ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្លឹក​បៀសម រ​ង្ស៊ី ​ត្រូវ​បាន​ធីប​ចោល…​ចុះ​​​កឹ​ម​សុខា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ លោក សម រ​ង្ស៊ី​ ​មិន​អាច​សម្រេច​នូវ​អ្វី​ដែល​លោក​ចង់បាន បើ​ទោះបី​ជាលោកបាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ហើយ​ក្តី​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ស្ថានភាព​នយោបាយចុង​ក្រោយ ហាក់ដូចជា​មិន​អំណោយផល​ដល់​លោក​ទេ…

រហូត​មក​ទល់​ពេល​នេះ លោក សម រ​ង្ស៊ី​ ​មិន​អាច​សម្រេច​នូវ​អ្វី​ដែល​លោក​ចង់បាន បើ​ទោះបី​ជាលោកបាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ហើយ​ក្តី​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ស្ថានភាព​នយោបាយចុង​ក្រោយ ហាក់ដូចជា​មិន​អំណោយផល​ដល់​លោក​ទេ ​ដោយ​អាច​ធ្វើ​ឱ្យជីវិត​នយោបាយ​របស់​លោក​​នឹង​ត្រូវ​បញ្ចប់ ខណៈ​ដែល​សន្លឹក​បៀនយោបាយ​របស់​លោក​កឹ​ម ​សុខា​ មិន​ទាន់​ត្រូវ​បាន​ធីប​ចោល​ ។

​បើ​ទោះបីជា​រូប​លោក​ស្ថិត​នៅ​ក្រៅប្រទេស​ក្តី លោក សម រ​ង្ស៊ី​ នៅ​តែ​បន្ត​ការ​រំខានដល់​រដ្ឋាភិបាល​កម្ពុជា និង​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​តាមរយៈ​សកម្មភាព​ជា​ច្រើន​ ដែល​លោក​អាច​ធ្វើ​បាន​នៅ​ក្រៅប្រទេស​ ។ លោក សម រ​ង្ស៊ី​ បាន​ទាក់ទាញ​ទឹកចិត្ត​ជនបរទេស​ ឱ្យ​​ដាក់​ការ​គាបសង្កត់ដល់​រដ្ឋាភិបាល​ដែល ដឹកនាំ​ដោយសម្តេច​តេ​ជោ​ហ៊ុន​ សែន​ ។ លោក សម រ​ង្ស៊ី​ បាន​ទាមទារ​ឱ្យ​​មានការ​បើកផ្លូវឱ្យ​​រូប​លោក រូប​លោក កឹ​ម​ សុខា និងអ្នកនយោបាយ​ប្រឆាំង​ផ្សេង​ទៀត​ ដែល​ហាមឃាត​់អាច​ធ្វើ​នយោបាយ​ដូច​ដើម​ ។ លោក ទាម​ទារឱ្យ​​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើង​វិញ និង​ការ​ទាមទារ​មូ​ួ​យ​ចំនួន​ទៀត​។ ធ្ងន់ធ្ងរ​ជាង​នេះ លោក​ទាមទារ​អោយមានការ​កំចាត់សម្តេច​តេ​ជោ​ហ៊ុន ​សែន ​ចេញពី​តំណែង​នាយក​រដ្ឋ​ម​ន្ត្រី​ ​​។

ប៉ុន្តែ​រាល់​ការ​ទាមទារ​របស់​លោក​ រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​បាន​ទទួល​ផ្លែផ្កា​ណាមួយ​​ឡើយ​។ ផ្ទុយ​មក​វិញ ​លោក​គ្រាន់តែ​បាន​ដុត​កំហឹង​ ដល់​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​ដែល​ជា​អ្នក​កាន់​សន្លឹក​បៀនយោបាយ​សំខាន់​ជាងគេ​បំផុត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ ។

ជា​ប្រតិកម្ម​ទៅ​នឹង​ការ​វាយលុក​ដោយ​លោក សម រ​ង្ស៊ី​ នោះ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បានឈាន​ដល់ការ​សម្រេចចិត្ត​មួយ​ដែល​ថា ​ការ​បង្រួប​ប​ម្រួ​ម​ជាមួយ​លោក សម រ​ង្ស៊ី​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ។ ដូច្នេះ សម្តេច​ក៏​ធីប​ចោល​សន្លឹក​បៀ​នយោបាយ​របស់​លោក​សម រ​ង្ស៊ី​ ។

