ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះ​រក​ឃើញ«មានជំងឺប៉េស្តជ្រូក​អា​ហ្វ្រិកកំពុងផ្ទុះនៅស្រុកអូរយ៉ាដាវ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺប៉េស្ត​អាហ្វ្រិក​ដែលផ្ទុះ​រាលដាល​ឡើង​ខ្លាំង​លើ​សត្វ​ជ្រូក​នៅ​ឯ​ប្រទេស​វៀតណាម​នោះ ពេល​នេះ​ត្រូវ​បាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទឱ្យ​​ដឹង​ថា ជំងឺប៉េស្ត​អាហ្វ្រិក​នេះ​កំពុង​ផ្ទុះ​ឡើង​នៅ​ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ដែល​ជា​​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម…

រាជធានី​ភ្នំពេញ ៖ ជំងឺប៉េស្ត​អាហ្វ្រិក​ដែលផ្ទុះ​រាលដាល​ឡើង​ខ្លាំង​លើ​សត្វ​ជ្រូក​នៅ​ឯ​ប្រទេស​វៀតណាម​នោះ ពេល​នេះ​ត្រូវ​បាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទឱ្យ​​ដឹង​ថា ជំងឺប៉េស្ត​អាហ្វ្រិក​នេះ​កំពុង​ផ្ទុះ​ឡើង​នៅ​ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ដែល​ជា​​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​កំពុង​គំរាមកំហែង​ដល់​ជ្រូក​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​នោះ ។

លោក តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វមាន​ប្រសាសន៍​ថា ជំងឺ​នេះ​ ពិតជា​បាន​ផ្ទុះ​ឡើង​នៅ​ខេត្តរតនគិរី​មែន គឺ​ស្ថិត​នៅ​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ដែល​ករណី​នេះ ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​២២ ខែមីនា​ម្ល៉េះ តែ​ពលរដ្ឋ​មិន​បាន​ចាប់អារម្មណ៍​ថា ​ជា​ជំងឺប៉េស្ត​អាហ្វ្រិក​នោះ​​ទេ ។

លោក​មាន​ប្រសាសន៍​បញ្ជាក់​​ថា «​មុន​ដំបូ​ង​ជ្រូក​របស់​អ្នក​ភូមិ​សោម​កា​និ​ញ ឃុំ​សោមធំ ចាប់ផ្ដើម​ងាប់​ម្ដង​មួយ​ៗ តែ​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច ​ដែល​និយម​ចិញ្ចឹម​ជ្រូក​កណ្តុរដើរ​សី​ុ​តាម​ព្រៃ​គិត​ថា ​ជា​ជំងឺ​​ជ្រូក​ធម្មតា ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ពេក តែ​នៅ​ពេលដែល​ជ្រូក​នៅ​តែ​ងាប់​ជា​បន្តបន្ទាប់ មន្ត្រី​ប្រចាំ​នៅ​ខេត្ត​នោះ​ក៏​បាន​យក​សាច់​ជ្រូក​មក​ពិនិត្យ​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​ថា​ជ្រូក​ដែល​ងាប់​នៅ​តំបន់​នោះ គឺ​ផ្ទុក​ជំងឺប៉េស្ត​អាហ្វ្រិក​»​។

លោក​អគ្គនាយក​បន្ត​ទៀត​ថា បន្ទាប់​ពី​បានដឹង​ពី​ករណី​នេះ​ហើយ រូប​លោក​ផ្ទាល់​ និង​មន្ត្រីជា​ច្រើន​ក្រុម​ទៀត បាន​ទៅ​ដល់ទី​នោះ​ផ្ទាល់ ហើយ​សុំ​ចរចា​ជាមួយ​ពលរដ្ឋ​ក្នុង​ការ​ទិញ​យកជ្រូក​ ដែល​ពួក​គាត់​ចិញ្ចឹម​ដើម្បី​យក​ទៅ​កម្ទេចចោល ។ រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​បាន​កម្ទេច​ជ្រូក​ចោល​ជាង​៤០០​ក្បាល​ហើយ នៅ​សល់​ជាង​១០០​ក្បាល​ទៀត ត្រូវ​កម្ទេច​ចោលនៅ​ថ្ងៃ​ទី​៤ ​មេ​សា ហើយ​សង្ឃឹមថា​ ជំងឺ​នេះ​នឹង
ត្រូវ​កម្ទេច​ចោល​អស់​នៅ​ថ្ងៃនេះ​ផង​ដែរ ។

