ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាប្រពន្ឋមន្ត្រីនគរបាលបចេ្ចកទេសម្នាក់ និងបុរសម្នាក់ទៀតត្រូវជាសាច់ញាតិបានបាត់បង់ជីវិតគួរអោយអាណោចអាធ័ម ខណៈជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងត្រឡប់មកពីចូលរួមមង្គលការបងប្អូនវិញ ហើយត្រូវរថយន្តមួយគ្រឿងបើកបុក និងកិនពីលើ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ និងមានឯកសារមួយចំនួននៅក្នុងរថយន្តនោះ ។
ហេតុការណ៍គួរឱ្យរន្ធត់ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង១២នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត ៥១-៥២ ស្ថិតនៅភូមិជំនាប់ ឃំុសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ភាគីខាងម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AV-១១៧៧ បើកបរដោយឈ្មោះ ញ៉ឹម ញ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចាន់ពីង ឃំុត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ផុន សុជាតា ភេទស្រី អាយុ៣២ឆ្នាំ (ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថាជាប្រពន្ធមន្ត្រីនគរបាលបច្ចេកទេសម្នាក់) មានទីលំនៅភូមិប៉ែលហែល សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកភាគីខាងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ (មានដឹកអំពៅ) ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ ៣C-៩៦៥៤ បើតាមឯកសារដែលក្នុងរថយន្តបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ហន ថន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាមួយគ្រឿងជិះគ្នា២នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តប្រភេទដឹកទំនិញធុនធំមួយគ្រឿងមានដឹកអំពៅ បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបើកចូលចំណែកផ្លូវម្ខាងទៀតរបស់ម៉ូតូហើយក៏បុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង រួចកិនពីលើ បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូបានរងការខូចខាតទាំងស្រុង រីឯរថយន្តបានរងការខូចខាតស្រាល។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ហើយក្នុងរថយន្តនោះមានឯកសារមួយចំនួនផងដែរ ។
តាមសម្តីមន្ត្រីនគរបាលបច្ចេកទេសខេត្តម្នាក់ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះខាងលើបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានទៅចូលរួមពិធីមង្គលការបងប្អូន ដោយជិះម៉ូតូមួយគ្រឿងជាមួយសាច់ញាតិម្នាក់ទៀត លុះពេលធ្វើដំណើរត្រឡប់មកវិញ ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។
លោកវរសេនីយ៍ឯកប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានអោយដឹងថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើការវាស់វែងកន្លែងកើតហេតុ និងបានប្រគល់សពជនរងគ្រោះទាំង២នាក់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណី រីឯរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់រង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