ស្ថានភាព​បែប​នេះ​ បាន​ធ្វើ​អោយ​លោក​សមរ​ង្ស៊ី​ មានការ​ព្រួយបារម្ភ​ថា​ នឹង​មានការ​ប្រែប្រួល​នយោបាយ​ផ្ទៃក្នុង​ នៅ​ក្នុង​សម្ព័​ន្ធ​​ភាព ​រវាង​ក្រុម​លោក​នឹង​ក្រុម​លោក​កឹ​ម ​សុខា​ ។ នៅ​ពេល​ដែល​ក្រឡា​អុក​នយោបាយ របស់លោក​ ហាក់ដូចជា​ជាប់​គាំង​នោះ លោក សម រ​ង្ស៊ី​ បារម្ភ​ថា ​ក្រុម​លោក កឹ​ម​សុខា​ អាច​ដើរ​ចេញពី​ក្រុមរបស់​លោក​ ហើយ​អាច​មាន​វាសនា​​នយោបាយ​ឡើង​វិញ​ តាម​រយៈ​ការ​សម្រប​ស​ម្រូ​ួ​ល​មួយ​ ដែល​អាច​នឹង​កើត​មាន​ជាមួយ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​។

លោក សម រ​ង្ស៊ី​ ថ្មី​ៗ ​បាន​ចេញ​សារ​នា​យោ​បាយ​ដែល​មាន​លក្ខ​ណៈព្រមាន ដល់​ក្រុមលោកកឹ​ម ​សុខា​ មិន អោយធ្វើ​ការ​សុំ​សិ​ទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈដែល​មួយរយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ មានការ​ប្រឈម​មុខ​ដាក់​គ្នា​ កាន់តែ​ខ្លាំង​រវាង​ក្រុម​លោក​សម រ​ង្ស៊ី​ និង​ក្រុម​លោក​កឹ​ម ​សុខា​ ។

លោក សម រ​ង្ស៊ី​ រហូត​មក​ដល់​ពេល​នេះ ​មិន​មាន​ភាព​​បត់បែន​នយោបាយឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី រក​ច្រក​ចេញ​ដ៏​ល្អ​មួយ​ សម្រាប់​ក្រុម​អ្ន​ក​គាំទ្រ​របស់​លោក​ឡើយ​ ដោយ​ធ្វើឱ្យ​​គេ​នឹកឃើញ​ដល់​ការ​បែកបាក់​ដែល​ធ្លាប់​មាន​រវាង​សម្ព័​ន្ធ​ភាព ​រវាង​លោក​និង​សម្តេចក្រុមព្រះ​នរោត្តម​ រណ​ប្ញ​ទ្ធិ ដែល​ពេល​នោះ​ ជា​ព្រះប្រធាន​គណ​ប​សក្សហ្វុ៊ន ស៊ិ​ន​ប៉ិច​ ដ៏​ធំ​មូ​ួ​យ ​។ ពេល​នេះ បើសិនជា​ក្រុម​របស់​លោកកឹ​ម ​សុខា​ មាន​ភាព​បន់​បែន នយោ​បាយ​រហ័ស​ជាង​​នោះ វា​នឹង​ធ្វើ​អោយ​លោក​សម រ​ង្ស៊ី​ ទទួល​បរាជ័យ​ខ្លាំងបំផុត​ នៅ​ក្នុង​ឆាកជីវិត​នយោបាយ​របស់​លោក ​ចាប់តាំងពី​រូប​លោក​ចាក​ចេញ ពី​គណ​ព​ក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​បាន​បង្កើតគណ​បក្ស​នយោបាយ​ឈ្មោះ​គណបក្ស​ជាតិខ្មែរ​ ដែល​ក្រោយមក​ប្តូរ​ឈ្មោះ​ ជា​គណបក្ស​សម រ​ង្ស៊ី​ កាលពី​ឆ្នាំ​១៩៩៥​។

នៅ​ពេល​គេ​ពិបាក​នឹង​ឃើញ​ពន្លឺ​នយោបាយ​រះ​ឡើង​វិញ​ សម្រាប់​លោក សម រ​ង្ស៊ី​ នោះ ការ​ចាប់អារម្មណ៍ នឹង​សម្លឹងមើល​ថា ​តើ​លោក​កឹ​ម ​សុខា​ និង​ក្រុម​របស់​លោក​ មាន​ភាព​បត់បែន​នយោបាយ​យ៉ាងណា​? តើ​ក្រុមលោកកឹ​ម ​សុខា​ នឹង​បន្ត​ធ្វើ​នយោបាយ​​ជាមួយនឹង​ជំហរ​ដ៏រឹងប៉ឹង​របស់​លោក​សម រ​ង្ស៊ី ទៀត​ឬ​យ៉ាង​ណា?

