ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​លុប​បំបាត់​ភាព​មិន​អនុលោម​ច្បាប់​នៃ​លក្ខខណ្ឌ​ការងារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​សហការ​គ្នា​លុប​បំបាត់​ឱ្យ​បាន​ទាំងស្រុង​នូវ​ភាព​មិន​អនុលោម​តាម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ ដើម្បី​លើកកម្ពស់​កិត្តិនាម​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា​សំដៅ​ទាក់ទាញ​ការ​បញ្ជា​ទិញ​កាន់តែ​ច្រើន ពី​ទីផ្សារ​អន្តរជាតិ​ធំ​ៗ​នៅ​ក្នុង​ពិភពលោក ។ នេះបើយោងតាមក្រសួង​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​សហការ​គ្នា​លុប​បំបាត់​ឱ្យ​បាន​ទាំងស្រុង​នូវ​ភាព​មិន​អនុលោម​តាម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ ដើម្បី​លើកកម្ពស់​កិត្តិនាម​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា​សំដៅ​ទាក់ទាញ​ការ​បញ្ជា​ទិញ​កាន់តែ​ច្រើន ពី​ទីផ្សារ​អន្តរជាតិ​ធំ​ៗ​នៅ​ក្នុង​ពិភពលោក ។ នេះបើយោងតាមក្រសួង​ពាណិជ្ជកម្ម ។

ការ​អំពាវនាវ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ស្តី​ពី​ការ​អនុវត្ត​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) កាលពី​រសៀល​ថ្ងៃ​ពុធ ទី​០៣ ខែមេសា ឆ្នាំ​២០១៩ នា​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ដើម្បី​តាមដាន​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​ជុំវិញ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​ឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គាំពារ និង​លើកកម្ពស់​សុខមាលភាព កម្មករនិយោជិត ព្រមទាំង​លក្ខខណ្ឌ​ការងារ សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ជា​ពិសេស​ការ​អនុវត្ត​យុទ្ធសាស្ត្រ​រួម​គ្នា និង​ផែនការ​សកម្មភាព ដែល​មាន​គោលដៅ​ពង្រឹងសមត្ថភាព និង​ភាព​ជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បំពេញការងារ​ត្រួតពិនិត្យ ប្រកបដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ក្រុមការងារ​ត្រួតពិនិត្យ​ចម្រុះ​ដែល​មាន​សមាសភាព​មន្ត្រី​មក​ពី​ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បាន​សកម្ម​ក្នុង​ការ​ចុះ​តាមដាន និង​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ នៅ​តាម​រោងចក្រ​កាត់ដេរ​ដែល​ចូលរួម​កម្មវិធី ILO-BFC ដើម្បី​ធានា​ឱ្យ​មានការ​អនុលោម​បទបញ្ញត្តិ​ត្រឹមត្រូវ ហើយ​ជា​លទ្ធផល​បាន​ជួយ​ឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​គោលដៅ សម្រាប់​ការ​បញ្ជា​ទិញ​ពី​ទីផ្សារ​អន្តរជាតិ ។

បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ របស់​កម្មវិធី ILO-BFC ដែល​បាន​ធ្វើការ​អង្កេត​ទៅ​លើ​ប្រតិបត្តិការ​រោងចក្រ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ថា ភាព​អនុលោម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​គួរ​ឱ្យ​កត់សម្គាល់ ចំណែកឯ​ពលកម្ម​កុមារ​នៅ​ក្នុង​វិស័យ​នេះ​ក៏​បាន​ថយ​ចុះ​ស្ទើរតែ​ពុំ​មាន​កាលពី​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