ស្ត្រីដែលមិនបានមករដូវយ៉ាងហោចណាស់ បីខែជាប់គ្នាគឺត្រូវបានចាត់ទុកថាមិនមករដូវ ដែលវាមានលក្ខណៈដូចគ្នានឹងស្ត្រីពេញវ័យអាយុ១៥ឆ្នាំ មិនទាន់ចាប់ផ្តើមមករដូវដែរ ។
មូលហេតុដែលកើតមានជាញឹកញាប់បំផុតដែលធ្វើអោយស្ត្រីមិនមករដូវនោះគឺការមានផ្ទៃពោះតែម្តង។ មូលហេតុ ផ្សេងៗទៀតមានដូចជា បញ្ហាទាក់ទងនឹងសរីរាង្គប្រដាប់ភេទ ឬក្រពេញដែលជួយសម្រួលដល់កម្រិតអ៊័រម៉ូន។ ការព្យាបាលលើមូលហេតុច្រើនតែដោះស្រាយលើបញ្ហាមិនមករដូវនេះបាន ។
១- រោគសញ្ញា ៖ សញ្ញាដ៏សំខាន់នៃការមិនមករដូវគឺអត់មានការមករដូវ ឬធ្លាក់ឈាមរដូវសោះតែម្តង។ បើយោងទៅតាមមូលហេតុនៃការមិនមករដូវនោះ គឺថា អ្នកប្រហែលជាធ្លាប់មានរោគសញ្ញាផ្សេងទៀតជាមួយនឹងការមិនមករដូវហើយដូចជា៖ •ហូរទឹកដូចទឹកដោះតាមក្បាលសុដន់ •ជ្រុះសក់ •ឈឺក្បាល •ប្រែប្រួលគំហើញ •ដុះរោមមុខច្រើន •ឈឺចាប់ក្នុងអាងត្រគាក •កើតមុន។
២-ពេលដែលត្រូវជួបគ្រូពេទ្យ ៖ ចូរពិគ្រោះជាមួយគ្រូពេទ្យ បើសិនជាអ្នកបាត់រដូវយ៉ាងហោចណាស់ បីខែជាប់គ្នា ឬមិនធ្លាប់មករដូវសោះនៅពេលអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ។
៣-មូលហេតុ ៖ ការមិនមករដូវអាចកើតឡើងដោយសារតែហេតុផលច្រើនប្រភេទ។ អ្នកកើតមានបញ្ហានេះដោយខ្លួនឯង តែខ្លះទៀតអាចដោយសារតែផលរំខានរបស់ថ្នាំ ឬសញ្ញានៃជំងឺណាមួយ ។
៤-ការមិនមករដូវដោយសារតែធម្មជាតិ ៖ ក្នុងពេលធម្មតានៃជីវិត អ្នកប្រហែលជាធ្លាប់មានបញ្ហាមិនមករដូវដោយសារតែហេតុផលធម្មជាតិហើយដូចជា៖ •ការមានផ្ទៃពោះ •បំបៅដោះកូន •រាំងរដូវ ។
៥-ការពន្យារកំណើត ៖ ស្ត្រីខ្លះដែលប្រើថ្នាំពន្យារកំណើតប្រហែលជាមិនមករដូវនោះទេ។ ទោះបីជាក្រោយឈប់ប្រើថ្នាំគ្រាប់ពន្យារកំណើតក៏ដោយ វាប្រហែលជាមានពេលខ្លះមុនពេលផ្ទុះអូវុលជាទៀងទាត់ និងការមករដូវត្រឡប់មកវិញដែរ។ ចំណែកឯការពន្យារកំណើតដោយការចាក់ថ្នាំ ឬដាក់ឧបករណ៍ក្នុងស្បូនក៏អាចធ្វើអោយមិនមករដូវបានដែរ ។
៦-ការប្រើប្រាស់ថ្នាំ ៖ ថ្នាំមួយចំនួនអាចធ្វើអោយរដូវលែងមកបានដូចជា៖ •ថ្នាំសរសៃប្រសាទ •ថ្នាំព្យាបាលជំងឺមហារីក •ថ្នាំប្រឆាំងការបាក់ទឹកចិត្ត •ថ្នាំបញ្ចុះសម្ពាធឈាម •ថ្នាំអាឡែហ្ស៊ី ។
