ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ប្រពៃណី​បោះ​បាយ​បិណ្ឌ​នៅ​រដូវ​ភ្ជុំបិណ្ឌ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ប្រជា​ពល​រដ្ឋ​តែង​តែ​នាំ​គ្នា​ទៅ​វត្ត​អារាម​ ដើម្បី​បោះ​បាយ​បិណ្ឌ​ ។​ ជា​ទូទៅ​ខ្មែរ​យើង​មាន​ជំនឿ​ថា​ ការ​បោះ​បាយ​បិណ្ឌ​គឺ​ដើម្បី​បញ្ជូន​ ឬ​ឧទ្ទិស​កុសល​ឱ្យ​ទៅ​ញាតិ​សន្តាន​ សាច់​សាលោហិត​ ដែល​ចែក​ឋាន​ទៅ​កើត​ជា​ប្រេត​ អសុរកាយ​ ។​ ដើម្បី​ឱ្យ​សាច់​ញាតិ​ដែល​ជា​ពួក​ប្រេត​បាន​ទទួល​ទាន​អាហារ​ប្រចាំ​ឆ្នាំ​ គឺ​ទាល់​តែ​ក្រុម​គ្រួសារ​ដែល​កំពុង​រស់​នៅ​សព្វ​ថ្ងៃ

រាជធានីភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ប្រជា​ពល​រដ្ឋ​តែង​តែ​នាំ​គ្នា​ទៅ​វត្ត​អារាម​ ដើម្បី​បោះ​បាយ​បិណ្ឌ​ ។​ ជា​ទូទៅ​ខ្មែរ​យើង​មាន​ជំនឿ​ថា​ ការ​បោះ​បាយ​បិណ្ឌ​គឺ​ដើម្បី​បញ្ជូន​ ឬ​ឧទ្ទិស​កុសល​ឱ្យ​ទៅ​ញាតិ​សន្តាន​ សាច់​សាលោហិត​ ដែល​ចែក​ឋាន​ទៅ​កើត​ជា​ប្រេត​ អសុរកាយ​ ។​ ដើម្បី​ឱ្យ​សាច់​ញាតិ​ដែល​ជា​ពួក​ប្រេត​បាន​ទទួល​ទាន​អាហារ​ប្រចាំ​ឆ្នាំ​ គឺ​ទាល់​តែ​ក្រុម​គ្រួសារ​ដែល​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ នាំ​គ្នា​ទៅ​បោះ​បាយ​បិណ្ឌ​នៅ​ជុំវិញ​ព្រះ​វិហារ​ក្នុង​វត្ត​ នារដូវ​កាន់​បិណ្ឌ។​

ការ​បោះ​បាយ​បិណ្ឌ​ គេ​និយម​ទៅ​បោះ​នៅ​ឯ​វត្ត​វេលា​ទៀប​ភ្លឺ​ ដោយ​គេ​ជឿ​ថា​ ធ្វើ​បែប​នេះ​ពួក​ប្រេត​ទទួល​បាន​ដោយ​ផ្ទាល់​ ។​ ព្រម​គ្នា​ជាមួយ​នឹង​ព្រះ​សង្ឃ​សូត្រ​ធម៌​ ពុទ្ធ​បរិស័ទ​ទាំង​អស់​កាន់​ចាន​បាយ​បិណ្ឌ​ រៀងៗ​ខ្លួន​ដើរ​តម្រង់​ទៅ​ព្រះ​វិហារ​ដើម្បី​ធ្វើ​ពិធី​បោះ​បាយ​បិណ្ឌ​ ។ ពេល​ដើរ​ជុំវិញ​ព្រះ​វិហារ​នោះ​ គេ​ត្រូវ​ដុត​ធូប​ប្រាំ​សរសៃ​ ដាក់​នៅ​លើ​ចាន​បាយ​បិណ្ឌ​ ហើយ​នៅ​ពេល​ដែល​អាចារ្យ​ស្រែក​ថា​ «អនុមោទនា​» អ្នក​ដែល​ដើរ​ជុំវិញ​ព្រះ​វិហារ​ក៏​នាំ​គ្នា​ស្រែក​ថា​ «សាធុ» រួច​គេ​ចាប់​យក​បាយ​១ដុំ​ដាក់​ទៅ​លើ​ដី​ ឬ​បោះ​ទៅ​ទីឆ្ងាយ​ ហើយ​ដោត​ធូប​មួយ​សរសៃ​ ឬ​ផ្កា​ ផ្សេងៗ​១ទង​នៅ​លើ​ដី​ដែរ​ ។​ គេ​ធ្វើ​បែប​នេះ​គម្រប់​៣​ជុំ​ ។

