ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកដឹងពីគណបក្ស​នយោបាយ​នីមួយ​ៗ​មាន​​​គោលនយោបាយ​អ្វីខ្លះ ?

5 ឆ្នាំ មុន

និយាយ​អំពី​គោលនយោបាយ​វិញ បើ​យើង​សង្កេត​មើល​ជា​រួម​ទៅ​ឃើញ​ថា មាន​ចំណុចរួម​មួយ​ដែល​គណបក្ស​នយោបាយ​ធំ​ៗ​សុទ្ធតែ​ផ្តោតជា​អាទិភាព គឺ​សុទ្ធតែ​បាន​សន្យា​ថា​នឹង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន ជួយ​ប្រជាជន​ក្រីក្រ និង​កាត់​បន្ថយ​វិសមភាព​សង្គម គ្រាន់តែ​ថា វិធានការ​ដែល​បេក្ខជន និង​គណបក្ស​នីមួយ​ៗ​ចង់​ដាក់​ចេញ គឺ​ខុស​ៗ​គ្នា…

និយាយ​អំពី​គោលនយោបាយ​វិញ បើ​យើង​សង្កេត​មើល​ជា​រួម​ទៅ​ឃើញ​ថា មាន​ចំណុចរួម​មួយ​ដែល​គណបក្ស​នយោបាយ​ធំ​ៗ​សុទ្ធតែ​ផ្តោតជា​អាទិភាព គឺ​សុទ្ធតែ​បាន​សន្យា​ថា​នឹង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន ជួយ​ប្រជាជន​ក្រីក្រ និង​កាត់​បន្ថយ​វិសមភាព​សង្គម គ្រាន់តែ​ថា វិធានការ​ដែល​បេក្ខជន និង​គណបក្ស​នីមួយ​ៗ​ចង់​ដាក់​ចេញ គឺ​ខុស​ៗ​គ្នា ។

លោក ប្រា​យុទ្ធ ចាន់​អូ​ចា និង​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ របស់​លោក ចង់​ពង្រីក​វិសាលភាព​នៃ​ជំនួយ​សង្គមកិច្ច​របស់​រដ្ឋ មាន​ន័យ​ថា ចង់​បង្កើន​ចំនួន​ប្រជាជន​ដែល​មាន​សិទ្ធិ​ទទួល​ជំនួយ​សង្គមកិច្ច​ប្រចាំខែ​ពី​រដ្ឋ​ឲ្យ​បាន​១​លាន​ឬ​២​លាន​នាក់​បន្ថែម​ទៀត ថែម​ពីលើ​១៤​លាន​នាក់​ដែល​មាន​ស្រាប់ ។

បន្ថែម​ពីលើ​នេះ​ទៀត គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ សន្យា​បន្ត​គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ដែល​របប​យោធា​បាន​ចាប់ផ្តើម​ធ្វើ​រួច​មក​ហើយ​កាលពី​ពេល​កន្លង​មក ដោយ​អះអាង​ថា វា​ជា​គម្រោង​សំខាន់ ដើម្បី​ជំរុញ​វិស័យសេដ្ឋកិច្ច ។

ឯ​គណបក្ស​ភឿ​ថៃ​វិញ ដែល​ស្និទ្ធ​នឹង​លោក​ថា​ក់​ស៊ី​ន បាន​បង្ហាញ​ពី​ជំហរ​ប្រឆាំង​នឹង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​មួយ​​ចំនួន​របស់​របប​យោធា ហើយ​ចង់​ផ្តោត​អាទិភាព​ខ្លាំង​ទៅ​លើ​វិស័យ​កសិកម្ម រួម​មាន​ដូច​ជា ការ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​មាន​ទីផ្សារ និង​តម្លៃ​កើនឡើង ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជា​កសិករ និង​គ្រោង​បង្កើត​មូលនិធិ​ជួយ​ដល់​កសិករ​ឲ្យ​បង្កើន​ការ​ដាំ​ដុះ​ផលិតផល​សរីរាង្គ ដែល​អាច​មាន​តម្លៃ​ខ្ពស់ និង​ទទួល​ប្រាក់​ចំណេញ​ច្រើន ទៅ​ថ្ងៃ​អនាគត​។

