ខេត្តកណ្តាល ៖ ចោរលួចម៉ូតូម្នាក់ក្នុងចំណោមពីនាក់បានត្រូវនគរបាលឃាត់ខ្លួនខណៈដែលធ្វើសកម្មភាពលួចយកម៉ូតូ ហើយជិះរត់គេចខ្លួនតែត្រូវបងប្អូនជនរងគ្រោះឃើញជិះម៉ូតូចាប់បានប្រគល់អោយសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងនៅទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ ចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ឆឺន មាស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ ។ ជនសង្ស័យចំនួន០២នាក់ ទី០១ – ឈ្មោះ ណាត់ បញ្ញា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស្ទួចផ្ទះ មានទីលំនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) និងទី០២- ឈ្មោះ តូ ឈុនលាប ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន) ។
សាក្សីបានអោយដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួន ទៅទុកក្នុងរបងផ្ទះចំហៀងខាងលិចពុំមានចាក់សោទេរួចឡើងទៅដេកលើផ្ទះ ។ លុះដល់វេលាម៉ោង៦និង៣០នាទីថ្ងៃទី២៧ ខែកុម្ភៈ ២០១៩ ជនរងគ្រោះក្រោកពីដេកចេញមកក្រៅផ្ទះ ស្រាប់តែបាត់ម៉ូតូរបស់ខ្លួនដែលទុកនៅចំហៀងផ្ទះខាងលិចនោះ បន្ទាប់មកជនរងគ្រោះបានដើររក តែរកមិនឃើញ ។ លុះដល់វេលាម៉ោង២និង០០នាទី ថ្ងៃដដែលឈ្មោះ ពិសិដ្ឋ ចាន់សី ត្រូវជាប្អូនថ្លៃជនរងគ្រោះបានឃើញជនសង្ស័យជិះម៉ូតូជនរងគ្រោះចេញពីភូមិព្រែកដូនហែមឆ្ពោះទៅទិសខាងត្បូង ឃើញដូចនោះឈ្មោះពិសិដ្ឋ ចាន់សី និងឈ្មោះ ផាន់ សុភ័ណ្ឌ បានជិះម៉ូតូដេញតាមរហូតដល់ចំណុចកំដរអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ចាប់ជនសង្ស័យបានរួមជាមួយម៉ូតូ ហើយបានប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល ដើម្បីបន្តចាត់ការតាមនីតិវិធី ។
បញ្ជាក់ ៖ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ណាត់ បញ្ញា បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជាមួយឈ្មោះ តូ ឈុនលាប ពេលលួចបានយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