បើសិនជា​ក្រុម​លោក​កឹ​ម ​សុខា នៅ​តែ​ប្រកាន់​ជំហរ​ដូច​សម រ​ង្ស៊ី​ នោះ នយោបាយ​កម្ពុជា​​នឹង​ស្ថិតនៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​បន្ត​ទៀត​ ដោយ​គ្មាន​ភាព​ប្រាកដប្រជា​ ។ ចំណែក​លោក​កឹ​ម ​សុខា​ ទំនងជា​នឹង​ស្ថិត​នៅ​ក្នុង​​ការ​ឃុំខ្លួន​ គ្មាន​​ពេល​កំណត់​បន្ត​ទៀត​ ។ នេះ​ជា​សេណា​រី​យ៉ូ​នយោបាយ ដែលអាក្រក់​បំផុត​ សម្រាប់​លោក​សម រ​ង្ស៊ី លោក កឹ​ម ​សុខា​ និង​អ្នកគាំទ្រ និងសម្រាប់ប្រទេសកម្ពុជា​ផង​ដែរ ពីព្រោះ​អ្វី​ៗ​ត្រូវ​ដាក់​អោយ​ស្ថិត​នៅ​ក្នុង​ភាព​ប្រាកដប្រជា​យូរអង្វែង ​។

ជម្រើស​នយោបាយ​ដែល​ល្អ​សម្រាប់​អ្នកនយោបាយ​ប្រឆាំង​ គឺ​ត្រូវ​រក​វិធី​ណាមួយ​ ដែល​ពួក​គេ​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​​យ៉ាង​ពេញលេញ​ និង​មាន​មេដឹកនាំ​ដ៏​ត្រឹមត្រូវ ​ដើម្បី​ធ្វើការ​ប្រកួត​នយោបាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ​។ ការ​ខ្វះ​ភាព​បត់បែន​ និង​ការ​ខ្វះ​ការ​រៀបចំ​ក្រឡា​​នយោបាយ ថ្មី​នឹង​មិន​អាច​នាំ​ផល​ល្អ ដល់​ពួក​គេ​ឡើយ​ ។ ការ​រង់ចាំ​ឱកាស​ដោយ​មិន​បាន​ធ្វើ​អ្វីមួយ វា​មិន​ខុស​ពី​ការ​ធ្វើ​អត្តឃាត ផ្នែក​នយោ​បាយ​​ឡើយ​។

ការ​ស្រមៃ​អោយ​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើង​វិញ​ គឺជា​ការ​ស្រមៃ​ដែល​មិន​អាច​ក្លាយជា​ការ​ពិត​បាន​ទេ​ ។ ចំណែក​ការ​គិត​ថា ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជាទី​បញ្ចប់​ផ្នែក នយោបាយ​សម្រាប់ អ្នក នយោបាយ​ប្រឆាំង​ក៏​អាច​ជា​ការ​គិត​ខុស​មួយ​។

គេ​ត្រូវ​តែ​ធ្វើការ​វិភាគ​អោយ​សព្វ​ជ្រុងជ្រោយ​ ទៅ​លើ​ការ​សម្រេចចិត្ត​របស់​អ្នកបោះឆ្នោត​ ។ តើ​គណបក្ស សង្គ្រោះ​ជាតិ ​អាច​ដណ្តើម​កៅអី​បាន​រហូត​ ដល់​៥៥​កៅអី​ ក្នុង​ចំណោម​កៅអី​១២៣​ នៅ​រដ្ឋសភា​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​គឺ​ដោយសារ​តែ​ឈ្មោះ​សង្គ្រោះ​ជាតិ ដោយសារ​តែ​សម រ​ង្ស៊ី និង ដោយសារ កឹ​ម​សុខា?

