ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ បានរងរបួសរយះកំភួនជើងឆ្វេង ដោយសារតែជនប្រមឹកម្នាក់ដេញកាប់ប្រពន្ធមិនទាន់ ក៏ងាកមកកាត់ក្មេងស្រី បណ្ដាលឲ្យរងរបួស ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៧ ខែមេសានេះ នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគីរី ។

លោកប៉ែន សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកជលគីរី បានឱ្យដឹងថា នៅមុនពេលកើតហេតុជនបង្កឈ្មោះ សូត្រ សេក អាយុ៥៦ឆ្នាំ បានផឹកស្រាស្រវឹង ហើយបានស្រែកឡូឡានិងដេញកាប់ប្រពន្ធរត់ពេញភូមិ ។ ប៉ុន្តែនៅពេលដេញកាប់ប្រពន្ធមិនទាន់ក៏ត្រឡប់បកក្រោយវិញ ស្រាប់តែឃើញជនរងគ្រោះឈ្មោះ ជ្រឿន គិមបួយ អាយុ១៦ឆ្នាំ កំពុងអង្គុយលើជណ្តើ បានស្ទុះទៅកាប់ចំកំភួនជើងឆ្វេង បណ្ដាលឲ្យរងរបួសស្ទើរដាច់កំភួនជើងតែម្ដង ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋ និងប្រជាការពារក៏បានដេញចាប់ជនដៃដល់ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ ។ ចំណែកក្មេងស្រីរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជលគីរី ។ ជុំវិញករណីខាងលើត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ជនដៃដល់ គឺផឹកស្រាស្រវឹងជេរនឹងរករឿងប្រពន្ធជារៀងរាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