៧-កត្តាទាក់ទងនឹងរបៀបរស់នៅ ៖ ពេលខ្លះកត្តាទាក់ទងនឹងរបៀបរស់នៅក៏នាំអោយមិនមករដូវដែរដូចជា៖
ស្គម៖ ការដែលស្គមពេក ឬមានទម្ងន់ទាបជាងទម្ងន់ធម្មតា ១០ភាគរយ អាចនឹងរំខានដល់មុខងារអ៊័រម៉ូនជាច្រើនក្នុងរាងកាយ ជាពិសេសដំណើរការណ៍នៃការផ្ទុះអូវ៉ុលតែម្តង។ ស្ត្រីដែលមានបញ្ហានៃការទទួលទានដូចជា មិនឃ្លានអាហារ ឬញ៉ាំច្រើនតែក្អួតមកវិញ ច្រើនតែមានបញ្ហាមិនមករដូវដោយសារតែការប្រែប្រួលអ៊័រម៉ូនមិនធម្មតា។
ហាត់ប្រាណច្រើនពេក៖ ស្ត្រីដែលចូលរួមធ្វើសកម្មភាពទាំងឡាយណាដែលត្រូវការប្រើកម្លាំងខ្លាំងៗពេកដូចជា ការរាំរបាំបាឡេ ប្រហែលជាយល់ថារដូវរបស់ពួកគេរងការប៉ះពាល់ហើយ។ មានកត្តាច្រើនណាស់ដែលនាំអោយមិនមករដូវក្នុងពេលលេងកីឡាអត្តពលកម្មដូចជា ជាតិខ្លាញ់ក្នុងខ្លួនតិច, ស្ត្រេស និងប្រើកម្លាំងខ្លាំងពេក។
ស្ត្រេស៖ ការដែលមានភាពតានតឹងក្នុងអារម្មណ៍អាចធ្វើអោយប្រែប្រួលមុខងាររបស់ Hypothalamus ដែលជាកន្លែងមួយក្នុងខួរក្បាលសម្រាប់គ្រប់គ្រងលើអ៊័រម៉ូនធ្វើឲ្យមានរដូវ ជាបណ្តោះអាសន្នបាន។ ការផ្ទុះអូវ៉ុល និងការមករដូវប្រហែលជាត្រូវឈប់ ប៉ុន្តែវានឹងមកធម្មតាវិញពេលដែលលែងមានស្ត្រេស ។
៨-អតុល្យភាពអ៊័រម៉ូន ៖ ជំងឺច្រើនប្រភេទណាស់ដែលអាចធ្វើឱ្យអតុល្យភាពអ៊័រម៉ូនបានដូចជា៖
ចង្កោមរោគសញ្ញាពងទឹកច្រើនក្នុងក្រពេញអូវ៉ែ (Polycystic Ovary Syndrome, PCOS)៖ ជំងឺមួយនេះនឹងធ្វើអោយកម្រិតអ៊័ររម៉ូនឡើងខ្ពស់ជាងធម្មតា ជាពិសេសដំណើរការវដ្តរដូវតែម្តង ។
ក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ៖ ក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក (Hyperthyroidism) ឬ ធ្វើការមិនល្អ (Hypothyroidism) អាចបណ្តាលឲ្យការមករដូវមិនទៀងទាត់ ហើយក៏មិនមករដូវទៀតក៏មានដែរ ។
ដុំសាច់ក្នុងក្រពេញ Pituitary៖ ដុំសាច់មិនមែនមហារីក (Benign) ក្នុងក្រពេញ Pituitary អាចនឹងរំខានដល់ការសម្របសម្រួលអ៊័រម៉ូនសម្រាប់មករដូវបាន ។