ចំណែក​លោក អា​ភី​ស៊ី​ត វេចា​ជីវ៉ា មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​វិញ ចង់​ជួយ​ប្រជាជន​ក្រីក្រ និង
​កាត់​បន្ថយ​វិសមភាព​សង្គម តាម​រយៈ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ។ ក្រៅពីនេះ គណបក្ស​ប្រជាធិប​តេយ្យ​​​​ចង់​បង្កើន​ការ​ធ្វើ​វិមជ្ឈការ​នៅ​តាម​ទីក្រុង​ធំ​ៗ ដើម្បី​បង្កើន​អំណា​ច​ដល់​ថ្នាក់​មូលដ្ឋាន ។ នៅ​មាន​ចំណុច​​មួយទៀត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គណបក្ស​ប្រជា​ធិប​តេ​យ្យ គឺជា​គណបក្ស​ដ៏​កម្រ​មួយ​នៅ​ក្នុង​ការ
បោះ​ឆ្នោត​ថៃ​ពេល​នេះ ដែល​បង្ហាញ​ពី​នយោបាយច្បាស់លាស់ ទាក់ទង​នឹង​វិស័យ​ការ​បរទេស ។

នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ គឺ​ចង់​ផ្តល់​តម្លៃ​លើ​អាស៊ាន ចង់​ឲ្យ​ប្រទេស​សមាជិ​ក​អាស៊ាន​បង្កើន​នូវ​ការ​រួបរួម​គ្នា ហើយ​ចង់​ឲ្យ​អាស៊ាន​ធ្វើការ​ចរចា​ជា​ប្លុក​តែ​មួយ នៅ​ក្នុង​ការ​ចរចា​មួយ​ចិន ឬ​ចរចា​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​ផ្សេង​ទៀត ដើម្បី​ឲ្យ​អាស៊ាន​មាន​ឥទ្ធិពល និង​អាច​មាន​កម្លាំង​ក្នុង​ការ​ចរចា ជាង​ការ​ចរចា​ដាច់​តែឯង ដោយ​ប្រទេស​សមាជិក​នីមួយ​ៗ ។

ចំពោះ​គណបក្ស​អាណា​ខុ​ត​ម៉ៃ​វិញ លោក​ថា​ណា​ថុ​ន ដែល​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​លើក​ឡើងជា​រឿយ​ៗ​ថា អាទិភាព​ចម្បង​បំផុត​របស់​លោក និង​គណបក្ស​អាណា​ខុ​ត​ម៉ៃ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ គឺ​មិន​ចង់​ធ្វើការ​សន្យា​អំពី​គោលនយោបាយ​ណាមួយ​នោះ​ទេ តែ​ចង់​ផ្តោត​ទៅ​លើ​ចំណុច​មួយ ដែល​លោក​គិត​ថា ជា​ចំណុច​សំខាន់​បំផុត នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គឺ​«​ការ​ផ្លាស់​ប្តូរ​» ។

ហេតុ​ដូច្នេះ​ហើយ បានជា​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក ផ្តោត​អាទិភាព​តែ​លើ​ចំណុច​មួយ​គត់ គឺ​ប្រឆាំង​នឹង​របប​យោធា​បច្ចុប្បន្ន​នេះ​ផង ហើយ​ប្រឆាំង​នឹង​តួនាទី​របស់​កងទ័ព​នៅ​ក្នុង​ឆាកនយោបាយ​ជា​ទូទៅ ដែល​បង្កើត​ឲ្យ​មាន​រដ្ឋប្រហារ​មិន​ចេះឈប់ កាលពី​ពេល​កន្លង​មក ។

វិធានការ​ជាក់ស្តែង ដែល​គណបក្ស​អាណា​ខុ​ត​ម៉ៃ​ចង់​ដាក់​ចេញ គឺ​កាត់​បន្ថយ​ថវិកា​វិស័យ​ការពារ​ជាតិ កាត់​បន្ថយ​ចំនួន​មន្ត្រី​ដឹកនាំ​កងទ័ព​ឲ្យ​នៅ​ត្រឹម​ពាក់កណ្តាល​នៃ​ចំនួន​បច្ចុប្បន្ន និង​សើរើ​មើល​ឡើង​វិញ​នូវ​កិច្ច​សន្យា​​ទិញ​រថក្រោះ​ពី​ប្រទេសចិន ។ ចំណុច​សំខាន់​មួយទៀត ដែល​គណបក្ស​អាណាខុ​ត​ម៉ៃ​ចង់​ធ្វើ ប៉ុន្តែ​គេ​មិនដឹង​ថា តើ​អាច​នឹង​ធ្វើយ៉ាងម៉េច​បាន គឺ​ចង់​ឲ្យ​អំណាច​ទ័ព​ត្រូវ​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិ​បាល​ស៊ី​វិល ដើម្បីកុំ​ឲ្យ​កងទ័ព​ចេះ​តែ​មាន​អំណាច​មក​ផ្តួលរំលំរ​ដ្ឋាភិ​បាល​ស៊ី​វិល តាមតែ​ចិត្ត​ចង់​ដូច​កាល​កន្លង​មក ។

អត្ថបទសរសេរ ដោយ