ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ខឹង​មន្ត្រី​អត់​បង្ក្រាប​…​មាន​តែ​លួច​ដុត​ចោល​!​?

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទូក​បា​ឡា​ស្មាច់​មួយ​គ្រឿង និង​សាច់​អួន​១​វង់ដែល​ផ្ទុក​ពីលើ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចាក់​សាំង​ដុត​កម្ទេច​ចោល បាន​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច មិន​អាច​យក​ទៅ​ប្រើប្រាស់​វិញ​បាន​ឡើយ​ សង្ស័យ​រឿង​គំនុំ ព្រោះ​អូស​អួន​ប៉ះពាល់​ដល់​អ្នកស្រុក ​ដែល​នេសាទ​តូចតាច​គ្មាន​សមត្ថកិច្ច​ណា​ជួយ​រក​យុត្តិធម៌…

ខេត្តកំពង់ឆ្នាំង ៖ ទូក​បា​ឡា​ស្មាច់​មួយ​គ្រឿង និង​សាច់​អួន​១​វង់ដែល​ផ្ទុក​ពីលើ​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចាក់​សាំង​ដុត​កម្ទេច​ចោល បាន​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច មិន​អាច​យក​ទៅ​ប្រើប្រាស់​វិញ​បាន​ឡើយ​ សង្ស័យ​រឿង​គំនុំ ព្រោះ​អូស​អួន​ប៉ះពាល់​ដល់​អ្នកស្រុក ​ដែល​នេសាទ​តូចតាច​គ្មាន​សមត្ថកិច្ច​ណា​ជួយ​រក​យុត្តិធម៌ ។

ហេតុ​ការណ៍​នេះបាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ មេ​សា នៅ​ចំណុច​បឹង​ឆ្អឹង​ដំរី ស្ថិត​ក្នុង​ភូម​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខណៈ​ម្ចាស់​កាណូត និង​ឧបករណ៍​នេសាទ​ខាងលើ ត្រូវ​បាន​ម្ចាស់ ចត​ទុក​ចោល ហើយ​យក​ត្រី​ចេញ​ទៅ​លក់ ។ ការ​ដុត​កម្ទេច​ចោល​នូវ​កាណូត​បា​ឡា​ស្មាច់ និង​ឧបករណ៍​អួន​ខាងលើ ត្រូវ​បាន​ប្រជា ពលរដ្ឋនិយាយ​ថា ម្ចាស់​វា​តែងតែ​លួច​ប្រ​ព្រឹត្តបទ​ល្មើសអូស​អួន​ចាប់​ត្រីក្នុង​បឹង​ខាងលើ​ ជា​រៀង​រាល់​យប់ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ។

តាម​សេចក្តី​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បានឱ្យ​ដឹង​ថា ម្ចាស់​កាណូត​បា​ឡា​ស្មាច់ និង​អួន​ខាង​លើ​ជា​របស់​ឈ្មោះ ចិន ជា​ជនជាតិ​វៀតណាម​ រស់នៅ​ក្នុងភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ ។ប្រជាពល​រដ្ឋ​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ថា កន្លង​ទៅ ​ឈ្មោះ​ចិនតែងតែ​ធ្វើ​សកម្មភាព​អូស​អួន​នៅ​ចំណុច​បឹង​ឆ្អឹង​ដំរី​ជា​រៀង​រាល់​យប់​ដោយ​ពុំ​មានការ​បង្ក្រាប​ពី​មន្ត្រី​ជំនាញ​ឡើយ ។ ពួក​គាត់​ប្រាប់​ថា មានការ​បើក​ដៃ​ពី​មន្ត្រី​ជ​លផល ដោយ​ឱ្យឈ្មោះ​ចិន ធ្វើការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​អួន​អូស​នៅ​ក្នុង​បឹង​អភិរក្ស​ខាង​លើ​នេះ បើ​ទោះបី​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​យ៉ាងណា​ក្តី ។

ការ​នេសាទ​ដោយ​អូស​អួន​របស់​បុគ្គល​ខាងលើ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​ ដូច​ជា​ការ​ដាក់​មង​សន្ទូច​ជាដើម​ ។ ហេតុនេះ​ហើយ​ សង្ស័យ​ការ​លួច​ដុត​កាណូត​និង​អួន​ខាងលើ គឺជា​ករណី​គំនុំ​របស់​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ការ​អូស​អួន ដាច់​មង ដាច់​សន្ទូច​របស់​ប្រជាពលរដ្ឋ ញឹកញាប់​ពេក​នេះ​ហើយ​ទើប​កើតជា​កំហឹង​លួច​ដុត​ឧបករណ៍​ល្មើស​នេះ​តែ​ម្តង ។ យ៉ាងនេះ​ ក្តី​ការ​លួច​ដុត​បំផ្លាញ ឧបករណ៍ នេសាទ​ខាងលើ គឺជា​បទល្មើស ព្រោះ​បាន​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ បើ​ទោះបី​ឧបករណ៍​ទាំងនោះ ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ខុស​និង​ច្បាប់​ក៏​ពិតមែន ។

ប៉ុន្តែ​ការ​លួច​ដុត​ឧបករណ៍​ល្មើសច្បាប់​បែប​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ទៅ​វិញ​ទេ ព្រោះ​បទ​ល្មើស​អូស​អួន ​ក្នុង​បឹង​អភិរក្ស​បែប​នេះ វា​បាន​បំ​ផា្ល​ញ​មេ​ពូជ​ត្រី​ដែល​គេ​ថែរក្សា​ទុក​សម្រាប់​ពង​កូន​បន្ត​ពូជពង្ស​មច្ឆជាតិ​តទៅ​ទៀត ។

ជុំវិញ​ព័ត៌មាន​នេះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ក៏​សូម​មេត្តា​ជួយ​ទៅ​ពិនិត្យ​មើល​ផង កុំអោយ​កូនចៅ​ថ្នាក់​ក្រោម​លួច​បើកដៃ​ឱ្យ​មាន​បទល្មើស​កើតឡើង​បែប​នេះ​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកស្រុក​ក្តៅក្រហាយ​ខឹង​ទាំង​មន្ត្រី ខឹង​ទាំង​អ្នកនេសាទ​ដែល​មាន​ខ្នង ៕

អត្ថបទសរសេរ ដោយ