ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃសុក្រ កន្លងមកនេះថា ក្រុមវិនិយោគិនចិនមួយក្រុមដែលត្រូវបានដឹកនាំដោយអ្នកតំណាងមកពីរដ្ឋាភិបាលចិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញដីសម្រាប់ការធ្វើឧស្សាហកម្មប្រមាណ១៦០០ហិចតាក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) របស់ប្រទេសថៃដើម្បីបង្កើតសហគមន៍ខ្លួន និងធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនកាន់តែល្អប្រសើរក្នុងអាស៊ាន។
កាលពីប៉ុន្មានសប្តាហ៍មុន រដ្ឋាភិបាលចិននិងវិស័យឯកជនបានជួបគ្នាជាមួយនឹងអាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) ទាក់ទិននឹងការនៅក្នុងតំបន់អភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ការធ្វើឧស្សាហកម្មតែមួយ។
ប្រធាន IEAT គឺលោកស្រី Somchint Pilouk បាននិយាយថាប្រទេសចិនចង់បង្កើតសហគមន៍ខ្លួនក្នុង EEC ដើម្បីជួយដល់វិនិយោគិន និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនក្នុងអាស៊ាន។
រដ្ឋាភិបាល និងវិនិយោគិនចិនចង់ឲ្យរដ្ឋាភិបាលថៃរកដីប្រមាណ ១៦០០ហិចតាក្នុង EEC សម្រាប់ពួកគេទិញ ប៉ុន្តែអ្នកស្រី Somchint បាននិយាយថាវាអាចនឹងពិបាកក្នុងការស្វែងរកដីក្នុងទំហំធំដូច្នេះ។
វិនិយោគិនចិនកំពុងតែបង្កើនការវិនិយោគក្នុងអាស៊ានដោយផ្តោតសំខាន់លើវិស័យចំនួន ១២ដែលរដ្ឋាភិបាលចង់លើកតម្កើង។ ខេត្ត Rayong, Chon Bori និង Chachoengsao ជាខេត្តទាំងបីដែលវិនិយោគិនផ្តោតសំខាន់លើ។
អ្នកស្រីបាននិយាយថា «ពួកយើងគិតថារដ្ឋាភិបាលចិននឹងនាំយកអាជីវកម្មប្រមាណ ៥០០ ទៀតមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ»។
IEAT បានសហការជាមួយនឹងក្រុមហ៊ុននិងរដ្ឋាភិបាលចំនួន ១៦ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សហគមន៍មួយដើម្បីគាំទ្រដល់សហគមន៍ក្នុងតំបន់ទាំង ១០ ហើយអាចនឹងបង្កើតការងារប្រមាណ ១ពាន់កន្លែងសម្រាប់ប្រជាជនក្នុងតំបន់ក្នុងកំឡុងពេល៣ឆ្នាំទៀតផងដែរ ។
លោក Somchai Harnhirun ដែលជាអនុរដ្ឋមន្ត្រីឧស្សាហកម្មថៃបាននិយាយថារដ្ឋាភិបាលចង់បង្កើតការងារថ្មីៗសម្រាប់ប្រជាជនក្នុងតំបន់ បង្កើនប្រាក់ចំណូលពួកគេ និងបង្កើនគុណភាពនៃការរស់នៅប្រចាំថ្ងៃផងដែរ ៕
ចែករំលែកព័តមាននេះ