រីឯ​បាយ​បិណ្ឌ​ និង​ធូប​នៅ​សល់​ គេ​នាំ​យក​តាម​អាចារ្យ​ ដែល​អញ្ជើញ​ចេញ​ទៅ​ក្រៅ​វត្ត​ ទៅ​កាន់​ទី​ដែល​នៅ​ជិត​ខ្ទម​អ្នក​តា​ ឬ​ក្រោម​ដើម​ឈើ​ ធំៗ​ហើយ​អុជ​ធូប​ និង​ចាក់​បាយ​បិណ្ឌ​ទាំង​អស់​នោះ​ទៅ​លើ​ដី​ ដើម្បី​ឱ្យ​ខ្មោច​ដែល​គ្មាន​បង​ប្អូន​ធ្វើ​បុណ្យ​បញ្ជូន​ឱ្យ​ ។​ បន្ទាប់​មក​ អាចារ្យ​ធ្វើ​ពិធី​បង្សុ​កូល​ ច្រូច​ទឹក​លើ​នំ​ចំណី​ និង​បាយ​បិណ្ឌ​ឱ្យ​ប្រេត​ទាំង​នោះ​ ដែល​មក​ចាំ​ទទួល​ដែរ​ តែ​គ្មាន​ញាតិ​សន្តាន​ឧទ្ទិស​ឱ្យ​ បន្ទាប់​មក​ពុទ្ធ​បរិស័ទ​ក៏​នាំ​គ្នា​ស្តាប់​ព្រះ​សង្ឃ​សូត្រ​បទ​បរាភវ​សូត្រ​ ។​ ការ​បោះ​បាយ​បិណ្ឌ​ជា​ប្រពៃណី​ដែល​ខ្មែរ​យើង​តែង​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ។​

ជួប​ជា​មួយ​ព្រះ​តេជ​គុណ​ព្រះ​នាម​ ប្រាក់​ ទូច​ គង់​នៅ​វត្ត​ថាន់​ នៃ​រាជ​ធានី​ភ្នំពេញ​ មាន​ថិរដីកា​ប្រាប់​កោះ​សន្តិ​ភាព​កាល​ពី​ថ្ងៃ​ទី​៣០​ កញ្ញា​ ឆ្នាំ ២០១៣​ថា​ តាម​ពិត​ទៅ​ការ​បោះ​បាយ​បិណ្ឌ​ បាន​ជា​ប្រយោជន៍​ដល់​ពួក​សត្វ​តិរច្ឆាន​ ។ យើង​អាច​សន្មត​បាន​ថា​ ប្រសិន​បើ​បុគ្គល​ណា​ទៅ​កើត​ជា​សត្វ​តិរច្ឆាន​ដូច​ជា​ សត្វ​ស្រមោច​ ចង្រិត​ កណ្តូប​ កណ្តុរ​ និង​ចាប​ជាដើម​នោះ​ ពិត​ជា​អាច​បរិភោគ​បាយ​ដែល​គេ​បោះ​នោះ​បាន​ដោយ​ផ្ទាល់​ ហើយ​ពួក​សត្វ​ខ្លះ​ទោះ​ជា​បាយ​ដែល​មិន​មែន​ជា​បាយ​គេ​បោះ​ឱ្យ​ក្តី​ ក៏​អាច​បរិភោគ​បាន​ដែរ​ ។​

នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ បាន​តំណាល​រឿង​ប្រេត​ពួក​ខ្លះ​ដែល​មិន​អាច​ទទួល​បរិភោគ​របស់​ល្អ​បាន​ឡើយ​ គឺ​ថា​ឃើញ​របស់​ល្អ​ដូច​ជា​អាហារ​ដែល​គេ​រៀប​ចំ​ស្អាត​បាត​នោះ​ ពេល​ទៅ​ចាប់​យក​ដោយ​សេចក្តី​ស្រេក​ឃ្លាន​ជា​ពន្លឹក​ ដុំ​បាយ​នោះ​ក៏​រលាយ​បាត់​ទៅ​ ។ ពួក​ប្រេត​ទាំង​នោះ​អាច​ទទួល​បាន​តែ​របស់​ណា​ដែល​គួរ​ខ្ពើម​រអើម​ដូច​ជា​លាមក​ ខ្ទុះ​ ឈាម​ ភក់​ ជ្រាំ​ជា​ដើម​ ។​ បែប​នេះ​មក​ពី​បាប​កម្ម​របស់​ពួក​ប្រេត​ជំពូក​នេះ​ កាល​នៅ​រស់​ជាមនុស្ស​ដែល​ចូល​ចិត្ត​រស់​នៅ​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់​ កាប់​សម្លាប់​ បង្ហូរ​ឈាម​ រស់​នៅ​ដោយ​ការ​ជិះ​ជាន់​ កេង​ប្រវ័ញ្ច​ បឺត​ជញ្ជក់​ផល​ប្រយោជន៍​អ្នក​ដទៃ​ ដែល​ជន​ទូទៅ​យល់​ថា​ ជា​អំពើ​លាមក​ គួរ​ឱ្យ​ស្អប់​ខ្ពើម​ ។ ដោយ​សារ​អំពើ​បាប​ទាំង​នោះ​ ទើប​បុគ្គល​ទាំង​នោះ​ពេល​ទៅ​កើតទៅ​ជា​ប្រេត​ ក្រៅ​ពី​រង​ទុក្ខ​ជា​អនេក​ និង​រង​ក្តី​ស្រេក​ឃ្លាន​រាប់​ម៉ឺន​ឆ្នាំ​ទៅ​ ក៏​នៅ​មិន​អាច​ចាប់​កាន់​យក​របស់​ ឬ​អាហារ​ល្អ​បាន​ឡើយ​ គឺ​អាច​បរិភោគ​តែ​របស់​ដែល​ជា​ទី​ខ្ពើម​រអើម​ប៉ុណ្ណោះ​ ។​

ព្រះ​តេជ​គុណ​ព្រះ​នាម​ ប្រាក់​ ទូច​ មាន​ថិរដីកា​បន្ត​ទៀត​ថា​ ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ ត្រូវ​យក​ទេយ្យ​ទាន​ទៅ​ឱ្យ​អ្នក​មាន​សីល​ អាច​ជា​អ្នក​បួស​ ឬ​ជា​គ្រហស្ត​ដែល​រក្សា​សីល​ក៏​បាន​ ។​ ចំណែក​ការ​បោះ​បាយ​បិណ្ឌ​នេះ​ជា​ប្រពៃណី​សុទ្ធ​សាធ​ ។​ ដូច្នេះ​ការ​បោះ​បាយ​បិណ្ឌ​ គ្រាន់​តែ​ជា​ការ​បោះ​បាយ​បិណ្ឌ​ដើម្បី​អនុគ្រោះ​ដល់​ពួក​សត្វ​តិរច្ឆាន​នានា​ ។

កាល​ពី​ជំនាន់​បុរាណ​ក្នុង​រយៈ​ពេល​នេះ​ គេ​បាន​អនុ​គ្រោះ​ដល់​សត្វ​ទាំង​ឡាយ​ ដូច​ជា​យក​បាយ​ម្ហូប​ទៅ​ដាក់​កណ្តាល​ព្រៃ​ ឬ​ក៏​យក​បាយ​បិណ្ឌ​ទៅ​ដាក់​ឱ្យ​សត្វ​ ផ្សេងៗ​ស៊ី​ជា​អាហារ​ ហើយ​ក្នុង​រយៈ​ពេល​នេះ​ រាល់​សត្វ​ពាហនៈ​ដែល​តែង​តែ​បម្រើ​ប្រយោជន៍​ដល់​មនុស្ស​ គេ​បាន​ថែរក្សា​យ៉ាង​ល្អ​ មិន​ឱ្យ​បម្រើ​តទៅ​ទៀត​ទេ​ ៕​