នាពេលកន្លងមក យើងដឹងថាក្រុមហ៊ុនរថយន្ត Audi កំពុងរៀបចំផែនការផលិតរថយន្តអគ្គិសនីឱ្យបានច្រើននៅពេលអនាគត ដោយសារតែគេបានប្រកាសរួចមកហើយថា នឹងចេញក់រថយន្តអគ្គិសនី ១២ម៉ូដែលនៅត្រឹមឆ្នាំ២០២៥។
យោងតាមទស្សនាវដ្តីរថយន្ត Automobile Magazine យើងអាចរំពឹងថានឹងឃើញរថយន្តអគ្គិសនីសេរ៊ី E-Tron នៅស្ទើរតែគ្រប់ម៉ូដែលរបស់រថយន្ត Audi។ ក្រៅពីការផលិតរថយន្ត SUV ប្រើប្រាស់អគ្គិសនី គេក៏គ្រោងនឹងចេញម៉ូដរថយន្តអគ្គិសនីស្ព័រហៅថា E-Tron GT ដែលជាគូប្រជែងនឹងរថយន្ត Tesla Model S។

នៅឆ្នាំ២០២១ Audi ក៏មិនបានបង្ហាញពីភាពមិនទាន់ចាប់ផ្តើមរបស់ខ្លួនដែរ។ តាមរបាយការណ៍មួយបានឱ្យដឹងថា គេនឹងផលិតរថយន្ត E-Tron GT ឱ្យរួចរាល់ ដើម្បីចេញឱ្យទាន់ពេលជាមួយនឹង Porsche Taycan Sport Turismo ក៏ដូចជា Q2 E-Tron និង Q4 E-Tron ដែលបច្ចុប្បន្នបានបញ្ចេញជាម៉ូដែល Concept នៅក្នុងកម្មវិធីបង្ហាញរថយន្ត Geneva Motor Show ឆ្នាំ២០១៩។
នៅឆ្នាំបន្ទាប់ពី ២០២១ គេនឹងចេញរថយន្ត Audi Q5 E-Tron ដែលនឹងយកមកដល់កន្លែងដាក់តាំងលក់តែម្តង។ ក្រោយមកនៅឆ្នាំ២០២៣ គេនឹងចេញម៉ូដែលមួយប្រភេទទៀត ដែលជាប្រភេទ Hypercar Concept។ ចំពោះម៉ូដែលផ្សេងៗទៀត ដែលនឹងចេញមុខនៅឆ្នាំ២០២៣ មានដូចជា Q6 E-Tron, Q7 E-Tron និង Q9 E-Tron ដែលនឹងមានទំហំស្រដៀងទៅនឹង Audi Q8។

បន្ទាប់ពីម៉ូដែលទាំងនេះដាក់បង្ហាញមុខ ក្រុមហ៊ុនរថយន្ត Audi នឹងចេញម៉ូដែលរថយន្ត A4 E-Tron ដែលជាគូប្រជែងជាមួយនឹង Tesla Model 3 និង រថយន្ត A6 E-Tron និង A8 E-Tron។ បើសិនជារបាយការណ៍នេះត្រឹមត្រូវ យើងអាចមើលឃើញថា សង្គ្រាមរវាង Audi និង Tesla នឹងកើតឡើងនៅក្នុងពេលឆាប់ៗប៉ុន្មានឆ្នាំខាងមុខនេះ។ តែយើងគួរតែចាំដែរថា ម៉ូដែលជាច្រើនដែលរៀបរាប់ខាងលើ មិនទាន់បញ្ជាក់ឱ្យច្បាស់លាស់ពីក្រុមហ៊ុន Audi ជាផ្លូវការនៅឡើយទេ៕
ចែករំលែកព័តមាននេះ