លោក​ថ្លែង​ថា «​ក្រៅពី​វិធានការ​នេះ យើងក៏​បាន​រៀបចំ​ទប់ស្កាត់​មិន​ឲ្យ​មានការ​ដឹក​ជញ្ជូនសាច់​ជ្រូក​ចេញ-​ចូល​តំបន់​នោះ​ដែរ និង​ត្រូវ​ទុក​តំបន់​នោះ ​ជា​តំបន់ហាមឃាត់ មិន​ឲ្យ​ចរាចរណ៍សាច់​ជ្រូក​ចេញ​ក្រៅ​ក្នុង​រង្វង់​ប្រមាណ​៣​គីឡូម៉ែត្រ​ជុំវិញ និង​ត្រូវ​តាមដាន​នៅ​តំបន់​ផ្សេង​១០​គីឡូម៉ែត្រ​ជុំវិញ​កន្លែង​កើតហេតុ​ផង​ដែរ​» ។

លោក​អគ្គនាយក​បន្ថែម​ថា ជា​ជំហាន​ដំបូង លោក​សន្និដ្ឋាន​ថា ជំងឺ​នេះ​ឆ្លង​មក​ដល់​ជ្រូក​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ការ​ចល័ត​ដឹក​បន្លែ​ និង​សាច់​របស់​អាជីវករ​វៀតណាម ​ចូល​មក​លក់​នៅ​ក្នុង​ទឹកដី​កម្ពុជា ពី​ព្រោះ​តំបន់​នោះ ​មិនមែន​ជា​តំបន់​មាន​ច្រក​នាំ​ចូល​នោះ​ទេ ។ ច្រក​នាំ​ចូល​សំខាន់​ៗ​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា មាន​តែ​៣​ទេ​គឺ នៅ​ខេត្តតាកែវ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង ដោយឡែក​ច្រក​ផ្សេង​ទៀត គ្រាន់
តែ​ជា​ច្រក​ដែល​អាជីវករ​ចេញចូល​លក់​បន្លែ​និង​សាច់​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា ក្នុង​ករណី​នេះ វា​នឹង​អាចធ្វើ​ឲ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ចុះ ខណៈ​បច្ចុប្បន្នតម្លៃ​ជ្រូក​កម្ពុជា​មាន​ហាងឆេង​ខ្ពស់ គួរ​ជាទី​ពេញចិត្ត​ពី​កសិករ​ និង​អ្នក​ចិញ្ចឹម​ទៅ​ហើយ ។ លោក​ថា «​ពេល​នេះ ​តម្លៃ​ជ្រូក​ក្នុងស្រុក​យើង ស្ថិត​នៅ​ក្នុង​រង្វង់​ប្រមាណ​ជាង​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ជា​តម្លៃ​មួយ​ខ្ពស់​និង​កម្រ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជាបាន​បញ្ជាក់​ថា ជំងឺប៉េស្ត​អាហ្វ្រិកនេះ ជា​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​ជ្រូក​ទៅ​សត្វ​ជ្រូក ហើយវា​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ ក៏​ប៉ុន្តែ​ផល​អាក្រក់​របស់​វា​នោះ គឺ​នឹង​ធ្វើ​ឲ្យ​ជ្រូក​ងាប់​ជា​បន្តបន្ទាប់ រហូត​ដល់​អស់ពី​ទ្រុង​ ឬ​កសិដ្ឋាន ។ ដូច្នេះ​ហើយ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ បើ​រក​ឃើញ​ថា​ វា​កើតឡើង​នៅ​តំបន់​ណាមួយ ៕

អត្ថបទសរសេរ ដោយ