ប្រទេសថៃ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី៤ មេសា កន្លងមកបានឲ្យដឹងថា អំណាចទឹកប្រាក់ក្នុងទីផ្សារខុនដូទីក្រុងបាងកកក្នុងរយៈពេល២ឆ្នាំមកនេះបានធ្លាក់ចុះព្រោះអតិថិជននៅព្រួយបារម្ភពីស្ថានការសេដ្ឋកិច្ចក្នុងរយៈពេលវែងទៅមុខទៀត រួមជាមួយនឹងការរឹតបន្តឹងដំណើរការផ្តល់ប្រាក់កម្ចីពីធនាគារ ។ អតិថិជនមួយចំនួនបានពន្យាពេលក្នុងការទិញខុនដូ ខណៈដែលខ្លះទៀតមិនមានសមត្ថភាពក្នុងការទិញព្រោះពួកគេមិនអាចទទួលបានប្រាក់កម្ចីពីធនាគារ។
ប៉ុន្តែក្រុមហ៊ុនអចលនទ្រព្យដែលបានចាប់ផ្តើមសារសង់ខុនដូមិនអាចបញ្ឈប់ការសាងសង់ព្រោះតែការលក់មានការអន់ថយទេ ។ បច្ចុប្បន្ននេះទីផ្សារទីក្រុងបាងកកមានខុនដូលក់មិនទាន់ចេញប្រមាណ ២៨,០០០យូនីត ដែលក្នុងនោះមានប្រមាណ ៨,៣០០បានសម្រេចការសាងសង់រួចទៅហើយ ។ ប្រមាណ ៥៧%នៃខុនដូដែលសម្រេចការសាងសង់និងលក់មិនទាន់ចេញមានតម្លៃទាបជាង៩៤,០០០ដុល្លារ ខណៈដែលមាន ៣៣%ទៀតមានតម្លៃរវាងពី៦២,០០០ដុល្លារទៅ ៩៤,០០០ដុល្លារ ។
តំបន់ដែលនៅបណ្តាយផ្លូវ Skhumvit មានខុនដូដែលសម្រេចការសាងសង់និងលក់មិនទាន់ចេញជាច្រើន ប៉ុន្តែតម្លៃនៅមានកម្រិតខ្ពស់ដដែល ដោយមានប្រមាណ ៨៦%មានតម្លៃចាប់ពី៦២០០ដុល្លារក្នុងមួយម៉ែត្រការេ ។ តំបន់តាមបណ្តាយខ្សែពណ៌ខៀវ ឬផ្លូវ Charan Sanitwong និង Phetkasaem ក៏មានខុនដូដែលសម្រេចការសាងសង់និងលក់មិនទាន់ចេញច្រើនដែរព្រោះភាគច្រើនមកពីមានតម្លៃលក់ខ្ពស់ពេកបើធៀបនឹងគម្រោងដទៃក្នុងតំបន់ និងព្រោះតែការសាងសង់ផ្លូវរថភ្លើងអាកាសដែលត្រូវការរយៈពេលយូរ ។
ខុនដូភាគច្រើនដែលនៅក្នុងតំបន់នេះមានតម្លៃរវាងពី ៦២,០០០ដុល្លារទៅ ៩៤,០០០ដុល្លារក្នុងមួយយូនីត ។ តំបន់តាមបណ្តោយខ្សែពណ៌ស្វាយ ឬតាមផ្លូវ Krungthep-Nonthaburi មានខុនដូលក់មិនទាន់ចេញប្រមាណ៩៩០យូនីត ដែលភាគច្រើនស្ថិតក្នុងគម្រោងដែលត្រូវបានចូលក្នុងទីផ្សារក្នុងឆ្នាំ ២០១៤ និង២០១៥ ។
ទីផ្សារខុនដូទាំងមូលក្នុងឆ្នាំនេះនឹងមានការអន់ថយជាងឆ្នាំមុនព្រោះក្រុមហ៊ុនអចលនទ្រព្យកំពុងព្យាយាមលក់ខុនដូដែលនៅសល់ចេញ ខណៈដែលទីផ្សារកំពុងតែសម្របខ្លួនទៅនឹងកំណែទម្រង់ច្បាប់ក្នុងការផ្តល់ប្រាក់កម្ចីផងដែរ ៕
ចែករំលែកព័តមាននេះ