រាជធានីភ្នំពេញ ៖ ក្នុងពេលលំហូរវិនិយោគិនបរទេសចូលមកកាន់កម្ពុជា កាន់តែច្រើននោះ គេសង្កេតឃើញថាតម្រូវការជួលអចលនទ្រព្យ ជាពិសេសខុនដូ ផ្ទះល្វែង និងវីឡា បានកើនឡើងយ៉ាងគំហុក ជាពិសេសទៅលើខុនដូ ដែលនៅតំបន់ខ្លះមិនអាចឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការបានឡើយ ។ អ្នកជំនាញស្នើអោយមានការវិនិយោគបន្ថែមទៀតដើម្បីទប់ទល់នឹងតម្រូវការ នៅរយៈពេល៥ឆ្នាំ ឬ ១០ឆ្នាំខាងមុខ ។
បើទោះបីជាតម្លៃនៃការជួលខុនដូ ហាក់នៅថេរ តែតម្លៃនៃការជួលផ្ទះល្វែងនៅជាយក្រុងៗដែលមានជនជាតិចិនរស់នៅច្រើន ត្រូវបានម្ចាស់ផ្ទះអះអាងថា តម្លៃជួលកើនឡើងជាងមុនជិត ៥០ ភាគរយ ខណៈជួលឲ្យបងប្អូនខ្មែរបានត្រឹមរង្វង់ ៣០០ ដុល្លារក្នុងមួយខែ តែជួលឲ្យចិនគឺអាចបាន ៥០០ ដុល្លារក្នុងមួយខែសម្រាប់ផ្ទះល្វែងនៅផ្លូវតូច ចុះពីផ្លូវសហព័ន្ធរុស្សី ឬផ្លូវវេងស្រេង ជាដើម។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ( Khmer Founder Appraisal ) បានមានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ តម្រូវការជួលទៅលើទីតាំងសម្រាប់ស្នាក់នៅបានកើនឡើងខ្ពស់ ជាពិសេសទៅលើខុនដូ ដែលមានតំបន់ខ្លះមានអ្នកស្នាក់នៅ ១០០ភាគរយ និងមិនមានកន្លែងសម្រាប់ជួលអោយបន្តទៀតនោះទេ ។

ឧកញ៉ា នួន រឹទ្ធី បន្តទៀតថា « ជាការកត់សម្គាល់ យើងឃើញថា ថ្វីត្បិតតែតម្រូវការមានខ្ពស់ក៏ពិតមែន តែចំពោះតម្លៃនៃការជួលវិញ យើងឃើញថាសម្រាប់ខុនដូ មិនមានការប្រែប្រួលទេ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃឆ្នាំចាស់ដែរ » ។
លោកបន្តថា ក្នុងពេលបច្ចុប្បន្ននេះ គឺទាមទារអោយមានការវិនិយោគបន្ថែមទៅលើខុនដូ ដើម្បីជួល និងលក់ជូនទៅអ្នកត្រូវការ ។ ដោយឡែកសម្រាប់អ្នកត្រូវការវិញ ក្នុងពេលនេះភាគច្រើនជាជនបរទេស និងមានជនជាតិខ្មែរតិចតួចប៉ុណ្ណោះ ដោយសារតែពួកគាត់មិនទាន់ផ្លាស់ប្តូរផ្នត់គំនិតពីការស្នាក់នៅផ្ទះជាប់ដីទៅរស់នៅអគារសហកម្មសិទ្ធិនៅឡើយ ។
លោកបន្តថា សម្រាប់ការជួលទៅលើផ្ទះល្វែង និងវីឡាវិញ ក៏ឃើញថាមានសកម្មភាពកើនឡើងខ្លាំងដែរ ជាពិសេសនៅប៉ូលខេត្តព្រះសីហនុ តែយ៉ាងណាសកម្មភាពនេះអាចនឹងថមថយវិញនៅរយៈពេល ២ឬ៣ឆ្នាំក្រោយ ។ កំណើននៃការជួលផ្ទះល្វែង និងវីឡា នៅខេត្តព្រះសីហនុ ដោយសារតែលំហូរវិនិយោគិនចិន បុកមកយ៉ាងគំហុកដូចទឹកបាក់ទំនប់ ហើយតម្លៃជួលនៅទីនោះក៏ខ្ពស់ជាងគេដែរ ព្រោះពួកគេត្រូវការកន្លែងស្នាក់នៅដែលនៅកណ្ដាលទីប្រជុំជន កណ្ដាលទីក្រុង ។
