ប្រទេសវៀតណាម៖ យោងតាមគេហទំព័រ Vietnamnet បានឲ្យដឹងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ កន្លងមកថា អ្នកស្រី Nguyen Xuan Huong ដែលជាប្រធានក្រុមហ៊ុន TMS Homes បាននិយាយថា វិស័យអចលនទ្រព្យប្រទេសវៀតណាមកំពុងតែស្វាគមន៍ការវិនិយោគជាច្រើនពីអាជីវកម្មជប៉ុន ។
អ្នកស្រីបានមានប្រសាសន៍ដូច្នេះក្នុងបទសម្ភាសន៍មួយជាមួយនឹងភ្នាកងារសារព័ត៌មានវៀតណាមមុនពេលចូលរួមសិក្ខាសាលាលើកតម្កើងការវិនិយោគរបស់ TMS Group ដែលជាក្រុមហ៊ុនធំរបស់ TMS Homes ។ កម្មវិធីទាំងនេះមានគោលដៅស្វែងរកដៃគូសម្រាប់គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនខាងលើក្នុងប្រទេសវៀតណាម ។
អ្នកស្រី Huong បានបន្តថា TMS Group បានជ្រើសរើសជប៉ុនជាទីតាំងដំបូងសម្រាប់កម្មវិធីនេះព្រោះប្រទេសជប៉ុនស្ថិតក្នុងចំណោមដៃគូសេដ្ឋកិច្ចដែលសំខាន់ជាងគេរបស់វៀតណាម។
ប្រទេសជប៉ុនគឺជាវិនិយោគិនធំជាងគេលេខពីររបស់ប្រទេសវៀតណាម ដែលបានវិនិយោគលើគម្រោងប្រមាណជោត ៤ពាក់គម្រោងដែលមានតម្លៃសរុប ៥៥.៤ប៊ីលានដុល្លារ ។
ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខបីក្នុងចំណោមប្រភពភ្ញៀវទេសចរបរទេសធំៗរបស់វៀតណាមផងដែរ ដែលមានភ្ញៀវទេសចរប្រមាណ ៨០០,០០០នាក់ធ្វើដំណើរទៅកាន់វៀតណាមកាលពីឆ្នាំ ២០១៧ និងជាដៃគូពាណិជ្ជកម្មធំជាងគេលេខ៤ដែលមានការធ្វើពាណិជ្ជកម្មកើនដល់ ៣៣.៥ប៊ីលានដុល្លារក្នុងឆ្នាំតែមួយ។
អ្នកស្រីបានបន្តទៀតថា ខណៈដែលប្រទេសវៀតណាមកំពុងតែទាក់ទាញការវិនិយោគជាច្រើនក្នុងវិស័យអចលនទ្រព្យពីប្រទេសជប៉ុន TMS Group មានគោលបំណង់ចាប់យកឱកាសនេះដើម្បីស្វែងរកដៃគូដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យរបស់ពួកគេ។
អ្នកស្រីបានបន្ថែមថា ក្រុមហ៊ុនក៏មានបទពិសោធន៍ច្រើនជាង ១៥ឆ្នាំដែរក្នុងការធ្វើការជាមួយនឹងដៃគូជប៉ុនក្នុងផ្នែកផ្គត់ផ្គង់ធនធានមនុស្ស ដែលជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ឲ្យពួកគេជំរុញដល់ការសហការក្នុងវិស័យអចលនទ្រព្យ ។ ក្រៅពីអចលនទ្រពហយ TMS Group ក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងអាជីវកម្មជប៉ុនក្នុងវិស័យការហ្វឹកហាត់ក្នុងផ្នែកអប់រំ និងសុខាភិបាលផងដែរ ៕
ចែករំលែកព័តមាននេះ