ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អន ជំរុញ​មន្ត្រី​ពង្រឹង​ច្បាប់ និង​ទប់ស្កាត់​អំពើ​ពុក​រលួយ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​លោកស្រី​ម៉ែ​ន សំ​អន បាន​ជំរុញ​ដល់​មន្ដ្រី​អធិការកិច្ច​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សំដៅ​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ ព្រោះ​អំពើ​ពុក​រលួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរ ណាស់​ដល់​ប្រទេស​ជាតិ ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​សម្រាប់​អនុវត្ដ​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មន្ដ្រី​អធិការកិច្ច​ទាំងអស់​ត្រូវ​បន្ដ​អនុវត្ត​តាម​ស្ថាប័ន និង​អង្គភាព​នានា​ជា​ប្រចាំ​ដែល​នេះ​ជា​ភារកិច្ច​ដ៏​សំខាន់​ទាក់ទង​នឹង​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​សំដៅ​ធានា​ប្រឆាំង​អំពើ​ពុក​រលួយ​ការ​រំ លោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា​នៅ​ក្នុង​ជួរ​រដ្ឋបាល​សាធារណៈ ក៏​ដូច​ជា​ផ្នែក មិនមែន​រដ្ឋ ដើម្បី​ធានា​ការ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ថវិកា និង​ទ្រព្យសម្បត្តិ​រដ្ឋ ការពារ​សុវត្ថិភាព សាធារណៈ និង​ការពារ​សិទ្ធ​របស់​ប្រជាពលរដ្ឋ ។

លោកស្រី​បញ្ជាក់​ថា « ថ្ងៃនេះ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធិ​សភាព និង​អធិការកិច្ច បាន​បើក​សន្និបាត​នេះ​មាន​គោលបំណង​ត្រួតពិនិត្យ​វាយតម្លៃ និង​បូក​សរុប​លទ្ធផល​ការងារ​ដែល​ក្រសួង​បាន​សម្រេច​ក្នុង​ឆ្នាំ​២០១៨ កន្លង​មក និង​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ទិស​ដៅ​ថ្មី​ៗ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​បំពេញការងារ​ជូន​រាជរដ្ឋាភិបាល និង​បម្រើប្រជាជន​លើ​វិស័យ​ការងារ​ទំនាក់ទំនង​សម្របសម្រួល​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា ការងារ​ផ្សព្វផ្សាយ​ច្បាប់ ការងារ​អធិការកិច្ច ការ​ទទួល និង​ដោះស្រាយ​បណ្តឹង​នានា​សំដៅ​រួមចំណែក​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​ជា​ឧត្តម​ប្រយោជន៍​របស់​សង្គម​ជាតិ​ទាំងមូល​» ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ម៉ែ​ន សំ​អន បាន​ជំរុញ​ឲ្យ​មន្ដ្រី​អធិការកិច្ច​ត្រូវ​បន្ដ​តាមដាន​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​អំពើ​ពុក​រលួយ​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ការ​រំលោភ​បំពាន​ដោយ​ប្រើ​អំណាច​បម្រើ​ប្រយោជន៍​បុគ្គល និង​បក្សពួក​គ្រួសារ និង​ការពារ​សិទ្ធ​របស់​ពលរដ្ឋ ពិសេស បាន​ផ្តោត​ទៅ​លើ​មធ្យោបាយ​ជា​សារ​វ​ន្ត័​ចំនួន​៣ គឺ ការ​អប់រំ បង្ការ​ទប់ស្កាត់​ជា​មុន ការ​អនុវត្ត ច្បាប់ និង​ការ​ចូលរួម​ពី​មហាជន ។

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​បញ្ជាក់​ថា ឆ្លង​តាម​រយៈ​សន្និបាត​នេះ​មន្ដ្រី​អធិការកិច្ច​ទាំងអស់​ត្រូវ​អនុវត្ដ និង​គោរព​លោក​ការ​ធំ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ជាទី​១- ត្រូវ​ពង្រឹង​ប្រសិទ្ធិ​ភាព កិច្ចការ​ទំនាក់​ទំ​ង​ជាមួយ​រដ្ឋសភា -​ព្រឹទ្ធសភា និង​ផ្សព្វផ្សាយ​ច្បាប់ ។ ទី​២ -​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ ។ ទី​៣- ត្រូវ​ពង្រឹង​ប្រសិទ្ធិ​ភាព កិច្ចការ​អធិការកិច្ច និង​ទទួល​ពាក្យបណ្តឹង​ដោះស្រាយ​ពាក្យបណ្តឹង​ឲ្យ​បាន​ទាន់​ពេលវេលា ។ ទី​៤- ត្រូវ​អភិវឌ្ឍ​ធនធានមនុស្ស​តាម​រយៈ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ។

លោក​បណ្ឌិត​ចាប សុ​ថា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​បាន​លើក​ឡើង​ថា ជា​លទ្ធផល​សកម្មភាព​ការងារ​ក្នុង​ឆ្នាំ​២០១៨ ក្រសួង​បាន​អនុវត្ដ​ការងារ​តាម​ជំនាញ​របស់​ខ្លួន ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៥-២០១៩ ក៏​ដូច​ជា ការ​បន្ត​អនុវត្តន៍​ទៅ​មុខ​ទៀត​ក្នុង​នោះ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា – ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​ចំណែក​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល​ដែល​នឹង​ត្រូវ​អនុម័ត​នា​ពេល​ខាង​មុខ ដើម្បី​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​មាន​កំណត់​នូវ​អាទិភាព​សូចនាករ និង​ក្របខ័ណ្ឌ​ពេលវេលា​ច្បាស់លាស់​សម្រាប់​អនុវត្ត​និង​យន្តការ​សម្រាប់​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ផ្អែក​លើក​លទ្ធផល​ការងារ ព្រមទាំង មាន​កំណត់​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន​ទៅ​តាម​មុំ ឬ​វិស័យ​នីមួយ​ៗ​ឲ្យ​ទទួល​បាន​ជោគជ័យ​ទៅ​តាម​ផែនការ ៕