កម្ពុជា​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​​លឿន​​យ៉ាងតិច​៧​ ដើម្បី​ពង្រឹង​វិស័យ​ភស្តុ​ភា និង​ដឹកជញ្ជូន


រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា ប្រមុខ​ដឹកនាំ​កម្ពុជា​មាន​គម្រោង​សម្រាប់​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន (Express Way) ចំនួន ៦ ខ្សែ ដើម្បី​ត​ភ្ជាប់​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​ជិតខាង ដោយ​មើលឃើញ​ថា​មាន​តែ​ផ្លូវ​ល្បឿន​លឿន ទើប​អាច​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ល្អ​ជាង​ផ្លូវ​ធម្មតា និង​ត្រូវ​បាន​គេ​ចាត់ទុកជា​មូលដ្ឋាន​សម្រាប់​វិស័យ​ឧស្សាហ​កម្ម​ទំនើប​ៗ និង​សកម្មភាព​ដឹក​ជញ្ជូន​ធន់​ធ្ងន់​ផង​ដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជិតខាង គឺ​មាន​ផែនការ​សាងសង់​ផ្លូវ​ល្បឿន​លឿន (Express way Development Plan) យ៉ា​ហោច​ណាស់ ៧ ខ្សែ​—​ដែល​ក្នុង​នោះ (​ខ្សែ​ទី​១) – ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ដែល​មាន​ប្រវែង​ជាង ១៩០ គីឡូម៉ែត្រ​នឹង​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ ២០១៩ ជាមួយនឹង​ចំណាយ​សាងសង់​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ​, (​ខ្សែ​ទី​២) – ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ដែល​គ្រោង​នឹង​សាងសង់​លើ​ចំងាយ​ផ្លូវ​ប្រមាណ​ជាង ១៣៥ គីឡូម៉ែត្រ​,

(​ខ្សែ​ទី​៣) – ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត្រ មាន​ចំងាយ​គ្រោង​សាងសង់​ប្រមាណ​ជាង ៣៥៥ គីឡូ​ម៉ែ​ត្រ​, (​ខ្សែ​ទី​៤) – ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ស្រី​សុ​ផុ​ន ចម្ងាយ ៤០០ គីឡូម៉ែត្រ​, (​ខ្សែ​ទី​៥)- ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រំដែន​ឡាវ មាន​ប្រវែង ៣៥៥ គីឡូម៉ែត្រ​, (​ខ្សែ​ទី​៦) – ផ្លូវ​ល្បឿន​លឿន​សៀមរាប​-​ព្រំដែន​វៀតណាម ប្រវែង​ប្រមាណ ៣៩០ គីឡូម៉ែត្រ និង (​ខ្សែ​ទី​៧) ផ្លូវ​ល្បឿន​លឿន​ក្រុងកែប​-​កោះកុង ប្រវែង​ប្រមាណ ២២០ គីឡូម៉ែត្រ ។ សរុប​ទៅ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទាំងអស់​គឺ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ប្រតិ​បត្តិ​ការ​ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០៣០ ។

នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​ដែល​លើក​ឡើង​ថា​គម្រោង​ផែនការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទាំង​អស់នេះ គឺ​អាច​នឹង​ត្រូវ​សាងសង់​ពេល ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​មនុស្ស​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា (GDP per capita) មាន​ចំនួន ១,០០០ ដុល្លារ តែ​ជាក់ស្តែង ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​មនុស្ស​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ចំនួន​ជាង ១១៣៥ ដុល្លារ​ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ ។

ប្រមុខ​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា បំណង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​កាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ថៃ​នេះ ក៏​ដូច​ជា​ឡាវ គឺ​ដើម្បី​បង្កើន​ការ​នាំ​ចេញ​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​បន្ថែម​ទៀត តាម​រយៈ​ការ​បង្កើន​សេវា​ដឹក​ជញ្ជូន​ក្នុង​តំបន់​នេះ​។

សូម​រម្លឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ ២០១៩ នា​ឱកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​-​ព្រះ​សីហ​នុ បាន​ប្រកាស​ថា​រាជ​រដ្ឋា​ភិបាល​កម្ពុជា នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត នា​ពេល​ខ្លី​ខាង​មុខ​នេះ ខណៈ​ផ្លូវ​មួយ​នេះ​បាន​នឹង​កំពុង​សិក្សា​ដោយ​អ្នកជំនាញ​អង្គការ JICA រួច​ហើយ​។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​នា​ពេល​នោះ​ថា « ថ្ងៃនេះ​យើង​បើក​ត្រឹមតែ​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ក៏​ប៉ុន្តែ​យើង​មាន​តម្រូវការ​ប​ន្តែ​ម​ទៀត​អំពី​ផ្លូវ​ល្បឿន​លឿន ដូច​ជា​កា​រត​ភ្ជាប់​ទៅ​កាន់​វៀតណាម​។ យើង​ត្រូវ​ត​ភ្ជាប់​ទៅ​ជាមួយ​វៀតណាម​បន្ថែម​ទៀត ពី​ភ្នំពេញ​ទៅ​បា​វិត​។ យើង​ត្រូវ​មាន​ផ្លូវ Highways Asean ជាមួយ​ភ្នំពេញ​នឹង​ក្រុង​ហូ​ជី​មិ​ញ ហើយ​ត​ភ្ជាប់​ភ្នំពេញ​ជាមួយ​ក្រុង​បាងកក​»​។