ការ​សម្លឹង​មួយ​ភ្លែត​ គេ​នឹង​ងាយ​នឹង​ឈាន​ដល់​ការ​សន្និដ្ឋាន​បែប​នេះ ​។ វា​ជា​ការ​បដិសេធ​ ការ​ពិត​មួយ កាលបើនិយាយ​ថា លោក សម រ​ង្ស៊ី លោក កឹ​ម សុខា និងគណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូលរួមចំណែក​ចំពោះ​ភាព​ជោគជ័យ​នោះ​។

ប៉ុន្តែ​បើ​ពិនិត្យ​អោយ​ស៊ីជម្រៅ​ទៅ លោក សម រ​ង្ស៊ី លោក កឹ​ម សុខា និងគណបក្ស​សង្គ្រោះជាតិ​កាលនោះ​អាច​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង ​ក៏​ដោយសារ​តែ​ប្រជាជន​កាន់តែ​ច្រើន ​មានការ​មិន​ពេញចិត្ត​ទៅ​នឹង​បញ្ហា​សង្គម​ ដូច​ជា​សេវា​សា​ធារ​ណៈអន់​ថយ​ ដូច​ជា​វិ​ស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ អំពើ​ពុក​រលួយ បញ្ហា​គ្រឿងញៀន​ និង​បញ្ហា​ជា​ច្រើន ​ដែល​ញាំញី​ដល់​សង្គម​កម្ពុជា​។ ជាង​នេះ​ទៅ​ទៀត ការ​សន្យា​ផ្តល់ ប្រាក់ខែ​១៦០​ដុល្លារ​ នៅ​ក្នុង​មួយ​ខែ​ដល់​កម្មករ​កាត់ដេរ ​បាន​មាន​ឥ​ទ្ធិ​ពល​ជា​ខ្លាំង​ ដល់​ការ​សម្រេចចិត្ត​របស់​កម្មករ​កាត់ដេរ​ជាង​៧​សែន​នាក់ ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី
​ឆ្នាំ​២០១៣​។

ដោយ​ពិនិត្យ​មើល​ហេតុការណ៍​ទាំង​អស់នេះ អ្នកនយោបាយ​ប្រឆាំង​នៅ​តែ​មានល​ទ្ធ​ភាព​ច្រើន​ នៅក្នុង​ការ​ប្រកួតប្រជែង​ ជាមួយ​គណបក្សកាន់អំណាច​ គឺ​គណបក្ស​ប្រជាជន បើសិនជា​ពួក​គេអាច​រួបរួម​បង្កើត​គណ​បក្ស​នយោបាយ​ដ៏​ធំ​មួយ​ និង​មាន​រចនា​សម្ព័​ន្ឋ​ដ៏​រឹង​មាំ​ ដែល​អាច​តាក់តែង​ចេញ​ជា​កម្មវិធី ​និង​យុ​ទ្ឋ​សាស្ត្រ​នយោបាយ​​យ៉ាង​មាន​ប្រ​សិទ្ធភាព ។

ស្ថានភាព​នយោបាយ​ចង្អុលបង្ហាញ​ថា​ វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ​ ចំពោះ​សេណា​រី​យ៉ូ​មួយ ​ដែល​ចង់អោយ​សង្គ្រោះ​ជាតិរស់​ឡើង​វិញ ​ជាមួយនឹង​វត្តមាន​ពេញលេញ​ទាំង​សម រ​ង្ស៊ី​ និង​កឹ​ម ​សុខា​ នៅ​ក្នុង​នយោបាយ​។

ដូច្នេះ​ ស្ថានភាព​នយោបាយ​ប្រហែលជា​បាន​ដើរ​ចេញ​ឆ្ងាយ​ហើយ ពី​លោក​សម រ​ង្ស៊ី បើសិនជា​ពិនិត្យ​មើល ការ​សម្រេចចិត្ត​ដ៏​មុតមាំ​របស់​បុរស​ខ្លាំង​ គឺ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន​ ។

