ឆ្នាំនេះជាលើកទី១ហើយសម្រាប់ខេត្តមណ្ឌលគិរី ដឹងអត់! មានអ្វីប្លែកៗខ្លះ…
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សង្ក្រាន្តមណ្ឌលគិរីលើកទី១ នឹងប្រារព្ធធ្វើឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងពេលឆាប់ៗនេះ ខណៈអាជ្ញាធរនឹងអ្នកស្ម័គ្រចិត្តកំពុងម្នីម្នារៀបចំទីតាំងប្រារព្ធពិធីដែលមានទីតាំងនៅជិតរង្វង់មូលគោព្រៃកណ្តាលក្រុងសែនមនោរម្យ។

លោក ចាន់ រតនា អនុប្រធាន ស ស យ ក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពេលនេះក្រុមការងារជាច្រើនរូបកំពុងញាប់ដៃញាប់ជើងសម្រុកសាងសង់ទីតាំងបរិវេណសម្រាប់ប្រារព្ធពិធីសង្ក្រាន្តមណ្ឌលគិរី ។
លោកដារិទ្ឋបន្តថា ឆ្នាំនេះជាលើកទី១ហើយដែលខេត្តមណ្ឌលគិរីបានរៀបចំពិធីសង្ក្រាន្តនេះឡើង ដោយមានការឯកភាពពីថ្នាក់ដឹកនាំខេត្ត នឹងមានការសហការរវាងមន្ទីរចំណុះឲ្យខេត្ត រួមនឹង ស ស យ ក ខេត្ត ដើម្បីនាំយកការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តមណ្ឌលគិរី។

លោក សាន់ ដារិទ្ឋ ប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃសង្ក្រាន្តមណ្ឌលគិរីឆ្នាំនេះ គឺការទស្សនាភូមិវប្បធម៌ជនជាតិដើមភាគតិច ការទស្សនា សៈយក្ស ឬ សាស់យក្សធំជាងគេ ការលេងល្បែងកំសាន្តក្នុងតំបន់ត្រជាក់ចិត្ត ទាញព្រាត់លើទឹកសាប៊ូ ប្រដាល់សេរីធ្លាក់ទឹក ជិះកង់ឆ្លងកាត់តំបន់ឧបសគ្គ និងមានល្បែងប្រជាប្រិយជាច្រើនទៀត ដូចជាឡើងសសរខ្លាញ់ បោះអង្គុញ ចោលឈូង ចាប់ទាក្នុងទ្រុង ។ល។ ព្រមទាំងភ្លក់នូវរសជាតិម្ហូបជនជាតិដែលពេញនិយមទាំង២២មុខទៀតផង ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តមណ្ឌលគិរី ឲ្យបានច្រើនកុះករ បន្ទាប់ពីការកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត។ អភិបាលខេត្តក៏បានសំនូមពរដល់ភ្ញៀវទេសចរទាំងអស់ត្រូវយកចិត្តទុកដាក់ពីកត្តាសុខសុវត្ថិភាពរាល់ការធ្វើដំណើរ និងត្រូវចូលរួមថែរក្សាបរិស្ថានកុំចោលសំរាមពាសវាលពាសកាល៕














ចែករំលែកព័តមាននេះ