ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ស្នើ​កូរ៉េ​ខាងត្បូង​ពង្រីក​ទីផ្សារ​បន្ថែម​សម្រាប់​ផលិតផល​ពី​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ជំនួប​ជជែក​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក មូ​ន ចេ​អិន (Moon Jae-in) នៅ​ថ្ងៃនេះ (​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ជំនួប​ជជែក​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក មូ​ន ចេ​អិន (Moon Jae-in) នៅ​ថ្ងៃនេះ (​ថ្ងៃ​ទី ១៤ ខែមីនា​) កម្ពុជា​គ្រោង​ស្នើ​ទៅ​កូរ៉េ​ខាងត្បូង ឲ្យ​ជួយ​ទិញ​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ បាន​អញ្ជើញ​ជា​អធិបតីភាព​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ចាស់​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចរចា​ផ្លូវការ និង​ធ្វើ​វេទិកា​ធុរកិច្ច​រួម​គ្នា រវាង​កម្ពុជា និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Moon Jae-in នឹង​ប្រព្រឹត្ត​ទៅ នា​ថ្ងៃ​ទី ១៤ ខែមីនា នេះ​ដូច្នេះ​ការ​ជជែក​ពិភាក្សា​នេះ គឺ «​យើង​នឹង​ខិតខំ​បើក​ទីផ្សារ ។ ហើយ​ស្អែក​គម្រោង​នៃ​ការ​លើក​របស់ខ្ញុំ ស្នើ​ឱ្យ​កូរ៉េ​ជួយ​ទិញ​ផលិតផល របស់​កម្ពុជា​បន្ថែម​ទៀត​»​។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ទីផ្សារ​របស់​យើង​ពិត គឺ​យើង​មិន​អាច​ទៅ​ចំណុះ​លើ​ទីផ្សារ​ណាមួយ ដែល​គេ​ខ្ទប់​ច្រមុះ យើង​ឲ្យ​ស្លាប់​នោះ​ទេ​» ។ ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឡើង ស្រប​ពេល​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា គឺ​ទីផ្សារ​អឺរ៉ុប ហាក់​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​មិន​ច្បាស់លាស់ បន្ទាប់​ពី​អឺរ៉ុប​បាន​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​អាច​នាំ​ទៅ​ដល់​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)» ពី​ប្រទេស​កម្ពុជា ដែល​អាច​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បង់ពន្ធ​ប្រមាណ​ជាង ៥០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ។

ក្រសួងពាណិជ្ជកម្ម កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​បង្ហាញ​នូវ​របាយការណ៍​នៃ​ការ​នាំ​ចេញ​-​នាំ​ចូល​របស់​កម្ពុជា ដោយ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​បរទេស​សរុប​ចំនួន ២៤,៩៨៥​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដែល​ក្នុង​នោះ ក្នុង​ឆ្នាំ​២០១៨ ការ​នាំ​ចេញ​របស់​កម្ពុជា​មានការ​កើនឡើង​ចំនួន ១០% ដែល​កំណើន​នេះ​ទទួល​បាន​ពី​ការ​កើនឡើង​នៃវិស័យ​កាត់ដេរ និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​ឧស្សា ហកម្ម តាម​រយៈ​ការ​ខិតខំ​បើក​ច្រក​ទីផ្សារ នាំ​ចេញ​ទៅ​កាន់​ជាង​១៤៧​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ។

យ៉ាងណាមិញ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​របស់​កូរ៉េ​ជា​ភាសា​អង់គ្លេស​ឈ្មោះ Yonhap News Agency កាលពីដើម​ខែមករា ឆ្នាំ​២០១៩ នេះ​បាន​បញ្ជាក់​ថា យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​ធនាគារ​នីហរ័ណ​អាហរ័ណ​របស់​កូរ៉េ បានអោយ​ដឹង​ថា​មាន​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជាង ៩០០ ក្រុមហ៊ុន​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ការ​វិនិយោគ​រួម​របស់​ពួក​គេ​ចាប់តាំងពី​ឆ្នាំ ១៩៦៨ រហូត​ដល់​ខែ កញ្ញា ឆ្នាំ ២០១៨ បាន​ឈាន​ដល់ ២,៦៧ ពាន់​លាន​ដុល្លារ ។ បើ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កូរ៉េ​បានឱ្យ​ដឹង​ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មាន ចំនួន ៨៩០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ធៀប​នឹង ៧៥០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣​។

លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Moon Jae-in កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កាន់​ប្រទេស​កម្ពុជា គិត​ចាប់ពី​ថ្ងៃ​ទី ១៤-១៦ ។ ក្នុង​នោះ​ផង​ដែរ លោក Moon Jae-in បាន​ថ្លែងការណ៍​មុន​ការ​មក​ដល់​ប្រទេស​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹង​ថា​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Moon Jae-in កំពុង​ធ្វើ​ទស្សនកិច្ច​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​បី គឺ​ប្រទេស​ប្រុយ​ណេ ម៉ា​ឡេ​ស៊ី និង​ប្រទេស​កម្ពុជា ។ លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង បាន​ស្ងើចសរសើរ​ដល់​ការ​រីក​លូត លាស់​របស់​អាស៊ាន​ជា​រួម​ទាំង​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ។ លទ្ធផល​ជាក់ស្តែង​ពី​កិច្ច​សហប្រតិបត្តិការ​កំពុង​លេច​ចេញ​ជា​រូបរាង​ឡើង​រវាង​កូរ៉េ​និង​អាស៊ាន​បាន​ចេញ​ជា​រូបរាង ជាក់ស្តែង ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​រវាង​ប្រទេស​អាស៊ាន​និង​កូរ៉េ​បាន​កើន​លើស ១០ លាន​នាក់​ជា​លើក​ដំបូង​កាលពី​ឆ្នាំ ២០១៨ ។ ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ដល់ ១៦០ ពាន់​លាន​ដុល្លារ​ផង​ដែរ ។

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រីក​ទីផ្សារ​នៅ​បរទេស កម្ពុជា​ក៏​បាន​នឹង​កំពុង​សហការ​ជាមួយ​ប្រទេស​ជប៉ុន​ជម្រុញ​ផ្លាស់​ប្តូរ​អាជីវកម្ម​ជា​លក្ខណៈ​អន្តរជាតិ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ក្រិ​ក នៅ​មាន​កម្រិត នៅឡើយ ។ ប្រទេស​កម្ពុជា និង​ជប៉ុន​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនទាន​ថ្មី ដើម្បី​កែប្រែ​នូវ បរិយាកាស​ធុរកិច្ច​ជា​អន្តរជាតិ ដែល​មាន​ឥ​ទ្ធ​ពល​ទៅ​លើ​ការ​បង្កើត​គោលនយោបាយ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ និង​បាន​ផ្តោត​ទៅ​លើ​ការ​អនុវត្តន៍​អាជីវកម្ម ខ្សែ​សង្វា​ក់​ផលិត​ជាស​កល សម្រាប់​កម្ពុជា​និង​ជប៉ុន​ក្នុង​ពេល​បច្ចុប្បន្ន​។
រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​សំ សិរី​រតន៍ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី ការ​ផ្លាស់​ប្តូរ​ជំនួញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​អាស៊ាន និង​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​រួច​ជា​ស្រេច ក្នុង​ការ​ជម្រុញ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​មានការ​រីក​ចម្រើន តាម​រយៈ​ការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​និង​ជា​កត្តា​កំណត់​ភាព​ជោគជ័យ ក្នុង​ការ​ចូលរួម​ពី​ដៃគូ​វិស័យ​ឯកជន អង្គការ​មិនមែន​រាជរដ្ឋាភិបាល សហព័ន្ធ សហ​គម សមាគម​ពាណិជ្ជកម្ម រួម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត​។

