ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន ក្រៅពី​ជួយដល់​សេវាកម្ម​ដឹក​ជញ្ជូន តើ​អាច​ជួយ​ឲ្យ​ដី​នៅ​តាម​ដងផ្លូវ​នេះ​ឡើងថ្លៃ​ឬទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កម្ពុជា នឹង​ធ្វើ​ជា​អធិបតីភាព​សម្រាប់​ការ​បើក​ការដ្ឋាន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កម្ពុជា នឹង​ធ្វើ​ជា​អធិបតីភាព​សម្រាប់​ការ​បើក​ការដ្ឋាន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ (Express Way) នៅ​ទីតាំង​ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នៃ​ក្រសួង សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន ។ កន្លង​មក​អ្នកជំនួញ​ខាង​វិស័យ​ដឹក​ជ​ញ្ជួ​ន​ធ្លាប់​បាន​អះអាង​ថា ផ្លូវ​ល្បឿន​លឿន​នឹង​ជួយ​ឲ្យ​ចំនេញ​ខាង​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​និង​ចំនេញ​ដល់​សេដ្ឋកិច្ចជាតិ ។

ចុះ​តម្លៃ​ដីធ្លី តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នឹង​ឡើងថ្លៃ​ទេ?​យ៉ាងណាមិញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មាន​ទឹកមាត់​លេប​ថា​តម្លៃ​ដី​អាច​ឡើងថ្លៃ ខណៈ​អ្នកជំនាញ​អចល​ទ្រព្យ​លើក​ឡើង​ថា តម្លៃ​ដី​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ពិបាក​នឹង​ឡើងថ្លៃ​ទៅ​វិញ ។

ផ្លូវ​ល្បឿន​លឿន​ដែល​មាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ នឹង​ចេញពី​ម្តុំ​ផ្លូវ​រថភ្លើង នៃ​តំបន់​ទំនប់​កប់​ស្រូវ ស្ថិត​នៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ​៤ និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ រហូត​ជិត​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ងាក​មក​ខាងឆ្វេង​ដៃ​វិញ ហើយ​បន្ត​រហូត​ដល់​ស្រុក​ព្រៃ​នប់ ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ រហូត​ដល់​មាត់សមុទ្រ​នៃ​ក្រុងព្រះសីហនុ​។ នេះ​បើ​តាម​ការ​ដឹង​ពី​មន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក វ៉ា​ស៊ី​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មានការ​ធ្វើ​របង​ជុំវិញ លើកលែងតែ​ចំណុច​ឆ្លងកាត់​មួយ​ចំនួន​ដែល​មាន​ស្ពាន​អាកាស និង​ស្ថានីយ៍​ឈប់​សំចត ព្រោះ​វា​ជា​ផ្លូវ​លឿន ដែល​អាច​បើកបរ​ក្នុង​ល្បឿន​ពី​១២០ ទៅ​១៦០​គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង ហេតុនេះ​ទើប​ផ្លូវ​នេះ មិន​តម្រូវ​ឲ្យ​មាន​ចំណុច​ឆ្លងកាត់​ច្រើន​នោះ
ទេ​។

លោក​បន្ត​ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះ​សីហ​នុ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ប្រទេស​ចិន ក្នុង​តម្លៃ​ទឹកប្រាក់​១៩០០​លាន ដុល្លារ​សហរដ្ឋអាមេរិក នឹង​អនុញ្ញាត​ឱ្យ​អ្នក បើកបរ​អាច​បើក​បាន​ក្នុង​ល្បឿន​ចន្លោះ​៩០-១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ក្រុមហ៊ុន​នឹង​មាន​ដាក់​គំនូស​សញ្ញា កំណត់​ល្បឿន​នៅ​លើ​គន្លង​ផ្លូវ​នីមួយ​ៗ ដើម្បី​ឱ្យ​អ្នកបើកបរ​ដឹង​ពី​ល្បឿន​ដែល​ត្រូវ​បើក​។ ដូច្នេះ​ប្រសិនបើ​អ្នកបើកបរ​បើក​មិន​គ្រប់​ល្បឿន​ដែល​បាន កំណត់​ពួក​គេ​នឹង​ទទួល​រង​នូវ​ការ​ផាកពិន័យ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន រូប​នេះ​បន្ត​ថា «​វា​ជា​ផ្លូវ​ល្បឿន​លឿន ហេតុនេះ​ការ​បើកបរ​តាម​គំនូស​សញ្ញា​បង្ហាញ​ពិតជា​មាន​សារសំខាន់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​នានា ក៏​ដូច​ជា​កាត់​បន្ថយ​ផល​រំខាន​ពី​អ្នកបើកបរ​ផ្សេង​ទៀត​» ។ លោក​បន្ត​ថា «​ផ្លូវ​នេះ នឹង​មាន​ចំណត់​ឈប់​សំចត​ចំនួន​៣​កន្លែង មជ្ឈមណ្ឌល​ថែទាំ​យានយន្ត​មួយ​កន្លែង ស្ពាន​អាកាស​ចំនួន​៧» ។

លោក សន សៀ​ប នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀល​អ៊ី​ស្ទេ​ត បានអោយ​ដឹង​ថា វា​ជា​រឿង​ពិបាក​ព្យាករណ៍​ណាស់​ថា​តើ​តម្លៃ​អ​ល​ចនទ្រ​ព្យ​នៅ​តំបន់​ដែល​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​នោះ មានការ​ប្រែប្រួល​ប៉ុនណា ពីព្រោះ​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​សាងសង់​ដោយ​បិទ​ជិត មិន​មានការ​ឆ្លងកាត់​ពី​ម្ខាង​ទៅ​ម្ខាង​ទេ ហើយ​ណាមួយ​ផ្លូវ​ល្បឿន​លឿន​នេះ ទើបតែ​មាន​លើក​ដំបូង​នៅ​កម្ពុជា​ទៀត អ​ញ្ចឹ​ង​មិន​បាន​វាយតម្លៃ​ថា​អចលនទ្រព្យ​ឡើង រឺ​ចុះ​បាន​ទេ មាន​តែ​រង់ចាំ​មើល​បន្ត ។

លោក សន សៀ​ប មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បើ​តាម​ខ្ញុំ​គិត កន្លែង​ណា​ដែល​មាន​ច្រកចេញ កន្លែង​នោះ​អាច​នឹង​មាន​តម្លៃ តែ​កន្លែង​ដែល​បិទ​ជិត អាច​នឹង​ពិបាក​បន្តិច​ពីព្រោះ​អ្នកទិញ​អចលនទ្រព្យ មិនដឹង​ថា​គេ​ទិញ​ធ្វើ​អី បើ​មិន​មាន​អ្នក​ឆ្លងកាត់​នោះ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