មិនមានបំណងលុបទន្លេបាសាក់…ដូចតាមបណ្តាញសង្គមបានផ្ទុះឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រតិកម្មនានាតាមបណ្តាញសង្គមបានផ្ទុះឡើង ដូចទឹកបាក់ទំនប់ បន្ទាប់ពីឃើញមានការចាក់ដីចូលទន្លេបាសាក់ ក្រោមស្ពានឆ្លងទៅកោះពេជ្រ ដែលធ្វើឱ្យទន្លេដ៏ធំមួយនេះ ក្លាយជាកូនអូរ។ ដោយសារតែផ្ទុះប្រតិកម្មក្អែកមួយជាក្អែកដប់តៗគ្នា ព្រោះតែមិនដឹងពីផែនការរបស់អាជ្ញាធរនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីរាត្រីថ្ងៃទី២ ខែមេសា បានដឹកនាំក្រុមមន្ត្រីជំនាញនិងអាជ្ញាធរដែន
ដី ទៅពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការចាក់ដីទៅក្នុងទន្លេបាសាក់ ។ ការចាក់ដីទៅក្នុងទន្លេនេះ ក្នុងបំណងតែមួយគត់ គឺដើម្បីធ្វើការអភិវឌ្ឍច្រាំងទន្លេឱ្យមានសោភ័ណភាព ខណៈដែលច្រាំងទន្លេខាងលើ នឹងត្រូវសាងសង់ជាផ្លូវថ្មើរជើងអមសងខាង ព្រមទាំងធ្វើអាងចម្រោះទឹកស្អុយ ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅកន្លែងចាក់ដី ដែលបង្កឱ្យមានប្រតិកម្មនានានោះលោកឃួង ស្រេង បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមិនមានបំណងលុបទន្លេបាសាក់ដូចការរិះគន់របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួននោះឡើយ ។ ការចាក់ដីលុបនេះ គឺជាការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយសារតែទន្លេបាសាក់នេះទទួលរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអគារខ្ពស់ៗ និងផ្ទះប្រជាពលរដ្ឋរស់នៅសងខាងទន្លេ ។ ដូច្នេះដើម្បីការពារបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើអាងចម្រោះទឹកស្អុយ ដោយបំពាក់ម៉ាស៊ីនបូមទឹកកខ្វក់នេះទម្លាក់ទៅប្រឡាយបឹងត្របែក ។

លោកអភិបាលរាជធានីភ្នំពេញសង្កត់ធ្ងន់ថា «ការចាក់ដីនេះគឺជាការសាងសង់អាងចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនជាការចាក់លុបដីរបស់ឈ្មួញណានោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ» ។ លោកបន្តថា ចំពោះការចាក់ដីលុបនេះ នៅពេលដែលការដ្ឋានចាប់ផ្តើមស្ថាបនាអាងចម្រោះទឹកស្អុយរួចរាល់នោះ នឹងកាយដីដែលបានចាក់ចេញនេះវិញ ។ គម្រោងនេះក៏មានការសង់ច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មើរជើងចាប់ពីកោះពេជ្ររហូតដល់ស្ពានអាកាសក្បាលថ្នល់ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ដែលមានអគារសំណង់ខុនដូខ្ពស់ៗនៅអមសងខាងទន្លេ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីការចាក់ដីចូលក្នុងទន្លេបាសាក់(ទន្លេតូច) ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋទូទៅមានការភ័ន្តច្រឡំ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា ការចាក់បំពេញដីនេះគឺក្នុងបំណងកែលម្អច្រាំងទន្លេបាសាក់ ឲ្យច្រាំងខាងលិចស្របនឹងច្រាំងខាងកើត ដើម្បីធានាបាននូវសោភ័ណភាពល្អឈានទៅកែប្រែផ្លូវថ្មើរជើងចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រទៅដល់គល់ស្ពានព្រះមុនីវង្ស ហៅស្ពានច្បារអំពៅ ។ អាជ្ញាធរក៏បានបង្ហាញគំនូសប្លង់ភ្ជាប់មកជាមួយផងដែរ ។

និយាយពិតទៅ ការបង្កឱ្យមានប្រតិកម្មរិះគន់នានានោះ ដោយសារតែការដ្ឋានចាក់ដីនោះមិនមានការលើកប៉ាណូបង្ហាញប្លង់នៃការសាងសង់ទើបសាធារណជនមិនបានដឹង លុះឃើញការចាក់ដីទៅក្នុងទន្លេក៏មានការភ្ញាក់ផ្អើលតែម្តង ៕







ចែករំលែកព័តមាននេះ