ខេត្តព្រៃវែង ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺជាឱកាសដ៏សំខាន់មួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីទោះបីនៅឆ្ងាយពីគ្នាយ៉ាងណាក៏តែងតែត្រឡប់មកជួបជុំក្រុមគ្រួសារនៅស្រុកកំណើតវិញ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់បុព្វការីជនរបស់ខ្លួន ដែលបានបាក់បែកចែកឋានទៅផង និងបានជួបជុំញាតិសាច់សារលោហិតដែលខានជួបគ្នាយូរផង ។
យ៉ាងណាមិញសម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រៃវែងក៏មិនខុសគ្នាដែរ គឺតែងតែប្រារព្ធធ្វើពិធីបុណ្យនេះគ្រប់ៗគ្នា និងជារៀងរាល់ឆ្នាំ ហើយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៩ ដែលនិងខិតចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតនេះ ពួកគាត់បានប្រាប់កោះសន្តិភាពថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចហើយទាំងកម្មវិធីបុណ្យ និងកម្មវិធីជួបជុំបងប្អូន និងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ។
អ្វីដែលសំខាន់ពួកគាត់បានបញ្ជាក់ពីអារម្មណ៌ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំមិនចង់បានអីទេ ចង់បានអោយតែក្រុមគ្រួសារខ្ញុំមានសុខភាពល្អ រកស៊ីមានបាន ហើយប្រទេសជាតិយើងមានភាពជឿនលឿនរីកចម្រើន ។ ហើយម្នាក់ទៀតគាត់និយាយ «មានចង់បានអី ចង់បានថា អោយបងប្អូនធ្វើដំណើរទៅណាមកណា អោយសុខសប្បាយ ហើយគោរពច្បាប់ចរាចរណ៍ពាក់មួកសុវត្ថិភាព ហើយពេលចូលឆ្នាំហ្នឹងអោយទេវតាទាំងអស់ជួយចម្រុងចម្រើនក្រុមគ្រួសារខ្ញុំ ហើយហ្នឹងទូទាំងប្រទេសប្រជាជនទាំងអស់ហ្នឹង អោយបានស្រណុកសប្បាយ រកស៊ីមានបានត្រជាក់ត្រជុំទៅណាជិតឆ្ងាយទេវតាតាមថែរក្សាឆ្នាំថ្មីនេះគ្រប់ក្រុមគ្រួសារទាំងអស់ទូទាំងប្រទេស ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤- ១៥ និង១៦ ខែមេសាខាងមុខនេះ នៅទូទាំងប្រទេសដោយឡែកខេត្តព្រៃវែងអាជ្ញាធរខេត្តក៏បានរៀបចំធ្វើកម្មវិធីសង្ក្រានឆ្នាំថ្មីដ៏ធំមួយផងដែរដែលមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ មេសា ក្រោមប្រធានបទ រួមគ្នា ដើម្បីកម្ពុជារុងរឿង ដោយមានកម្មវិធីកម្សាន្តជាច្រើនប្រភេទដែលទាក់ទងទៅនឹងវប្បធម៌ប្រពៃណីទំនៀមទំលាប់ និងសាសនារបស់ខ្មែរ ៕
ចែករំលែកព័តមាននេះ