ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​លក់​ផ្អក​ត្រី​ក្រឹម ផ្អកកំពឹស និង​ផ្លែ​ខ្វិត ជួយ អោយ​ជីវភាព​អ្នក​ភូមិ​សង្កែ​ចុង​បាន​ធូរធារ​ច្រើន​ជាង​មុន

5 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ បើ​គេ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ពី​ទីប្រជុំជន​អ្នក​លឿង ឆ្ពោះទៅ​កាន់​ខេត្តស្វាយរៀង ពេល​មក​ដល់​ចំណុច​ភូមិ​សង្កែ​ចុង ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច នៅ​តាម​បណ្តោយ​អម​សងខាង​ដងផ្លូវ គេ​និង​ឃើញ​មាន​អ្នកស្រុក​ដាក់​តាំង​កំប៉ុង​ជ័រ​ជា​ច្រើន…

ព្រៃវែង ៖ បើ​គេ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ពី​ទីប្រជុំជន​អ្នក​លឿង ឆ្ពោះទៅ​កាន់​ខេត្តស្វាយរៀង ពេល​មក​ដល់​ចំណុច​ភូមិ​សង្កែ​ចុង ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច នៅ​តាម​បណ្តោយ​អម​សងខាង​ដងផ្លូវ គេ​និង​ឃើញ​មាន​អ្នកស្រុក​ដាក់​តាំង​កំប៉ុង​ជ័រ​ជា​ច្រើន មាន​តូច​មាន​ធំ​ទៅ​តាម​ថ្នាក់​របស់​វា កំប៉ុង​ទាំងនោះ​គឺជា​កំប៉ុង​ផ្អក​ត្រី​ក្រឹម ផ្អកកំពឹស និង​ត្រី​ប្រហុក​ជាដើម ដែល​គេ​ដាក់​លក់​ជាមួយ​និង​ផ្លែ​ខ្វិត​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព អ្នក​ភូមិ​ទាំងនោះ​បានអោយ​ដឹង​ថា ក្រៅពី​ផ្អក​និង​ត្រី​ប្រហុក​នេះ ពួក​គាត់​ក៏​មាន​លក់​ជ្រក់​អង្ក្រង ជ្រក់​ត្រពាំង ជ្រក់មមាញ ជ្រក់ស្ពៃ និង​ជ្រក់ត្រាវ​ផង​ដែរ ដោយ​ក្នុង​១​កំប៉ុង​តូច​លក់​តម្លៃ​១​ម៉ឺន​រៀល និង​១​កំប៉ុង​ធំ​លក់​តម្លៃ​១០ ម៉ឹ​ន​រៀល ហើយ​ទាំង​ផ្អក​និង​ជ្រក់​ទាំងនេះ គឺ​ពួក​គាត់​សុទ្ធតែ​ធ្វើ​ដោយ​ខ្លួនឯង មិន​បាន​ទិញ​ត​ពី​គេ​យក​មក​លក់​នោះ​ទេ ព្រោះ​ខ្លាច​គេ​ធ្វើ​មិន​ស្អាត ខ្លាច​ពុល​អ្នក​ហូប​។
ចំណែក​បងស្រី មាស ស្រី​នាង ជា​អ្នកលក់​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ទាំងនោះ បាន​ប្រាប់​អោយ​កោះសន្តិភាព​ដឹង​ដែរ​ថា គាត់​ចាប់​យកមុខ​របរ​លក់​ផ្អក​ត្រី​ក្រឹម ផ្អកកំពឹស និង​ត្រី​ប្រហុក​នេះ​តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ ដោយ​ពី​ដំបូង​មាន​តែ​គាត់​និង​ប្អូនស្រី​ប៉ុណ្ណោះ​ដែល​ចាប់​មុខរបរ​នេះ លុះ​ក្រោយ​ៗ​មក​ក៏​ចេះ​តែ​មាន​អ្នក​ផ្សេង​ៗ​ទៀត​លក់​តាម ដោយ​ពី​ដំបូង​គេ​នាំ​គ្នា​មក​ទិញ​ពី​គាត់​យក​ទៅ​ដាក់​លក់​បន្ត ហើយ​ក្រោយមក​ក៏​ធ្វើ​លក់​ខ្លួនឯង និង​បាន​កើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​សព្វ​ថ្ងៃនេះ​មាន​អ្នកលក់​ជិត​៥០​នាក់​ហើយ​។ ចំណែក​អ្នកទិញ​ភាគច្រើន គឺជា​អ្នក​នៅ​ភ្នំពេញ ដែល​ពេល​ថ្ងៃ​សំរាក​គេ​មក​លេង​ស្រុក ឬ​មក​ការ​បងប្អូន​ត្រឡប់​ទៅ​វិញ​ក៏​ចូល​ទិញ​យក​ទៅ​ហូប ជា​ពិសេស​គឺ​កម្មករ​រោងចក្រ​តែ​ម្តង ហើយ​ពេល​ដែល​លក់ដាច់​ខ្លាំង​គឺ​ខែ​បុណ្យទាន​។