ឆាប់រាំងរដូវពេក៖ ការរាំងរដូវច្រើនតែចាប់ផ្តើមនៅអាយុជាង ៥០ឆ្នាំ។ ប៉ុន្តែមានស្ត្រីខ្លះ ក៏អាចរាំងរដូវមុនអាយុ ៤០ឆ្នាំបានដែរ។
៩-បញ្ហារចនាសម្ព័ន្ធ ៖ បញ្ហាដែលទាក់ទងនឹងសរីរាង្គភេទក៏អាចធ្វើឲ្យរាំងរដូវបានដែរដូចជា៖ •ការមានស្លាកស្នាមនៅស្បូន៖ ចង្កោមរោគសញ្ញា Asherman’s Syndrome ជាជំងឺមួយប្រភេទដែលកើតមានសន្លាកជាលិការក្នុងស្បូន ហើយពេលខ្លះអាចកើតឡើងក្រោយពីការកៀរក្នុងស្បូន, សម្រាលដោយការវះកាត់ ឬព្យាបាលជំងឺដុំសាច់ក្នុងស្បូន ។
•កង្វះសរីរាង្គភេទ៖ ពេលខ្លះ បញ្ហាអាចកើតមានក្នុងពេលវិវឌ្ឍរបស់កូនដែលធ្វើឲ្យកូនស្រីកើតមកគ្មានផ្នែកសំខាន់ណាមួយនៃប្រដាប់បន្តពូជដូចជា ស្បូន, មាត់ស្បូន ឬទ្វារមាស។ ដោយសារតែប្រព័ន្ធប្រដាប់ភេទរបស់នាងមិនលូតលាស់ដូចធម្មតា នាងក៏មិនអាចមានរដូវដូចស្ត្រីធម្មតាបានដែរ ។
•រចនាសម្ព័ន្ធមិនធម្មតារបស់ទ្វារមាស៖ ការស្ទះណាមួយរបស់ទ្វារមាសប្រហែលជាមិនអាចឲ្យមើលឃើញលំហូរឈាមរដូវបានទេ ។ ភ្នាស ឬជញ្ជាំងប្រហែលជាអាចកើតមានក្នុងទ្វារមាស និងបណ្តាលឲ្យស្ទះដល់លំហូរឈាមចេញពីស្បូន និងមាត់ស្បូនបាន ។
១០-កត្តាប្រឈមមុខ ៖ កត្តាប្រឈមមុខដែលធ្វើឲ្យមានបញ្ហារាំងរដូវនោះមានដូចជា •ប្រវត្តិគ្រួសារ៖ បើសិនជាស្ត្រីណាផ្សេងក្នុងគ្រួសាររបស់អ្នកធ្លាប់មានបញ្ហាមិនមករដូវ អ្នកប្រហេលជាត្រៀមខ្លួននឹងមានបញ្ហានេះដែរហើយ ។ •ការទទួលទានអាហារមិនធម្មតា៖ បើសិនជាអ្នកមានបញ្ហាញ៉ាំអាហារមិនធម្មតាដូចជា មិនឃ្លានអាហារ ឬញ៉ាំអាហារច្រើនស្រាប់ក្អួតមកវិញ មានន័យថាអ្នកមានការប្រឈមមុខខ្ពស់នឹងការមិនមករដូវហើយ ។ •ការហាត់ប្រាណបែបអត្តពលកម្ម៖ ការហាត់ប្រាណបែបអត្តពលកម្មដោយប្រើកម្លាំងខ្លាំងៗពេកអាចនឹងបង្កើនការប្រឈមនឹងការមិនមករដូវបាន ។
១១-ផលវិបាក ៖ •មិនអាចមានកូនបាន៖ បើសិនជាអ្នកមិនមានការផ្ទុះអូវ៉ុលទេ ហើយក៏មិនមករដូវទៀតនោះ មានន័យថា អ្នកមិនអាចមានផ្ទៃពោះបានឡើយ ។ •ជំងឺពុកឆ្អឹង៖ បើសិនជាការមិនមករដូវរបស់អ្នកមិនបណ្តាលមកពីការចុះទាបរបស់អ៊័រម៉ូនអេស្ត្រូជែនទេ អ្នកក៏ប្រហែលជាប្រឈមមុខនឹងជំងឺពុកឆ្អឹងហើយ ។
