ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ៖ «​រឿង​ឡានបុក​និស្សិត​ម្នាក់​​ស្លាប់ត្រូវ​តែ​តាម​រក​ឱ្យ​​ឃើញ​​…»

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​តាម​ចាប់​អ្នក​បើករថយន្ត​បុក​និស្សិត​​​ស្រី​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី​២៦ មីនា​ កន្លង​មក ។ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់
​គរុ​សិស្ស គរុ​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៧-២០១៨ សរុប​ចំនួន​១.៩១៨​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖ «​រឿង​រថយន្ត​បុក​និស្សិត​ម្នាក់​ស្លាប់ ត្រូវ​តែ​តាម​រក​ឱ្យ​​ឃើញ​។ ករណី​នេះ​ បណ្តាល​មក​ពី​អី គឺ​បណ្តាល​មក​ពី​អត់​គុណធម៌​ហ្នឹងឯង​» ។

សម្តេច​តេ​ជោ​ថ្លែង​ថា «​បើ​អ្នក​ជិះ​ម៉ូតូ​យឺត​ប៉ុនណា ក៏​គង់តែ​លឿន​ជាងកង់​ដែរ ហើយ​លឿនជាង​អ្នក​ដើរ​ដែរ លើកលែងតែ​ឡាន​និង​ម៉ូតូ តែ​ម៉ូតូ​ខ្លះ​បាន​វ៉ា​ឡាន​ម៉ា​សេរី ប៉ុន្តែ​គេច​ចុះ​គេច​ឡើង​បុក​ផូង​នៅ​ក្រោម​ឡាន​បាត់ រឿង​ហ្នឹង​គឺ​អុ​ី​ចឹ​ង​» ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ច្រើន​ជាង​សម័យ​សង្គ្រាម​ទៅ​ទៀត ។ សម័យ​សង្គ្រាម​មាន​ថ្ងៃ​ខ្លះ ​អត់​មានការ​ប្រយុទ្ធ តែ​មាន អ្នក​ស្លាប់ និង​របួស​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ក្រោយ​ការ​រ​ប្រយុទ្ធ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖ «​ស្រុក​ខ្មែរ​បច្ចុប្បន្ន ថ្ងៃ​ណា​ក៏​មាន​ស្លាប់ និង​របួស ជា​ធ​ម្យ​ម​មាន​៧​នាក់​ក្នុង​មួយ​ថ្ងៃ​គិត​ជា​មធ្យម ។ អុ​ី​ចឹ​ង​ច្រើន​ជា​សម័យ​សង្គ្រាម​ទៅ​ទៀត អី​ុ​ចឹ​ង​ត្រូវ​យកចិត្តទុកដាក់​»​។ ជាមួយ​គ្នា​នេះ ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ ជំហាន​ដំបូង​គប្បី​ត្រូវ​និយាយ​ពី​បញ្ហាគោរព​ច្បាប់​ចរាចរណ៍ទាក់​ទង​នឹង​ការ​មិន​ប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​សីលធម៌ ។ រឿងទាំង​អស់នេះ​គឺជា​រឿង​ដែល​យើង​ត្រូវ​​ដោះ​ស្រាយ​។

សូម​រំឭក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​កន្លង​ទៅ យុវតី​ជា​និស្សិត​ម្នាក់​បាន​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក រ៉េ​ន រ៉ូ​វើ​រ ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បុក​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​យុវតី​រូប​នេះ​ជិះ​ម៉ូតូ​ចេញពី​សាលារៀន ។ ហេតុការណ៍​ខាងលើ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជុំវិញ​មរណភាព​យុវតី​រូប​នេះ។ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AF-៧៧៧៧ ដែល​បើក​ឆ្លងកាត់​ផ្លូវបំបែក​ជា​៤​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ បានបុក​ម៉ូត​គុប​ជ្រុង​មួយ​គ្រឿង​បណ្តាល​ឲ្យ​យុវតី​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​៤​នៅ​សាកលវិទ្យាល័យ​ផា​រ៉ាហ្ក​ន ស្លាប់​ភា្ល​ម ។