សម្រាប់ជនជាតិខ្មែរដែលចង់ជួលផ្ទះសម្រាប់ស្នាក់នៅ និងបម្រើការនៅខេត្តព្រះសីហនុ ត្រូវបង្ខំមកជួលនៅតំបន់ជាយក្រុង ពីព្រោះនៅកណ្ដាលទីក្រុងបានឡើងថ្លៃខ្ពស់ មិនអាចទប់ទល់នឹងការចំណាយបានឡើយ ។
លោកបន្ថែមថា ការជួលផ្ទះ មិនថាផ្ទះល្វែង រឺផ្ទះវីឡា ទៅជនបរទេសដែលទទួលបានតម្លៃខ្ពស់ ជាការផ្ដល់អត្ថប្រយោជន៍ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយម្ចាស់ផ្ទះអាចទៅរកជួលទីណាដែលមានតម្លៃសមរម្យ និងសល់លុយខ្លះសម្រាប់ទិញផ្ទះមួយកន្លែងនៅពេលអនាគត ។
លោក សន សៀប នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេតក៏បានឲ្យដឹងផងដែរថា ជាការពិតណាស់ ការជួលអចលនទ្រព្យពេលនេះ មានតម្រូវការច្រើនមែន ជាពិសេសនៅតំបន់ពាណិជ្ជកម្ម ( Commercial zone ) ហើយភាគច្រើនជួលទៅលើទីតាំងដែលបើកអាជីវកម្មបាន ដោយឡែកខុនដូ ក៏មានជួលច្រើនតែតម្លៃមិនឡើងថ្លៃទេ នៅតែរក្សាដដែល នៅតំបន់ខ្លះ ។
នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត មានប្រសាសន៍បន្ថែមទៀតថា «បើនិយាយទៅកំពង់សោមវិញ គេឃើញថាការជួលភាគច្រើនផ្ដោតទៅលើទីតាំងស្នាក់នៅ ដូចជាផ្ទះល្វែងផ្ទះវីឡា តែអាចបើកអាជីវកម្មបាន ដោយសារតែនៅកំពង់សោម មិនទាន់មានខុនដូ ឬអាផាត់មិនច្រើនសម្រាប់ផ្ដល់សេវាដល់វិនិយោគិន » ។ លោកបន្តថា នៅថ្ងៃអនាគត ការជួលទៅលើផ្ទះល្វែង វីឡានៅកំពង់សោម អាចនឹងថមថយវិញ ក្រោយពេលអគារដែលកំពុងសាងសង់នៅពេលហើយរួចរាល់ពីព្រោះ អ្នកជួលផ្ទះនៅពេលនេះ នឹងត្រលប់ទៅជួលខុនដូសម្រាប់ស្នាក់នៅ ។
តែយ៉ាងណាក៏ដោយ ក្នុងពេលតម្លៃឡើងថ្លៃនិងមានតម្រូវការច្រើននោះ ម្ចាស់អចលនទ្រព្យក៏មិនគួរប្រថុយជួលអោយអ្នកដទៃដោយឯកឯងនោះទេ ។ ពួកគាត់គួរតែរកមេធាវីណាដែលមានជំនាញ ច្បាស់លាស់ ដើម្បីធ្វើជាសាក្សី និងឯកសារក្នុងការជួលទៅអ្នកបន្ទាប់ ដើម្បីជៀសវាងបញ្ហានៅពេលអនាគត ។ ជាមួយគ្នានេះផងដែរ ការជួលផ្ទះល្វែងនៅតាមបុរីមួយចំនួននៅក្រុងភ្នំពេញ កំពុងត្រូវប៉ាន់ម្ចាស់ផ្ទះឯកជនមួយចំនួនផងដែរដោយសារតែតម្លៃជួលបានកើនឡើងទ្វេរមួយជាពីរ ។
«ពីមុនផ្ទះល្វែង ១ ជុង មានចំនួន ២ ជាន់គឺខ្ញុំជួលបានត្រឹមតែ ៣០០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ ឲ្យទៅបងប្អូនខ្មែរយើង ។ តែថ្មីៗនេះ ផ្ទះខ្ញុំប៉ុន្មានល្វែងទៀតនៅផ្លូវតូចជិតព្រលានយន្តហោះ គឺអាចជួលបានតម្លៃដល់ទៅ ៥០០ ដុល្លារក្នុងមួយខែទៅជនជាតិចិនស្នាក់នៅ» ។ នេះជាការលើកឡើងរបស់អ្នកស្រី ស៊ីវអេង ដែលមានផ្ទះច្រើនល្វែងដាក់ជួលនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៕
ចែករំលែកព័តមាននេះ