១២-តេស្ត និងការធ្វើរោគវិនិច្ឆ័យ ៖ ការមិនមករដូវអាចជាសញ្ញាមួយនៃបញ្ហាអ៊័រម៉ូនដ៏ច្រើន ។ ការស្វែងរកមូលហេតុរបស់វាអាចប្រើពេលយូរ ហើយប្រហែលជាត្រូវធ្វើតេស្តច្រើនផងដែរ ។
១៣-តេស្តក្នុងមន្ទីរពិសោធន៍ ៖ តេស្តឈាមជាច្រើនដែលសំខាន់នោះមានដូចជា៖ •តេស្តរកមើលការមានផ្ទៃពោះ៖ នេះប្រហែលជាតេស្តដំបូងគេដែលគ្រូពេទ្យសុំឲ្យអ្នកធ្វើដើម្បីទាត់ចោលបញ្ហានៃការមានផ្ទៃពោះចេញ ។ •តេស្តមើលមុខងារក្រពេញទីរ៉ូអ៊ីត៖ ការវាស់ចំនួនអ៊័រម៉ូន Thyroid-stimulating Hormone (TSH) ក្នុងឈាមអាចកំណត់បានថាតើក្រពេញទីរ៉ូអ៊ីតអ្នកកំពុងតែធ្វើការល្អឬក៏អត់ ។
•តេស្តមើលមុខងារក្រពេញអូវ៉ែ៖ ការវាស់ចំនួនអ៊័រម៉ូន Follicle-stimulating Hormone (FSH)ក្នុងឈាមអាចកំណត់បានថាតើក្រពេញអូវ៉ែអ្នកកំពុងតែធ្វើការល្អឬអត់។ •តេស្តមើលអ៊័រម៉ូនប្រូឡាក់ទីន៖ ការថយចុះរបស់អ័រម៉ូនប្រូឡាក់ទីនប្រហែលជាសញ្ញានៃដុំសាច់ក្នុងក្រពេញ Pituitary ។ •តេស្តរកមើលអ័រម៉ូនមនុស្សប្រុស៖ បើសិនជាអ្នកកំពុងតែមានបញ្ហាដុះរោមមុខច្រើន និងសម្លេងមិនសូវបាននោះ គ្រូពេទ្យប្រហែលជាចង់ពិនិត្យទៅលើអ៊័រម៉ូនមនុស្សប្រុសក្នុងឈាមអ្នកហើយ ។
១៤-តេស្តអ៊័រម៉ូន ៖ សម្រាប់តេស្តមួយនេះ អ្នកនឹងត្រូវលេបថ្នាំជាប្រភេទអ៊័រម៉ូនរយៈពេល៧ ទៅ១០ថ្ងៃដើម្បីធ្វើឲ្យហូរឈាមរដូវតែម្តង។ ចំពោះលទ្ធផលនៃការធ្វើតេស្តនេះអាចប្រាប់ដល់គ្រូពេទ្យថាតើរដូវរបស់អ្នកឈប់មកដោយសារតែកង្វះអ៊័រម៉ូនអេស្ត្រូជែនឬក៏អត់ ។
១៥-តេស្តដោយថតរូបភាពវេជ្ជសាស្ត្រ ៖ អាស្រ័យទៅលើរោគសញ្ញារបស់អ្នក និងលទ្ធផលនៃការធ្វើតេស្ត គ្រូពេទ្យអាចនឹងណែនាំអោយធ្វើតេស្តដោយថតរូបភាពវេជ្ជសាស្ត្រមួយ ឬច្រើនបន្ថែមទៀតដូចខាងក្រោម៖
ថតអេកូ៖ តេស្តមួយនេះគឺជាការប្រើរលកសម្លេងដើម្បីបង្កើតជារូបភាពនៃសរីរាង្គក្នុងពោះមនុស្ស។ បើសិនជាអ្នកមិនធ្លាប់មករដូវសោះ គ្រូពេទ្យនឹងធ្វើតេស្តនេះដើម្បីពិនិត្យរកមើលភាពមិនធម្មតាក្នុងសរីរាង្គបន្តពូជរបស់អ្នក ។
