រាជធានីភ្នំពេញ ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងត្រូវសាងសង់នៅលើទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ ៧០០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ១៧០០ហិកតា និងគ្រោងដាក់ឲ្យដំណើរការដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៤ នាពេលខាងមុខនេះ ។
ខណៈអ្នកជំនាញខាងវិស័យដីធ្លី និងអចលទ្រព្យរំពឹងខ្ពស់ថា វត្តមានរបស់ព្រលានយន្តហោះថ្មី មិនត្រឹមតែជួយដល់ វិស័យទេសចរណ៍តែប៉ុណ្ណោះទេ តែនឹងជម្រុញ សេដ្ឋកិច្ចជាតិ និងតម្លៃអចលទ្រព្យក្នុងខេត្ត សៀមរាបកើនឡើងផងដែរ ។
លោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី នៅឯកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរនៅសាលាខេត្តសៀមរាប បានជម្រាបជូនអភិបាលខេត្តសៀមរាប លោក ទា សីហា ក៏ដូចជាលោក តឹករ៉េត សំរេច ប្រធានគណៈកម្មការ តម្រង់ទិសការសាងសង់ និង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តី ការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៩ ឲ្យដឹងថា

អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាគម្រោងដ៏សំខាន់ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា ចិន ក្នុងគោលនយោបាយ(ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦ Yuntouគ្រុប និង ទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះ ហត្ថលេខា ព្រមព្រៀង BOT ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន ។
លោក Lu Yanwen បានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានចម្ងាយពីក្រុងសៀមរាប ៥១គីឡូម៉ែត្រ នៅលើផ្ទៃដី សរុប ៧០០ហិកតា ហើយសាងសង់តាមស្តង់ដាររចនាបថអាកាសយានដ្ឋាន លំដាប់ថ្នាក់ទី 4E ដែលអាចប្រតិបត្តិការយន្ត ហោះខ្នាតធំមានលេខកូដE ។
ម្យ៉ាងទៀតតាមកំណើននៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគត និង ត្រូវធ្វើការពង្រីកទៅជា អាកាសយានដ្ឋានប្រភេទ4F ហើយគម្រោងនេះ ប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិយោគដោយ Yuntou គ្រុប យូណាន វិនិយោគបរទេស និង យូណាន ព្រលានយន្តហោះគ្រុប ដែលបានបណ្តាក់ទុនវិនិយោគ ២២០លានដុល្លា ដើម្បីបង្កើត ក្រុម ហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរ អុីនវេសមេន (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ក្រុមហ៊ុនអង្គរ) ដែលមានការទទួលខុសត្រូវចំពោះការវិនិយោគលើគម្រោងសាងសង់ និង គ្រប់គ្រងប្រតិបត្តិការ ។
លោក Lu Yanwen បានបញ្ជាក់ទៀតថា រយៈពេលនៃការសាងសង់ និង ប្រតិបត្តិការគម្រោង សរុប៥៥ឆ្នាំ ហើយរយៈពេលនៃការសាងសង់ដោយរំពឹងថាប្រើរយៈពេលពី ៣ឆ្នាំទៅ៥ឆ្នាំ ។
លោកបន្តទៀតថា ក្នុងដំណាក់កាលទី១ នៃគម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ ៨៨០លានដុល្លា អាមេរិក និង មានសាងសង់ផ្លូវរត់ល្បឿនលឿន ទំហំ ៣ពាន់៦០០ម៉ែត្រ គុណ៤៥ម៉ែត្រមួយផ្លូវ និង ប៉ារ៉ាឡែលសម្រាប់យន្តហោះ ធ្វើការហោះហើរ និង ចុះចត និង ចំណតយន្តហោះ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធផ្សេងៗ និង បរិក្ខាជំនួយ ស្ថានីយអ្នកដំណើរដែលមានទំហំ ៥០ពាន់ម៉ែត្រក្រឡា ហើយអាកាសយានដ្ឋាននេះ ក្នុងមួយឆ្នាំអាចបម្រើសេវាកម្មភ្ញៀវទេសចរណ៍ពី ៧លាន ទៅ១០លាននាក់ផងដែរ ។
