសចរ​កូរ៉េ នៅ​បន្ត​ធ្លាក់​ចុះ​រហូត​ដល់ ១៩,៦% សម្រាប់​រយៈពេល ២ ខែ​នៃ​ឆ្នាំ ២០១៩ នេះ ។ អ្នកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ថា​ទេសចរ​គ្រប់​ជាតិ​សាសន៍ មិន​ថា​ចិន​កើនឡើង ឬ​ទេសចរ​អន្តរជាតិ​ប្រទេស​ណាមួយ​បន្ត​កើនឡើង សម្រាប់​ការ​មក​ទស្សនា​កម្ពុជា គឺ​សុទ្ធតែ​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​លើ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង ។

អ្នកស្រី ឆាយ ស៊ី​វលី​ន មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​ភ្ញៀវ​ទេ​ចរណ៍​ចូល​មក​កាន់​កម្ពុជា​មិន​ថា​ជនជាតិ​ចិន ឬ​ជនជាតិ​ផ្សេង​នោះ​ទេ ពួក​គាត់​សុទ្ធតែ​នាំ​នូវ​អត្ថប្រយោជន៍​ចំណូល​ជូន​ជាតិ​ផង ពលរដ្ឋ​ផង តាម​លក្ខណៈ​ផ្ទាល់ ឬ​មិន​ផ្ទាល់ គឺ​យើង​សុទ្ធតែ​ទទួល​បាន​ទាំងអស់​។ ភ្ញៀវ​ទេសចរណ៍​ចិន ពេល​គាត់​ចូល​មក​គាត់​ត្រូវ​ចំណាយ​។ មិនតែប៉ុណ្ណោះ​គាត់​អាច​នាំ​នូវ​ការ​វិនិយោគ​ផង​ដែរ នៅ​ពេល​គាត់​ចូល​មក​កម្ពុជា​មើលឃើញ​ឱកាស​នៅ​ពេល​កម្ពុជា​កំពុង​មាន​អភិវឌ្ឍន៍​ដូច​សព្វ​ថ្ងៃនេះ​»​។
ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ដែល​សួរ​ថា តើ​ការ​កើនឡើង​នៃ​ទេសចរ​ចិន​មក​កម្ពុជា លុយ​ហូរ​ចូល​ដល់​សេដ្ឋកិច្ច​និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ អត់​នៅ​ពេល​ដែល​មានការ​បើកហាង​និង​សណ្ឋាគារ​ដោយ​វិនិយោគិន​ចិន ដើម្បី​ឲ្យ​ទេសចរ​ចិន​ស្នាក់​នៅ​នោះ អ្នកស្រី​ថា កម្ពុជា​នៅ​តែ​ចំនេញ​ពី​ការ​កើនឡើង​នៃ​ចំនួន​ទេសចរ​អន្តរជាតិ ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រូប​នេះ​បន្ត​ទៀត​ថា «​ជា​ទូទៅ​នៅ​ពេល​មាន​ភ្ញៀវ​ទេ​ចរណ៍​ចូល​មក​កាន់​កម្ពុជា គឺ​យើង​ជា​អ្នក​ចំណេញ​។ គាត់​ចូល​មក​គាត់​ទទួល​សេវាកម្ម​ក្នុងស្រុក​យើង​ផ្តល់​ជូន ទោះបីជា​វិនិយោគិន​ចិន ឬ​វិនិយោគិន​ណា​ក៏​ដោយ គាត់​ចូល​មក​បើកហាង​គាត់ ក៏​ជៀស​មិន​ផុត​ពី​ការ​ប្រើប្រាស់​កំលាំង​ពលកម្ម​ក្នុងស្រុក​ខ្មែរ​»​។
ស្រប​ពេល​វិស័យ​ទេសចរណ៍​ខ្មែរ​ហាក់​មាន​សុខភាព​ល្អ ដោយ​ចំនួន​ទេសចរ​អន្តរជាតិ​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ គេ​ក៏​កត់សម្គាល់​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ដើរ​កំសាន្ត​នៅ​ក្រៅប្រទេស​ក៏​មានការ​កើនឡើង​ផង​ដែរ ។ ជាក់ស្តែង ការ​ធ្វើ​ដំណើរ​ដោយ​ប្រជាជន​កម្ពុជា​ទៅ​កំសាន្ត​នៅ​ក្រៅប្រទេស​ក៏​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ នេះ ចំនួន​ទេសចរ​កម្ពុជា​ទៅ​ក្រៅប្រទេស​មាន​ចំនួន​ជិត ២​លាន​នាក់ កើនឡើង ១៣,៩% ធៀប​នឹង​ឆ្នាំ​២០១៧ ។ ខណៈ​រយៈពេល ២ ខែ​ឆ្នាំ​២០១៩​នេះ ទេសចរ​កម្ពុជា​ចេញ​ទៅ​ក្រៅប្រទេស​មាន​ចំនួន​ប្រមាណ​ជាង ៣០០ ពាន់​នាក់ កើនឡើង ៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៨ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