ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលាក​​ប្លោក​នោម​បង្ក​​ឡើង​ដោយ​មេរោគ​​ECOLIជ្រៀត​ចូល​តម្រង​​នោម​តាម​រយៈ​ប្រដាប់​​បន្ដ​ពូជ​ ការពារ​​ជំងឺ​ប្រភេទ​នេះ​​គប្បី​ប្រើប្រាស់​ផលិត​​ផល​ត្រឹមត្រូវ​តាម​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​​ជំនាញ​

10 ឆ្នាំ មុន

លោក​អ្នក​ដែល​មានអាការៈ​ឈឺ​ផ្សាក្រហាយ​ ពិបាក​នោម​ ឬ​នោម​ញឹក​សូម​គិត​ទៅដល់​ជំងឺ​រលាក​ប្លោក​នោម​ ។​ លោក​សាស្រ្ដាចារ្យ​មហា​បរិញ្ញាវេជ្ជបណ្ឌិត​ ថុង​ សុខ​ហ៊ាន​ ឯក​ទេស​វះកាត់​ជំងឺ​ទូទៅ​ និង​ប្រព័ន្ធ​មូត្រ​សាស្រ្ដ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ប្រាប់​កោះ​សន្ដិភាព​ថា​​ ជំងឺ​រលាក​ប្លោក​នោម​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ម៉្យាង​ឈ្មោះ​ ECOLI ។​ កាល​ណា​មេរោគ​នេះ​ចូល​ទៅ​ផ្នែក​ខាង​

លោក​អ្នក​ដែល​មានអាការៈ​ឈឺ​ផ្សាក្រហាយ​ ពិបាក​នោម​ ឬ​នោម​ញឹក​សូម​គិត​ទៅដល់​ជំងឺ​រលាក​ប្លោក​នោម​ ។​ លោក​សាស្រ្ដាចារ្យ​មហា​បរិញ្ញាវេជ្ជបណ្ឌិត​ ថុង​ សុខ​ហ៊ាន​ ឯក​ទេស​វះកាត់​ជំងឺ​ទូទៅ​ និង​ប្រព័ន្ធ​មូត្រ​សាស្រ្ដ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ប្រាប់​កោះ​សន្ដិភាព​ថា​​ ជំងឺ​រលាក​ប្លោក​នោម​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ម៉្យាង​ឈ្មោះ​ ECOLI ។​ កាល​ណា​មេរោគ​នេះ​ចូល​ទៅ​ផ្នែក​ខាង​ក្នុង​នៃ​ប្លោក​នោម​បង្ក​ឱ្យ​រលាក​ក្រហល់​ក្រហាយ​ពេល​នោម​ម្ដងៗ​ ។​

តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ មេរោគ​ ECOLI ជា​មូលហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ពី​៧០​ទៅ​៨០​ភាគ​រយ​ ។​ មេរោគ​នេះជ្រៀត​ចូល​ទៅ​ក្នុង​តម្រង​នោម​តាម​រយៈ​ទ្វារមាស​របស់​ស្រ្ដី​ និង​ប្រដាប់​បន្ដពូជ​របស់​បុរស​ ។​ មេរោគ​ ECOLI ច្រើន​រស់​នៅ​ក្នុង​ពោះវៀន​ធំ​របស់​មនុស្ស​ កាល​ណា​លោកអ្នក​បន្ទោ​បង់​ មេរោគ​នេះ​ជាប់​មក​ជា​មួយ​លាមក​ បើ​មិន​បាន​លាង​សម្អាត​ឱ្យ​បាន​ស្អាត​ទេ​ មេរោគ​នេះ​នឹង​ចូល​ទៅ​ទ្វារមាស​ស្រ្ដី​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ប្លោកនោម​តែ​ម្ដង​ ។​ ជំងឺ​រលាក​ប្លោក​នោម​តែង​កើត​មាន​ចំពោះ​ស្រ្ដី​ច្រើន​ជាង​បុរស​ ព្រោះ​ផ្លូវ​លាមក​និង​ទ្វារ​មាស​របស់ស្រ្ដី​នៅ​ជិត​គ្នា​ ។​

លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ ចំពោះ​អាការៈ​នៃ​ជំងឺ​រលាក​ប្លោក​នោម​មាន​ដូច​ជា នោម​ញឹក​ នោម​ឈឺ​ នោម​តឹង​ នោម​ក្រហាយ​ នោម​ផ្សា។​ ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឱ្យ​មាន​ឈាម​ពេល​នោម​ ។​
ផល​វិបាក​នៃ​ជំងឺ​នេះ​មាន​ច្រើន​ដូច​ជា​ ៖​
កូន​ក្មេង​ៈ បើ​មិន​បានព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​ អាច​នឹង​មាន​ផល​វិបាក​រលាក​តម្រង​នោម​ ដុំ​ក្រួស​នៅ​ក្នុង​ប្រព័ន្ធ​ទឹក​នោម​ និង​ខ្សោយ​តម្រង​នោម​ ។​
ស្រ្ដី​វ័យ​កណ្ដាល​ ឬ​ស្រ្ដី​មាន​ស្វាមី​ៈ ច្រើន​កើត​ជំងឺ​រលាក​ប្លោក​នោម​ និង​រលាក​ទ្វារ​មាស​ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មានអារម្មណ៍​ខ្លាច​រអា​នៅ​ពេល​រួម​ភេទ​ ព្រោះ​តែ​មាន​ការ​ឈឺ​ចាប់​ ។​ ជាង​នេះ​ទៀត​ ស្រ្ដី​ក៏​អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា​ រលាក​រ៉ាំរ៉ៃ​ ក្រួស​ក្នុង​ប្រព័ន្ធ​ទឹកនោម​ ខ្សោយ​តម្រង​នោម​ និង​កើត​ជំងឺ​ស្ដ្រេស​ដោយ​សារ​តែ​បារម្ភ​ខ្លាំង​ ។​
ស្រ្ដី​វ័យ​ចាស់​ៈ មិន​ងាយ​ជា​ដាច់​ទេ​ ដែល​គេ​ហៅ​ថា​ រលាក​ប្លោក​នោម​រ៉ាំរ៉ៃ​ដែល​អាច​បណ្ដាល​ឱ្យ​ខ្សោយ​ក្រលៀន​ និង​ហៀរ​នោម​ដោយ​មិន​ដឹង​ខ្លួន​ ឬ​ក្អក​លេច​នោម​ សូម្បី​តែ​ជិះ​យាន​រលាក់​ក៏​លេច​នោម​ដែរ​ ។​
វិធី​សាស្រ្ដ​ព្យាបាល​ចែក​ចេញ​ជា​ពីរ​ដំណាក់​កាល​ ៖​
រលាក​ប្លោកនោម​ថ្មីៗ​ៈ
ស្រ្ដី​វ័យ​ក្មេង​ប្រើ​ថ្នាំ​តែ​ម្ដង​នឹង​អាច​ជា​ដាច់​ ។​
ស្រ្ដី​វ័យ​កណ្ដាល​ ឬ​ស្រ្ដី​មានស្វាមី​អាច​ត្រូវ​ព្យាបាល​ចន្លោះ​ពី​១សប្ដាហ៍​ទៅ​១០​សប្ដាហ៍​ ។​
ស្រ្ដី​វ័យ​ចាស់​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំ​មាន​ជាតិ​អ័រម៉ូន​ធ្វើ​ឱ្យ​ទ្វារមាស​សើម​ បង្កើត​មេរោគ​ប្រឆាំង​នឹង​មេរោគ​ ECOLI ។​
ក្នុង​ករណី​រលាក​ប្លោក​នោម​រ៉ាំរ៉ៃ​ៈ
ក្រៅ​ពី​ប្រើថ្នាំ​សម្លាប់​មេរោគ​ ECOLI ក៏​មាន​វិធី​ការពារ​ដូច​ជា​ ទាំង​បុរស​និង​ស្រ្ដី​មុន​នឹង​ក្រោយ​រួម​ភេទ​ត្រូវ​លាង​សម្អាត​ប្រដាប់​បន្ដ​ពូជ​ឱ្យ​ស្អាត​ ។​

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ ដើម្បី​ការពារ​កុំ​ឱ្យ​រលាក​ប្លោកនោម​ លោក​អ្នក​គួរ​អនុវត្ដ​តាម​វិធី​ខាង​ក្រោម​ ៖​
ត្រូវ​លាង​សម្អាត​ទ្វារមាស​ជា​មួយ​នឹង​សាប៊ូ​តាម​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ ។​ លាង​សម្អាត​បន្ទាប់​ពី​បត់​ជើង​តូច​និង​បត់​ជើង​ធំរួច​ ។​ គួរ​ជ្រើស​រើស​សំឡី​អនាម័យ​ឱ្យ​បានត្រឹម​ត្រូវ​មានលក្ខណៈ​ខ្ពស់​ ។​ឈឺ​នោម​ត្រូវ​នោម​ភ្លាមៗ​មិន​ត្រូវ​ទុក​យូរ​ឡើយ​ ។​ ស្រ្ដី​គ្រប់រូប​ រាល់​ពេល​ចូល​បង្គន់​ត្រូវ​ជះទឹក​ឱ្យ​ស្អាត​​ មុនពេល​បន្ទោបង់​ ។​

មិន​ត្រូវ​មាន​ការ​អៀន​ខ្មាស​ទេ​ នៅ​ពេល​មានការ​សង្ស័យ​ថា​កើត​ជំងឺ​រលាក​តម្រង​នោម​ គួរ​តែ​ប្រញាប់​មក​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ កុំទុក​យូរ​ពិបាក​ព្យាបាល​បង្ក​ទៅ​ជា​ធ្ងន់ធ្ងរ​ ។​ គួរចង​ចាំ​ថា​ ស្ដ្រី​ដែល​មានវ័យ​ចាស់​ងាយ​ប្រឈម​នឹង​ជំងឺ​រលាក​ប្លោក​នោម​ខ្លាំង​ ៕​