ការ​សាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន (Expressway) ជា​កត្តា​ដ៏​ធំ​ជាងគេ​សម្រាប់​ពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ព្រោះ ផ្លូវ​ល្បឿន​លឿន អាច​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ល្អ​ជាង​ផ្លូវ​ធម្មតា និង​ត្រូវ​បាន​គេ​ចាត់ទុកជា​មូលដ្ឋាន​សម្រាប់​វិស័យ​ឧស្សាហកម្ម​ទំនើប​ៗ និង​សកម្មភាព​ដឹក​ជញ្ជូន​ធន់​ធ្ងន់​ផង​ដែរ​។ ផ្លូវ​ល្បឿន​លឿន គឺជា​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍ មាន​បរិក្ខារ​បែងចែក​ទ្រូងផ្លូវ​ជា​ពីរ​ចំណែក​ខុស​ទិស​គ្នា​ឬ​ចែក​ជា​គន្លង​ផ្លូវ គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើ​ផ្ទៃរាប​មួយ ឬ​ត្រូវ​មាន​ផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុង​ករណី​ចាំបាច់ និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារ​ផ្លូវថ្នល់ ដើម្បី​ធានា​លំហូរ​ចរាចរណ៍ សុវត្ថិភាព និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ និង​មាន​កន្លែង​កំណត់​សម្រាប់​ឲ្យ​យានយន្ត​ចេញ​និង​ចូល​ផ្លូវ​ល្បឿន​លឿន​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន លោក វ៉ា ស៊ឹ​ម​សូ​រិ​យា បាន​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​-​ព្រះ​សីហ​នុ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប ៣៨០០​លាន​ដុល្លារ ដែល​ជា​ការ​ចំណាយ​ដ៏​ធំធេង​មួយ​។ លោក​បន្ត​ថា កន្លង​មក​មាន​ក្រុមហ៊ុន​ចិន និង​បច្ចុប្បន្ន​ទំនងជា​មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ទៀត កំពុង​សិក្សា​ដើម្បី​ឈាន​ទៅ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​។

លោក​វ៉ា ស៊ឹ​ម​សូ​រិ​យា មាន​ប្រសាសន៍​បញ្ជាក់​ថា «​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បា​វិត ដែល​សិក្សា​ចំណាយ​អស់​ច្រើន​កន្លង​មក ដោយសារ​ផ្លូវ​នេះ​ត្រូវធ្វើ​ស្ពាន​ប្រវែង​ជា ១០​គីឡូម៉ែត្រ នៅ​តំបន់​ស្រុក​ល្វាឯម ដោយសារ​ផ្លូវ​នេះ​គ្រោង​ធ្វើ​នៅ​ផ្នែក​ខាងឆ្វេង​ទន្លេមេគង្គ​» ។ ផ្លូវ​ល្បឿន​លឿន​មួយ​នេះ នឹង​ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង មុនត​ភ្ជាប់​ទៅ​កាន់​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

សូម​បញ្ជាក់​ថា បណ្តាញ​ផ្លូវជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ជា​ច្រើន​ខ្សែ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាមស៊ីវិល​និង​មិន​អាច​ធ្វើ​ដំណើរ​បានជា​ច្រើន​កន្លែង​។ គម្រោង​កសាង​ផ្លូវ​ដែល​ខូចខាត​ទាំងនោះ​ឡើង​វិញ ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី ឆ្នាំ​១៩៩០ រហូត​មក​ដល់​ដល់​ដើមឆ្នាំ​២០០០ ដោយ​ជំនួយ​ហិរញ្ញប្បទាន​ពី ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ធនាគារ​អភិ​-​វ​ឌ្ឍ​អាស៊ី​(ADB) ធនាគារពិភពលោក​(World Bank) និង​ដៃគូ​អភិវឌ្ឍន៍ ជា​ច្រើន​ទៀត​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​។

លោក​បន្ត​ថា ជា​លទ្ធផល ការ កសាង​ផ្លូវ​និង​ជួសជុល​ឡើង​វិញ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស។ បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ពង្រឹងសមត្ថភាព​នៃ​បណ្តាញ​ផ្លូវ​ដែល​មាន​ស្រាប់ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​របស់​ខ្លួន ក៏​ដូច​ជា​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