លោក Lu Yanwen ភាគីក្រុមហ៊ុនវិនិ យោគគម្រោងសាងសង់ចិន បានបន្តទៀតថា «នៅពេលបញ្ចប់គម្រោងនេះ នឹងបង្កើននូវសមត្ថភាពដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែល្អប្រសើរជាងមុន និង ជម្រុញសក្តានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែមានភាពរីកចម្រើន នៅក្នុងតំបន់ ព្រមទាំងផ្តល់ផលប្រយោជនដល់ការការពារប្រវត្តិសាស្ត្រអង្គរ និងបានពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អនុតំបន់ទន្លេឡានឆាងមេគង្គ និង ការអភិវឌ្ឍន៍បន្ថែម លើកិច្ចទំនាក់ទំនងជាមិត្តភាព និង ធ្វើឲ្យ ចំណងមិត្តភាពកម្ពុជា ចិនកាន់តែមានភាពរឹងមាំ និង ជាបងប្អូនតែមួយទៀតផង» ។
លោកក៏បានលើកឡើងផងដែរថា នៅ គម្រោងមួយនេះ ក្រោយពេលបញ្ចប់និងបើកដំណើរការនោះ គឺជាបង្អួចមួយ ដែលបានបង្ហាញពីកម្ពុជា ទៅលើពិភពលោក ហើយមានសង្ឃឹមជឿជាក់ថា គម្រោងនេះជាសារៈសំខាន់ ក្នុងការលើកកម្ពស់នូវសេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តសៀមរាប និង លើកកម្ពស់នៃទំនាក់ទំនាងសេដ្ឋកិច្ចរវាងកម្ពុជា ចិន ឲ្យកាន់តែស៊ីជម្រៅឡើងថែមទៀត ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានសម្តែងនូវសេចក្តីរំភើប ចំពោះសមទ្ធិផលថ្មីដ៏ធំមួយ ដែលនឹងចាប់បដិសន្ធិនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ដែលជាព្រលានយន្តហោះដ៏ធំមួយនៅក្នុងតំបន់អាស៊ីយើងនេះ ។
លោក ទៀ សីហា មានប្រសាសន៍ថា «នៅ ពេលដែលអាកាសយានដ្ឋានថ្មីបានសាងសង់រួចរាល់ និង បើកកិច្ចដំណើរការនោះ និងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងទ្វេរដង និង កាន់តែធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប សំខាន់នៅស្រុកទាំងបី ដែលមានភូមិសាស្ត្រជាប់នឹងអាកាសយានដ្ឋាននេះផងដែរ ។
ក្នុងនោះដែរលោក តឹករ៉េត សំរេច ក៏បានលើកឡើងពីជីវប្រវត្តិ នៃការបង្កើតអាកាស យានដ្ឋានអន្តរជាតិ សៀមរាប អង្គរ រហូតដល់ពេលកិច្ចដំណើរការសាងសង់ដោយក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី ។ ឯកឧត្តមក៏បានធ្វើការណែនាំមួយចំនួនដល់ក្រុមហ៊ុន ត្រូវតែបន្តដំណើរប្រតិបត្តិការក្នុងការសាងសង់របស់ខ្លួន ព្រមទាំងត្រូវមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ។
ម្យ៉ាងទៀតចំពោះការបើកការដ្ឋានសាងសង់ យើងនឹងធ្វើការជ្រើសរើសពេលវេលាមួយដ៏សមគួរ ដើម្បីបើកការដ្ឋានសាងសង់ជាផ្លូវការ តែចំពោះកិច្ចការងារដែលក្រុមហ៊ុនកំពុងប្រតិបត្តិនោះ គឺត្រូវតែបន្តទៅទៀត ។ ក្នុងនោះដែរ ឯកឧត្តម ក្នុងនាមជាអ្នកសៀមរាប សូមសាទរនូវគម្រោងនេះ ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តសៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍ គ្រប់រូបភាពផងដែរ ៕
ចែករំលែកព័តមាននេះ