ក្រោយ​កើតហេតុ រថយន្ត​ត្រូវ​បាន​បើក​រត់គេច​បាត់​ស្រមោល តែ​ក្រោយមក​ត្រូវ​បាន​ប្រជា​ការពារ​សង្កាត់​ស្ទឹង​មាន​ជ័យទី​១ ​ប្រទះ​ឃើញ​កំពុងឱ្យ​រថយន្ត​សណ្តោង​បម្រុង​រត់គេច​ខ្លួន​បន្ត​ទៀត ។ ទោះជា​យ៉ាងណា ប្រជា​ការពារ​បាន​ទាក់ទង ​ហៅ​សមត្ថកិច្ច​ឲ្យ​មក​ស្ទាក់​ចាប់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​១១​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមីនា នៅ​ខាង​មុខ​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ ឯក វុ​ទ្ធី តាម​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​ប្រជា​ការពារ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១បាន​ឲ្យ​ដឹង​ថា ខណៈ​គាត់​ជិះ​ម៉ូតូ​ល្បាត​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាករ៉េ​ន រ៉ូ​វើ​រ ពណ៌​ខ្មៅ មាន​ស្នាម​បែក​កញ្ចក់​និង​កាង​មុខ​ចំហៀង​ខាងស្តាំ ថែម​ទាំង​យក​ក្រដាស​កាសែត​បិទ​ពីលើ​ផ្លា​ក​លេខ​រថយន្ត កំពុង​​​ឈប់​ចត និង​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ជា​ប្រភេទ​រថយន្ត​ស៊ីឈ្នួល​សណ្តោង​ឯកជន កំពុង​រៀបចំ​សណ្តោង​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​ចេញពី​កន្លែង​កើតហេតុ ។

ដោយ​មានការ​សង្ស័យ​ទៅ​លើ​រថយន្ត​ស៊េរី​ទំនើ​ប​នេះ គាត់​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋា​ន​ឲ្យ​ចុះ​មក​ត្រួតពិនិត្យ​ភ្លាម​ៗ​ង ។ បន្ទាប់​មក សមត្ថកិច្ច​បាន​បក​ក្រដាស​កាសែត​ចេញពី​ផ្លា​កលេខ ទើប​ដឹង​ថា​រថយន្ត​នោះ​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF-៧៧៧៧ ជា​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​យ​វ​តី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ខណ្ឌទួលគោក រួច​បើក​គេចខ្លួន ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក ។

តាម​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ស៊ីឈ្នួល​សណ្តោង ប្រាប់​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា​​នោះ មាន​បុរស​ម្នាក់​ទូរស័ព្ទ​មក​រក​គាត់​ឲ្យ​ទៅ​សណ្តោង​រថយន្ត​មួយ​គ្រឿង​ដែល​ខូច​នៅ​ចំណុច​ខាងលើ ដើម្បី​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ពេល​នោះ គាត់​ក៏​បើករថយន្ត​សណ្តោង​ទៅកន្លែង​កើតហេតុ ឃើញ​បុរស​ម្នាក់​បើករថយន្ត​ខាងលើ​ចេញ​មក​ពី​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ ឯក វុ​ទ្ធី តែ​មិន​ទាន់​បាន​សណ្តោង​ផង ក៏​ស្រាប់តែ​មាន​កម្លាំង​សមត្ថ​កិច្ច​ចុះ​មក​ឃាត់​តែ​ម្តង​។ ចំណែកឯ​បុរស​ម្នាក់​ដែល​បើករថយន្ត​នោះ​ចេញ​មក ក៏​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ទៅ បន្ទាប់​ពី​ឃើញ​សមត្ថកិច្ច ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​កន្លង​ទៅ រថយន្ត​ខាងលើ​បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក គុប​ជ្រុង ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កណ្តាល ១ J-៥២៥៤ បណ្តាល​ឲ្យ​យុវតី​ម្នាក់​ឈ្មោះ ឌុំ រី​ដា អាយុ​២៤​ឆ្នាំ ជា​និស្សិត​ជាប់​អាហារូបករណ៍​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្ក​ន មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មា​ក់ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ ត្រង់​ចំណុច​កែង​រវាងផ្លូវ​លេខ​៣១៧​និង​ផ្លូវ​លេខ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គោក ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​នេះ រថយន្ត​ខាងលើ​ក៏​បើក​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​ប្រទះ​ឃើញ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​ស្ទូច​យក​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត ។ ចំណែក​សព​យុវតី​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយ​ការ​មាន​ប្រតិកម្ម​នានា​សម្រាប់​លេខ​រថយន្ត​ដែល​ថត​បាន​តាម​កាមេរ៉ា​សុវត្ថិភាព ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ជា​រថយន្ត​របស់​លោក​ផ្កាយ​មួយ សេង ពិទូរ្យ ដែល​ពេល​នេះ​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​រុ​ស្ស៊ី ។ ប៉ុន្តែ​តាម​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ករប​ស់លោក សេង ពិទូរ្យ ភ្លាម​ៗ​បង្ហាញ​ថា លោក​បាន​លក់​រថយន្ត​នេះ​៣​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​បាន​កាត់ឈ្មោះ ។

តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា លោកវរសេនីយ៍ឯក សែ​ម គ​ន្ធា នាយការិយាល័យ​នគរបាល​ចរា​ចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​ថ្លែង ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក ទាក់ទិន​ទៅ​នឹង​ម្ចាស់​រថយន្ត រ៉េ​ន រ៉ូ​វើ​រ ពាក់​ផ្លា​ក​លេខ ២AF-៧៧៧៧ គឺ​ឈ្មោះ យិ​ន ហ្គិ​ច បាន​ចូល​បំភ្លឺ​នៅការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ហើយ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា បន្ទាប់​ពី​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ​ជុំវិញ​ករណី​នេះ។ ប៉ុន្តែលោក យិ​ន ហ្គិ​ច មិនមែន​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​និស្សិត​ស្រី​ស្លាប់​នោះ​ទេ តែ​ជា​ឪពុក​របស់​នារី​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បើករថយន្ត​ដែល​មានឈ្មោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក Yin Mana ។

លោក សែ​ម គ​ន្ធា បន្ត​ថា ពេល​នេះ​សមត្ថកិច្ចកំពុង​បន្ត​នីតិវិធី ដោយ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់​លើ​ជន​បង្ក​ខុស​មនុស្ស ។ សមត្ថ​​កិច្ច​បាន​និង​កំពុង​សាកសួរ​ឈ្មោះ យិ​ន ហ្គិ​ច ជា​ឪពុក​យ៉ាង​យកចិត្តទុកដាក់ ។ ប្រភព​ព័ត៌មាន​ជា​ច្រើន​បញ្ជាក់​ថា អត្តសញ្ញាណអ្នក​បើករថយន្ត រ៉េ​ន រ៉ូ​វើ​រ ពាក់​ស្លាក​លេខ ២AF-៧៧៧៧ ដែល​បុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤​ម្នាក់​ស្លាប់ នោះ គឺជា​កូនស្រី​ថៅកែ​សណ្ឋាគារ​ប្រេ​ម​អិ​ចប្រេស​អង្គរ នៅ​ខេត្តសៀមរាប ដែល​មាន​ឪពុក​ឈ្មោះ យិ​ន ហ្គិ​ច ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត
សៀមរាប ហើយ​កូនស្រី​នោះ​ឈ្មោះ យិ​ន ម៉ា​ណា ។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ការ​ចូលខ្លួន​បំភ្លឺ​របស់​លោក យិ​ន ហ្គិ​ច មិន​ត្រូវ​បាន​គេ​ដឹង​ថា តើ​អ្នក​បង្ក​គ្រោះថ្នាក់​នោះ​ជា​នរណា ? តាម​ក្រុមគ្រួសារ​យុវតី​រង​គ្រោះ​នៅ​តែ​ប្រកាន់​ថា ទាមទារ​ឱ្យ​ជន​បង្ក​ចូលខ្លួន​មក​សុំ​ទោស ហើយ​ត្រូវ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ។

តាម​ព័ត៌មាន​ថា លោក យិ​ន ហ្គិ​ច ជា​ម្ចាស់​រថយន្ត​បាន​ផ្ញើ​ប្រាក់​ចូល​បុណ្យ​ចំនួន​៥.០០០​ដុល្លារ​តាម​រយៈ​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​ម្នាក់ ។ នៅ​មានការ​ចូល​បុណ្យ​ពី​ស្ថាប័ន​កាកបាទក្រហម អ្នកសិល្បៈ និង​មិត្តភក្តិ​ជា​ច្រើន​ផង​ដែរ ៕