ថត Computerized Tomography (CT)៖ ការថតរូបភាពវេជ្ជសាស្ត្រមួយនេះគឺជាការផ្សំគ្នានៃរូបភាពកាំរស្មីអ៊ិចជាច្រើនដែលបានមកពីកន្លែងខុសៗគ្នាដើម្បីបង្កើតបានជារូបភាពកាត់ទទឹងនៃសរីរាង្គក្នុងខ្លួន។ វាអាចបញ្ជាក់ឲ្យដឹងថាតើស្បូន, ក្រពេញអូវែរ និងតម្រងនោមមានលក្ខណៈធម្មតាឬក៏អត់ ។
ការថត Magnetic Resonance Imaging (MRI)៖ MRI គឺជាការប្រើប្រាស់រលកវិទ្យុសកម្មដែលមានដែនម៉ាញ៉េទិចខ្លាំងដើម្បីបង្កើតបានជារូបភាពដ៏ច្បាស់ជាច្រើននៃជាលិការទន់ៗក្នុងរាងកាយមនុស្ស។ គ្រូពេទ្យអាចនឹងធ្វើតេស្តបែបនេះដើម្បីពិនិត្យរកមើលដុំសាច់ក្នុងក្រពេញ Pituitary ។
១៦-ការព្យាបាល ៖ ការព្យាបាលអាស្រ័យទៅលើមូលហេតុនៃការមិនមករដូវ។ ករណីខ្លះ ថ្នាំគ្រាប់ពន្យារកំណើត ឬការព្យាបាលដោយអ៊័រម៉ូន ផ្សេងៗ ទៀតអាចជួយអោយវដ្តរដូវអ្នកត្រឡប់មកធម្មតាវិញបាន។ ការមិនមករដូវអាចបណ្តាលមកពីភាពមិនធម្មតានៃក្រពេញទីរ៉ូអ៊ីត ឬក្រពេញ Pituitary។ បើសិនជាមានដុំសាច់ ឬការស្ទះក្នុងរចនាសម្ព័ន្ធណាមួយ ការវះកាត់ប្រហែលជាត្រូវធ្វើក្នុងករណីចាំបាច់។
១៧-របៀបរស់នៅ និងការព្យាបាលនៅតាមផ្ទះដោយខ្លួនឯង ៖ កត្តារបៀបរស់នៅមួយចំនួនដូចជា ការហាត់ប្រាណច្រើនពេក ឬញ៉ាំអាហារតិចពេកក៏អាចធ្វើឲ្យមិនមករដូវបានដែរ។ ដូច្នេះ ចូរធ្វើយ៉ាងណាផ្តល់តុល្យភាពដល់រឿងនេះ ។ ចូរធ្វើការដោះស្រាយទៅលើអ្វីដែលនាំអោយអ្នកស្ត្រេស និងជម្លោះនានាក្នុងជីវិត។ បើសិនជាអ្នកមិនអាចបន្ថយស្ត្រេសដោយខ្លួនឯងទេ ចូរសុំជំនួយពីគ្រួសារ, មិត្តភក្តិ ឬគ្រូពេទ្យ ។
ចូរយល់ដឹងអំពីការប្រែប្រួលចំពោះវដ្តរដូវរបស់អ្នក និងឲ្យពេទ្យពិនិត្យបើសិនជាអ្នកមានការព្រួយបារម្ភ។ ចូរធ្វើការកត់ត្រាទុកថាតើពេលណាអ្នកមករដូវ។ ចូរធ្វើការសម្គាល់ទៅលើថ្ងៃខែដែលអ្នកចាប់ផ្តើមមករដូវដូចជា តើវាមានរយៈពេលយូរប៉ុណ្ណា និងមានរោគសញ្ញាធ្វើទុក្ខអ្វីខ្លះ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