សេណា​រី​យ៉ូ​នយោបាយ​ ដែល​អាច​កើត​មាន​ គឺ​នឹង​មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​ ដើម្បី​អាច​ឈាន​ដល់​ការ​ផ្តល់​សិទ្ធិ​​ពេញលេញ​ ដល់​លោក​កឹ​ម​ សុខា​ ដើម្បី​ចាប់ផ្តើម​ជីវភាព​នយោបាយ​ថ្មី​ និង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ ឬ​ក៏​វិល​ទៅ​រក​គណបក្ស​សិ​ទ្ធិ​មនុស្ស​របស់​លោក​វិញ​ ។ ប៉ុន្តែ​វា​នៅ​តែ​ចំណុះ​ថា​
តើសម្តេចតេ​ជោ​នឹង​ព្រម​ធ្វើការ​សម្របសម្រួល​ណាមួយ​ឬ​អត់ បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់​តុលាការ​។

សេណា​រី​យ៉ូ​នយោបាយ​មួយទៀត​​នឹង​អាច​កើត​មាន បើសិនជា​សន្លឹក​បៀ​នយោបាយ​របស់លោក កឹ​ម សុខា​ត្រូវ​បាន​ធីប​ចោល​។ នៅ​ក្នុង​ករណី​នេះ អ្នកនយោបាយ​ប្រឆាំង​ផ្សេង​ទៀត​ក៏​អាច ធ្វើការ​សម្រេច ចិត្ត​អោយ​ទាន់​ពេលវេលា​ ដើម្បី​មាន​សិ​ទ្ធិ​នយោបាយ​ពេញលេញ​ និង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដ៏​រឹង​មាំ​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

អ្នកនយោបាយ​ត្រូវ​តែ​មាន​ក្រឡា​អុក​នយោបាយ​ច្រើន​បែប ​។ បើសិនជា​ស្ថានភាព​តម្រូវ​អោយ​គ្មាន សម
រ​ង្ស៊ី គេ​ត្រូវ​តែ​គូសវាស​នយោបាយ​ដែល​គ្មាន សម រ​ង្ស៊ី​ ។ បើសិនជា​ស្ថានភាព​នយោបាយ តម្រូវ​អោយ គ្មាន​​ទាំង​សម រ​ង្ស៊ី​ និង​កឹ​ម ​សុខា គេ​ត្រូវ​គូសវាស​វ៉ៃ​ក្រឡា​នយោបាយ​ថ្មី​ ដោយ​គ្មាន​អ្នក​ទាំង​ពីរ​ ។

ការ​ធ្វើ​នយោបាយ​មិន​ចំណុះ​តែ​លើ​បុគ្គល​ម្នាក់ ​ឬ​ក៏​ពីរ​នាក់​នោះ​ឡើយ​។ ដូច​នៅ​ក្នុង​ធុរកិច្ច​នានា វា​ទាមទារ ការ​រៀបចំ​ក្រុម​ដ៏​ខ្លាំង​មួយ​ ដែល​ជា​កម្លាំង​នឹង​មិន​អាច​បំបែក​បាន​ និង​មាន​ភាពរឹងមាំ​ជាង​បុគ្គលិក​ ។

ការ​ខ្វះ​របៀប​គិត​នៃ​ការ​រៀបចំ​ក្រឡា​អុក​នយោបាយ​ ទៅ​តាម​ស្ថានភាព​ជាក់ស្តែង វា​នឹង​ក្លាយជា​ការ​ធ្វើ អត្តឃាត​នយោបាយ​មួយ​​ ដែល​និ​ឹ​ង​មិន​គ្រោះថ្នាក់​​ តែ​សម្រាប់​អ្នកនយោបាយ​ទេ វា​ថែម​ទាំង​ប៉ះពាល់​ដល់ ប្រទេស​ជាតិ​ផង​ដែរ​។

ឥឡូវ​យើង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា ​តើ​កឹ​ម ​សុខា​ នឹង​ត្រូវ​ធីប​ចេញពី​នយោបាយ ​ឬ​ក៏​អត់​ហើយ​ថា​ តើ​អ្នក​នយោបាយ​ផ្សេង​ទៀត​​នឹង​បន្ត​ស្ថានភាព​ ដូច​បច្ចុប្បន្ន​ ឬ​ក៏​រៀបចំ​ក្រឡា​នយោបាយ​ថ្មី​ ដោយ​ចេញដំណើរ​គ្មាន ​សម រ​ង្ស៊ី ឬ​គ្មាន​ទាំង​ស​​ម រ​ង្ស៊ី​ និង​កឹ​ម ​សុខា​ ៕

អត្ថបទសរសេរ ដោយ