ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​៣​ខែ​ឆ្នាំ​២០១៩ មាន​អ្នក​ពុល​អាហា​ជាង​២០០​នាក់ និង​ស្លា.ប់​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ខែ ឆ្នាំ​២០១៩ មាន​អ្នក​ពុល​ចំណីអាហារ​មាន​ចំនួន​២៤៦​នាក់ និង​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​២​នាក់ ។ ចំពោះ​ការ​ពុល​ចំណីអាហា​នេះ​ត្រូវ​បាន​ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​មានការ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ខែ ឆ្នាំ​២០១៩ មាន​អ្នក​ពុល​ចំណីអាហារ​មាន​ចំនួន​២៤៦​នាក់ និង​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​២​នាក់ ។ ចំពោះ​ការ​ពុល​ចំណីអាហា​នេះ​ត្រូវ​បាន​ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​មានការ ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​ពុល​ចំណីអាហារ និង​ពុល​ស្រា​ដែល​អាច​កើត​មាន​ក្នុង អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ។

ក្រសួងសុខាភិបាល​ជា​ថ្មី​ម្ដងទៀត​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​បង្ការ​ជំងឺ នឹង​បញ្ហា​សុខភាព​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ពោល គឺ​ថ្ងៃ​ទី​១៤ ១៥​និង​១៦ ខែមេសា​ខាង​មុខ​នេះ ។ ក្រសួង​បាន​លើក​ឡើង​ថា ដោយហេតុ​ថា ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ឆាប់​នេះ​ក្រសួងសុខាភិបាល​ថា កន្លង​មក​ក្រសួង​ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​សាធារណៈជន​ទាំងអស់​ក្នុង​ការ​បង្ការ​ករណី​ពុល​អាហារ និង​ករណី​ពុល​ស្រា​ជា​ច្រើន​លើក​ហើយ ក៏​ប៉ុន្តែ​ក្រសួងសុខាភិបាល​បាន​សង្កេត​ឃើញ​ថា មាន​ករណី​ពុល​អាហារ និង​ករណី​ពុល​ស្រា​នៅ​តែ​បន្ត​កើតឡើង នៅ​តាម​សហគមន៍​នៃ​បណ្តា​ខេត្ត​មួយ​ចំនួន ជាក់ស្ដែង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៨​កន្លង​មកនេះ​មាន​ករណី​ពុល​ចំណីអាហារ​សរុប​ចំនួន​១៩​លើក មាន​អ្នក​ពុល​សរុប​ចំនួន​៨៥២​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​១៣​នាក់ និង​ពុល​ស្រា​ចំនួន​៥​លើក ដោយ​មាន​អ្នក​ពុល​ស្រា​២០៦​នាក់ ក្នុង​នោះ​ស្លាប់​១២​នាក់ ។

ក្រសួង​បញ្ជាក់ «​ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩ ត្រឹម​ខែមីនា​នេះ មាន​ករណី​ពុល​ចំណីអាហារ​សរុប​ចំនួន​៦​លើក ដោយ​មាន​អ្នក​ពុល​សរុប​ចំនួន​២៤៦​នាក់​ក្នុង​នោះ​ស្លាប់​២ នាក់​» ។ លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា «​ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព ដែល​អាច​កើត​មាន​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ដែល​ស្របគ្នា​ជាមួយនឹង​អាកាសធាតុ​នៅ​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​មានការ​កើន​កម្ដៅ​ខ្លាំង ជា​ពិសេស​ទៅ​លើ​ការ​បរិភោគ​ចំណីអាហារ និង​ភេសជ្ជៈ​ការ​រៀបចំ​អាហារ និង​ការ​ទុកដាក់​មិន​ត្រឹមត្រូវ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ឈឺពោះ​រាគ​រូស ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​ចំណីអាហារ​មិន​មាន​អនាម័យ​អាហារ​ជូរ​ផ្អូម ឬ​ពុល​ស្រា បណ្តាល​មក​ពី​ការ​ទិញ​ស្រា​មកពីផ្សារ​តែ​ជា​ស្រា​បាន​ផលិត​ឬ​បាន​បិត ដោយ​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ជាដើម​» ។ លោក​បន្ត​ថា បន្ថែម​លើ​នេះ​ក្រសួង​សូម​លើកទឹកចិត្ត​គ្រប់​គ្នា​ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​ប្រុង​ប្រយ័ត្ន រួម​ទាំង​ការ​ការពារ​ផ្ទាល់ និង​ក្រុម​គ្រួសារ​របស់​ខ្លួន ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ទាំងនេះ ជា​ពិសេស​លើ​ការ​ពុល​ចំណីអាហារ​ដូច​ជា ការ​ប្រើប្រាស់​ទឹក​ស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត និង​ឆ្អិន​ជា​និច្ច អាហារ​ត្រូវ​គ្រប់​ជា​និច្ច ដើម្បី​ជៀង​វាង​រុយ​រោម ពិនិត្យ​ចំណីអាហារ​ដែល​អាច​នឹង​ជូន​ផ្អូម​…. ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា បើ​មាន​បញ្ហា​នៃ​ការ​ពុល​អាហារ ឬ​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​ស្រា ដូច​ជា​ឈឺក្បាល​ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក​សន្លប់ តែ​ពិបាក​ដកដង្ហើម សូម​ស្វែងរក​ការ​ពិនិត្យ និង​ព្យាបាល​ជា​បន្ទាន់ នៅ​មណ្ឌល​សុខភាព ឬ​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងសុខាភិបាល សូម​ណែនាំ​ចំពោះ​មនុស្ស​ពេញវ័យ​ទាំងអស់​សូមកុំ​ពិសា​គ្រឿង​ស្រវឹង ក្នុង​ពេល​បើកបរ ឬ​ក្នុង​ពេល​បញ្ជា​គ្រឿង​ម៉ាស៊ីន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