ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​កម្រិត F4 ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​បី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​កម្រិត F4 ដែល​គ្រោង​នឹង​ចំណាយ​ក្នុង​តម្លៃ​ប្រមាណ ១ ៥០០ លាន​ដុល្លារ លើ​ផ្ទៃដី​លើ​ផ្ទៃដី​ទំហំ ២…

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​កម្រិត F4 ដែល​គ្រោង​នឹង​ចំណាយ​ក្នុង​តម្លៃ​ប្រមាណ ១ ៥០០ លាន​ដុល្លារ លើ​ផ្ទៃដី​លើ​ផ្ទៃដី​ទំហំ ២ ៦០០ ហិ​កតា ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា​នឹង​សាងសង់​នៅ​ឃុំ​ចំនួន ២ ក្នុងស្រុក​កណ្តាលស្ទឹង នៃ​ខេត្តកណ្តាល និង​មួយ​ផ្នែក​តូច​នៅ​ស្រុក​បាទី ខេត្តតាកែវ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​ណែនាំ​ទៅ​ដល់​រដ្ឋបាល​ខេត្តកណ្តាល រដ្ឋបាល​ខេត្តតាកែវ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ ដែល​មាន​ដី​នៅ​ក្នុង​ទីតាំង​គម្រោង​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ផ្អែក​ទៅ​តាម​ការ​កាន់កាប់​ជាក់ស្តែង និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ ។

នេះ​បើ់​យោង​តាម សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី ២៨ ខែ​កុ​ម្ភះ ឆ្នាំ ២០១៩ ។ បន្ថែម​ពីលើ​នេះ គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​សម្រេច​ឲ្យ​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ទិញ លក់​ដី នៅ​តំបន់​ព្រ​លាន​យន្តហោះ ដែល​បង្ក​ការ​លំបាក និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​។
មន្ត្រី​នៅ​សាលាស្រុក​បាទី នៃ​ខេត្តតាកែវ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា សម្រាប់​ទឹកដី​ខេត្តតាកែវ គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​នេះ គឺ​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជាង ១០០ ហិ​កតា តែ​ប៉ុណ្ណោះ ដែល​ដី​ទាំងនោះ ជា​ប្រភេទ​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ ស្ថិត​នៅ​ក្នុង​ឃុំ​ពុទ្ធ​ស ស្រុក​បាទី ខេត្តតាកែវ ហើយ​ការ​ស្រុក​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​បង្កបង្កើន​លើ​លើ​ដី​នោះ មិន​ឲ្យ​មានការ​ទិញ​-​លក់ អ្វី​នោះ​ទេ យ៉ាងណា មិញ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ ដែល​កាន់កាប់​និង​ប្រើប្រាស់​ដី​នោះ​នៅឡើយ​ទេ ដោយ​អាជ្ញាធរ​កំពុង​តែ​ស្រង់​ស្ថិតិ នៅឡើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា «​ក្រោយ​ពី​បាន​ព័ត៌មាន​ផ្លូវការ​នៃ​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​មក គឺ​ផ្នែក​ខ្លះ​នៃ​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​ទំនើប​នេះ គឺ​មួយ​ភាគ​តូច​ស្ថិត​នៅ​ឃុំ​ពុទ្ធ​ស ស្រុក​បាទី ហើយ​ដី​ដែល​ស្ថិត​ក្នុង​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​គឺ​មាន​ទំហំ​ប្រមាណ​ជាង ១០០ ហិ​កតា​ដែល​ជា​ដី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល តែ​វា​ជា​ប្រភេទ​ដី ៦ ខែលិច​ទឹក ៦ ខែ​គោក​» ។ មន្ត្រី​នៅ​ស្រុក​បាទី​ដដែល​លើក​ឡើង​ថា​ទីតាំង​គម្រោង​ព្រ​លាន​យន្តហោះ​ទំនើប​នេះ​គឺ​សឹងតែ​គ្របដណ្តប់​ទាំងស្រុង នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ឯនោះ​ទេ ។

ចំណែក​មន្ត្រី​ស្រុក​កណ្តាលស្ទឹង នៃ​ទឹកដី​ខេត្តកណ្តាល វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា គម្រោង​វិនិយោគ​ធំ​មួយ​នេះ គឺ​លាតសន្ធឹង​លើ​ភូមិសាស្ត្រ ចំនួន ២ ឃុំ គឺ​ឃុំ​ជើង​កើប និង​ឃុំ​ក​ណ្តោ​ក នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ជា​ប្រភេទ​ដី​បឹង​ផង ដី​កសិកម្ម​ផង​ហើយ​រត់​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ តែ​ម្តង ។
សូម​រម្លឹក​ថា អ្នកនាំពាក្យ​នៃ​រដ្ឋ​លេខា ធិ​ការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ឯកឧត្តម ស៊ិ​ន ចាន់​សេរី​វុ​ត្ថា ធ្លាប់​ប្រាប់​ឲ្យ​ដឹង​កាលពី​ចុងឆ្នាំ ២០១៨ ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ អាច​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០១៩ នេះ ដោយ​គម្រោង​នេះ​បាន​អនុម័ត​រួចរាល់​ហើយ​ព្រមទាំង​មាន​ទីតាំង និង​ប្លង់​ស្ថាបត្យកម្ម​រួចរាល់​ផង​ដែរ​នា​ពេលនោះ ។

យោង​តាម​ឯកសារ​ដែល​ចុះហត្ថលេខា​ដោយ​លោក តឹក​រ៉េ​ត សំរេច ចុះ​ថ្ងៃ​ទី ២១ ខែធ្នូ​ឆ្នាំ ២០១៧ ដែល​កាលនោះ​លោក រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បង្ហាញ​ឲ្យ​ដឹង​ថា​សម្រាប់​តាម​គម្រោង​ព្រ​លាន​យន្តហោះ​ទំនើប​នេះ គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់ ១៥០០ លាន​ដុល្លារ ដោយ​សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន OCIC និង​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​មក​ពី​ប្រទេស​ចិន​ដោយ​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​ដាក់​ឈ្មោះ​ថា Cambodia Airport Investment Co., Ltd. ។ ការ​អភិវឌ្ឍន៍​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ F4 គឺ​មាន​ទុន​វិ​ន​យោគ​សរុប ៖ ១ ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​បាន​មក​ពី (១) – កម្ចី​ពី​ធនាគារ​បរទេស ចំនួន ១ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក​, (២) – កម្ចី​ពី​ភាគទុន OCIC ចំនួន ២៨០ លាន​ដុល្លារ​អា​មេ​រិ​ក និង (៣)- ដើម​ទុក​ចុះបញ្ជី ចំនួន ១២០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ក្រុមហ៊ុន OCIC មាន ៩០% និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​មាន ១០% ។ ព័ត៌មាន​ទាក់ទង​នឹង​ពេលវេលា​នៃ​ការ​សាងសង់ នូវ​មិន​ទាន់​បាន​កំណត់​នៅឡើយ​នោះ​ទេ ។ យ៉ាងណាមិញ ឯកឧត្តម ស៊ិ​ន ចាន់​សេរី​វុ​ត្ថា មិន​អាច​ទាក់ទង​សុំ​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​នា​ថ្ងៃ​ព្រហស្បត្តិ​នេះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