អាសូរក្មេងតូចទាំង២នាក់បងប្អូនបាត់បង់ជីវិតទាំងវ័យក្មេងយ៉ាងនេះ
- កំពង់ធំ
ខេត្តកំពង់ធំ ៖ ឪពុកម្តាយរវល់លក់ដូរ ស្រាប់តែកូនលង់ទឹកស្លាប់ទាំង២នាក់បងប្អូនគួរឱ្យអាសូរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៧ មេសា ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក បួ ពិសី នាយប៉ុស្តិ៍នគរបាលកំពង់ក្របៅ បានប្រាប់ថា សពកុមាររងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះ ព្រីង ចិត្រា ភេទប្រុស អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ព្រីង បូណា ភេទប្រុស អាយុ៨ឆ្នាំ (កុមារាទាំង២រស់នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិ-ឃុំកើតហេតុខាងលើ។

លោកនាយប៉ុស្តិ៍បន្តថា តាមការបំភ្លឺរបស់សាច់ញាតិ និងពលរដ្ឋរស់នៅជិតខាងប្រាប់ថា ជាងរៀងរាល់ថ្ងៃ ឪពុកម្តាយរបស់ក្មេងៗរងគ្រោះ ក៏ដូចជាឪពុកម្តាយ និងអាណាព្យាបាលរបស់ក្មេងៗដទៃទៀតនោះដែរ ពួកគាត់តែងតែជាប់រវល់មមាញឹករៀងៗខ្លួនទៅ ប្រកបរបររកស៊ីលក់ដូរ ខ្លះធ្វើស្រែ ឬធ្វើចំការ ដោយពុំសូវមានពេលវេលានៅមើលថែទាំងកូនៗឲ្យបានគ្រប់វេលានោះទេ ដូច្នេះដែលជាហេតុឲ្យមានចន្លោះប្រហោង ។

ប្រភពដដែលបន្តថា ជាក់ស្តែងដូចជាករណីខាងលើនេះ នៅមុនពេលកើតហេតុ ខណៈពេលដែលឪពុកម្តាយកុមារារងគ្រោះពួកគាត់ជាប់រវល់នឹងការងារ កុមារទាំងពីរនាក់បងប្អូនក៏នាំគ្នាចុះទៅលេងទឹកស្រះក្បែរផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់តែម្តង។

ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញនគរបាល និងអាជ្ញាធរ ក៏បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសពកុមារទាំង២ឃើញមិនមានស្លាកស្នាមអ្វីទេ ទើបសន្និដ្ឋានបានថា កុមាររងគ្រោះទាំង២នាក់បងប្អូនពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មិនពាក់ព័ន្ធបទល្មើសអ្វីផ្សេងឡើយ ក្រោយពីពិនិត្យរួចសពក្មេងរងគ្រោះទាំង២នាក់បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