រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញនៃក្រុមហ៊ុនវិនិយោគ ព្រលានយន្តហោះកម្ពុជា (SCA) បានអះអាងថា បើសិនជាមានការសាងសង់ព្រលានយន្តហោះនៅខេត្តស្ទឹងត្រែង នឹងមានអ្នកដំណើរក្នុងស្រុកច្រើន ដោយសារប្រជាពលរដ្ឋកម្ពុជាធ្វើដំណើរតាមយន្តហោះក្នុងស្រុកកើនឡើង។ ប្រធានផ្នែកបង្កើនជើងហោះហើរនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោក ពេជ្រ សុប៉ុនតារា បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី២៦ ខែមីនានេះថា តាមរបាយការណ៍ក្នុងចំណោមអ្នកដំណើរ តាមផ្លូវអាកាសចំនួន១០លាននាក់នៅឆ្នាំ ២០១៨ កន្លងទៅនេះ គឺមានអ្នកដំណើរជនជាតិខ្មែរចំនួន ២៨ ភាគរយ ដែលបង្ហាញថាការធ្វើដំណើររបស់ប្រជាជនខ្មែរតាមផ្លូវអាកាសកាន់តែច្រើនជាងមុន ខុសពីកាលពីពេលមុនដែលប្រជាជនខ្មែរមានការភ័យខ្លាច មិនសូវហ៊ានធ្វើដំណើរតាមយន្តហោះ។

លោកបន្តថា «ហេតុនេះបើសិនជាមានការសាងសង់ព្រលានយន្តហោះ នៅភូមិភាគឦសាន ចំនួនអ្នកដំណើរតាមផ្លូវអាកាស នឹងកើនឡើងទៅកាន់ខេត្តទាំងនោះ» ។ លោកបន្តថា «បច្ចុប្បន្នការធ្វើដំណើរទៅកាន់ភូមិភាគឦសាន ត្រូវចំណាយពេលស្ទើរពេញមួយថ្ងៃ ដោយសារផ្លូវឆ្ងាយ ទោះជាផ្លូវធ្វើដំណើរស្រួលជាងមុនក្តី » ។ លោកពេជ្រ សុប៉ុនតារាបានបន្តថា ការចំណាយពេលយូរ ធ្វើឲ្យប្រជាជនមិនចង់ធ្វើដំណើរ ប៉ុន្តែបើមានយន្តហោះ គឺចំណាយពេលត្រឹមតែ៤៥នាទី គឺទៅដល់ ហេតុនេះពួកគេនឹងមានពេលវេលាច្រើនក្នុងការដើរកំសាន្ត។
កាលពីសប្តាហ៍មុនសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពិចារណាសាងសង់ព្រលានយន្តហោះនៅភូមិភាគឦសាន ចន្លោះខេត្តរតនគិរី និងមណ្ឌលគិរី ដែលអាចសំដៅដល់ខេត្តស្ទឹងត្រែង ដោយសារខេត្តស្ទឹងត្រែងមានព្រលានយន្តហោះស្រាប់ និងជាទីតាំងសមស្រម ដែលមានការសិក្សានិងផ្តល់អនុសាសន៍ពីធនាគារអភិវឌ្ឈន៍អាស៊ី ហៅកាត់ថា (ADB) ឲ្យរដ្ឋាភិបាលសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះឡើងវិញ។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាធ្លាប់បានមានប្រសាសន៍ គាំទ្រចំពោះការសាងសង់ព្រលានយន្តហោះ ខេត្តស្ទឹងត្រែងឡើងវិញ ដែលលោកស្រីថា វានឹងជំរុញធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍ទៅទស្សនាខេត្តនេះ ក៏ដូចជាបណ្តាខេត្តស្ថិតនៅភូមិភាគឦសានកើនឡើង ដោយសារការធ្វើដំណើរចំណាយពេលតិច មិនខាតពេលវេលា។លោកស្រីបន្តថា «វាមិនត្រឹមជំរុញភ្ញៀវទេសចរណ៍ទេ តែវានឹងធ្វើឲ្យសេដ្ឋកិច្ចនៅបណ្តាខេត្តទាំងនោះកាន់តែរីកចម្រើនផងដែរ» ៕
ចែករំលែកព័តមាននេះ