លោក​បន្ត​ថា “​ការ​ជម្រុញ​ពាណិជ្ជកម្ម​នៃ​ការ​នាំ​ចូល​-​នាំ​ចេញ​ផលិតផល រវាង​កម្ពុជា​និង​ជប៉ុន គឺជា​កិច្ច​សហប្រតិបត្តិការ​មួយ​ដ៏​ល្អ ជា​ពិសេស​ការ​រៀបចំ​សិក្ខាសាលា​នៅ​ក្នុងថ្ងៃនេះ ការ​ផ្លាស់​ប្តូរ​នូវ​ទស្សនៈ​ថ្មី​ៗ ការ​ផ្លាស់​ប្តូរ​នូវ​បរិយាកាស​ជា​អន្តរជាតិ ដែល​មាន​ឥ​ទ្ធ​ពល​ទៅ​លើ​ការ​បង្កើត​គោលនយោបាយ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ជា​ខ្សែ​សង្វា​ក់​ផលិតកម្ម​សម្រាប់​កម្ពុជា និង​ជប៉ុន​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជម្រុញ​ដល់​កំណើនសេដ្ឋកិច្ច តាម​រយៈ​ការ​ជម្រុញ​ធ្វើ​ពាណិជ្ជកម្ម កា​រវិន​យោគ​នានា​។
ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជប៉ុន មានការ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ដោយ​ជប៉ុន​នាំ​ចូល​មក​កម្ពុជា មាន​ទឹកប្រាក់​សរុប​ជាង ៣៥៨​លាន​ដុល្លា​អា​មេ​រិ​ក ហើយ​ការ​នាំ​ចេញពី​កម្ពុជា ទៅ​ជប៉ុន​មានទឹក​ប្រាក់​សរុប ១,២៦២ លាន​ដុល្លា​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៧​។ ប្រភេទ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​ជប៉ុន​រួម​មាន វាយ​ន​ភណ្ឌ ស្បែកជើង ស្បៀងអាហារ ស្ករ ត្រី អាហារ​សមុទ្រ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​។ ការ​នាំ​ចូល​ពី​ជប៉ុន​មក​កម្ពុជា​រួម​មាន​៖ គ្រឿង​អាហារ ទំនិញ​ឧស្សាហកម្ម (​ដែក ស័​ង្គ​សី​) ផលិតផល​ពេទ្យ គ្រឿង​ម៉ាស៊ីន ឡាន និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផង​ដែរ​។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មករ​វាង​កម្ពុជា​និង​ប្រទេស ក្រិ​ក មាន​ទំហំ​ប្រមាណ​១៥,៧៣៥,៤៨២.៣​ដុល្លារ​អា​មេ​រិ​ក នេះ​តាម​តួលេខ​ឆ្នាំ​២០១៧ កន្លង​មក​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អ៊ិ​ល​ស៊ី​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ជប៉ុន​នៅ​ពេល​ពួក​គេ ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួក​គេ​សិក្សា​ច្បាស់លាស់​ណាស់ ទើប​ពួក​គេ​មក​វិនិយោគ ហើយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ ស្ថេ​រ​ភាព​សង្គម និង​ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច ជា​អ្វី​ដែល​អ្នក​វិនិយោគ​ចង់បាន​។ លោក​បន្ត​ថា «​អ្នក​វិនិយោគ​ក៏​សិក្សា​ពី​ប្រ​ព័​ន្ឋ​ច្បាប់​របស់​កម្ពុជា​ផង​ដែរ ហើយ​កម្ពុជា​ជា​ប្រទេស​មាន​លក្ខណៈ​បើកចំហ និង​ច្បាប់​ព​ន្ឋ​មិន​មាន​ភាព​ស្មុ​គ្រ​ស្មាញ ដោយ​មិន​មានការ​បែងចែក​រវាង​អ្នក​វិនិយោគ​ក្នុងស្រុក និង​អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​កក់ក្តៅ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