បងស្រី មាស ស្រី​នាង បាន​បញ្ជាក់​ថា មូលហេតុ​ដែល​គាត់​ចាប់​យកមុខ​របរ​នេះ ដោយសារ​តែ​គ្រួសារ​គាត់​មានមុខ​របរ​មួយទៀត គឺ​ដើរ​ទិញ​ត្រី​ពី​អ្នកស្រុក​ដែល​គេ​រក​នៅ​តាម​បឹង តាម​ទន្លេ យក​មក​លក់​នៅ​តាម​ផ្សារ ប៉ុន្តែ​ពេល​ខ្លះ​ត្រី​លក់​មិន​អស់​នៅ​សល់​យក​មក​ផ្ទះ មិនដឹង​ចោល​ទៅ​ណា ម្តាយ​គាត់​ក៏​ធ្វើ​ជា​ផ្អក​ញាត់​កំប៉ុង​ទុក យូរ​ៗ​ទៅ​ផ្អក​កំប៉ុង​កាន់តែ​ច្រើន​ឡើង​ៗ​មិនដឹង​យក​ទៅ​ណា ក៏​បែកគំនិត​ដាក់​តាំង​លក់​នៅ​ចិញ្ចើមថ្នល់​មុខ​ផ្ទះ ហើយ​អ្នក​ជិតខាង​ឃើញ​ហើយ​នាំ​គ្នា​សើច​ថា​សូ​ម្បី​តែ​ផ្អក​ប្រហុក​ក៏​យក​មក​លក់​លើ​ថ្នល់​ដែរ ប៉ុន្តែ​ពេល​លក់​យូរ​ៗ​មាន​អ្នកដំណើរ​ចេះ​តែ​មក​ឈប់​ទិញ​ច្រើន​ឡើង​ៗ រហូត​ក្នុង​១​ថ្ងៃ​គាត់​អាច​លក់​បាន​ពី​៦០​ទៅ​៧០​ម៉ឺន​រៀល ទើប​ធ្វើ​អោយ​អ្នក​ដែល​សើច​គាត់ បែរជា​នាំ​គ្នា​ធ្វើ​លក់​តាម​គាត់​ដែរ និង​បន្ត​ច្រើន​ឡើង​ៗ​ដូច​សព្វ​ថ្ងៃនេះ​តែម្តង​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​ភូមិ​សង្កែ​ចុង​បាន​ប្រាប់​ដូច​ៗ​គ្នា​ថា មុខរបរ​លក់​ផ្អក​ត្រី​ក្រឹម ផ្អកកំពឹស​ជាមួយ​ផ្លែ​ខ្វិត​នេះ បាន​ជួយ​ដោះស្រាយ​ក្នុង​ជីវភាព​ពួក​គាត់​ច្រើន គឺ​រួច​ថ្លៃ​ម្ហូបអាហារ ថ្លៃ​កូន​រៀន និង​ថ្លៃ​ចងដៃ​ការ​បុណ្យ​ទាន​ផ្សេង​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