ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាត​​ឱ្យ​ពល​រដ្ឋ​​ជិះ​ឡាន​ក្រុង​ដោយ​មិន​គិត​ថ្លៃ​ថ្ងៃ​ចូល​​ឆ្នាំ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ដែល​ជិះ​រថយន្តក្រុង​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ នឹង​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ដែល​ជិះ​រថយន្តក្រុង​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ នឹង​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ឡើយ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា រថ​យន្ត​ក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន​១២០​គ្រឿង នឹង​ត្រូវបញ្ចេញ​សម្រាប់​ដឹក​ជញ្ជូន​ប្រជា​ពល​រដ្ឋ​ពី​ភ្នំពេញទៅ​តាម​បណ្តា​ខេត្ត​នានា​ដោយ​ឥត​គិតថ្លៃ​រយៈពេល​៧​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ដើម្បី​បញ្ចប់​ការ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​របស់​ក្រុមហ៊ុន​ឯក​ជន ។

ថ្លែង​ក្នុង​ពិធី​ជួបជុំ​ពិសា​ភោជនាហារ​ជាមួយ​គ្រួសារ​កីឡា​ជាតិ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមេសា សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​ចេញដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​នានា អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​ដោយ​មិន​គិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨ ខែមេសា​។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ឱកាស​នេះ ជូន​ព័ត៌មាន​ចំពោះ​កីឡាករ​កីឡាការិនី ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែមេសារយៈពេល​៧​ថ្ងៃ សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​រថយន្ត​ក្រុង​ចំនួន​១២០​គ្រឿង ដើម្បី​ដឹក​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ពី​រាជធានី​ភ្នំពេញ​ទៅ​តាមបណ្តា​ខេត្ត និង​ពី​ខេត្ត​មក​ភ្នំពេញ​វិញ ដោយ​មិន​គិត​ប្រាក់ ។

ខ្ញុំ​មិន​ចង់​និយាយ​ពី​បញ្ហា​ច្រំ​ដែល​ៗជាមួយនឹង​ម្ចាស់​រថយន្ត​ទៀត​ទេ កាល​មុន​នេះ​ប៉ុន្មាន​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​អំពាវនាវ​ដល់​ពួក​គេ គឺ​កុំ​ដំឡើង​ថ្លៃ​នៅ​ក្នុង​ពេល​បុណ្យចូលឆ្នាំ និង​ពេល​បុណ្យ​ភ្ជុំ ក៏​ប៉ុន្តែ​មួយ​ចំនួន​ក៏​បាន​ស្តាប់ តែ​មួយ​ចំនួន​មិន​បាន​ស្តាប់​ទេ ។

ដូច្នេះ​ហើយ​បានជា​យើងដាក់​រថយន្ត​របស់​យើង​តែ​ម្តង ដែល​រួម​មាន​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨ ដែល​នឹង​ចេញដំណើរ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២​ខែមេសា​តែ​ម្តង ក្នុង​នោះ ៖
-​ផ្លូវជាតិ​លេខ​១ ភ្នំពេញ ខេត្តកណ្តាល ខេត្តស្វាយរៀង ចំនួន​៥​គ្រឿង ភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង​ចំនួន​៥​គ្រឿង សរុប​ចំនួន​១០​គឿ​ង ។
-​ផ្លូវជាតិ​លេខ​២ ភ្នំពេញ ទៅ​ខេត្តតាកែវ ចំនួន​៥​គ្រឿង ។
-​ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​ទៅ​ខេត្ត​កែប​ចំនួន​៥​គ្រឿង ភ្នំពេញ​ទៅ​ខេត្តកំពត​ចំនួន​៥ គ្រឿង សរុប​ចំនួន​១០​គ្រឿង ។
-​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​ទៅ​ខេត្តកំពង់ស្ពឺ ចំនួន​៣​គ្រឿង ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ចំនួន​៧ គ្រឿង​សរុប​ចំនួន ១០​គ្រឿង ។
-​ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​ទៅ​ខេត្តកំពង់ឆ្នាំង ចំនួន​៥​គ្រឿង ភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់​ចំនួន​១០​គ្រឿង ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ចំនួន ១៥​គ្រឿង ភ្នំពេញ​ទៅ​ខេត្តបន្ទាយមានជ័យ​១៥​គ្រឿង សរុប​ចំនួន​៤៥​គ្រឿង ។
-​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​ទៅ​ខេត្តកំពង់ធំ ចំនួន​៥​គ្រឿង ភ្នំពេញ​ទៅ​ខេត្តសៀមរាប​ចំនួន១៥​គ្រឿង សរុប​ចំនួន​២០​គ្រឿង ។
-​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៧ ពី​ភ្នំពេញ​ទៅ​ខេត្តកំពង់ចាម​ចំនួន​៥​គ្រឿង ភ្នំពេញ​ទៅ​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៥​គ្រឿង សរុប​ចំនួន​១០​គ្រឿង ។ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨ ភ្នំពេញ​ទៅ​ខេត្តក្រចេះ​ចំនួន​៥​គ្រឿង ភ្នំពេញ​ទៅ​ខេត្តស្ទឹងត្រែង​ចំនួន​៥​គ្រឿង សរុប​ចំនួន​១០​គ្រឿង ។

ដូច្នេះ​ យើង​មាន​ទាំងអស់​ចំនួន​១២០​គ្រឿង​សម្រាប់​ការ​ជូន​ដំណើរ​ប្រជាពលរដ្ឋ​របស់​យើងចេញ​ទៅ​ចូល​ឆ្នាំ​ហើយនឹង​ត្រឡប់​ចូល​រាជធានី​ភ្នំពេញ​វិញ ។ ពួក​គាត់​អាច​ធ្វើ​ដំណើរ​ជ្រើសរើស​តាម​ផ្លូវ​នេះ ។ ដូច្នេះ​ខ្ញុំ​គិត​ថា ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ប្រជាជន​យើង​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ​» ៕

អត្ថបទសរសេរ ដោយ