រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមជនសង្ស័យជាង៣០០នាក់ដែលសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការយ៉ាងក្តៅគគុកនៅមជ្ឈមណ្ឌកម្សាន្តរ៉ក់ (Rock) ពាក់ព័ន្ធនឹងគ្រឿងញៀនជាង៥០គីឡូក្រាម មកដល់រសៀលថ្ងៃទី២៦ ខែកុម្ភៈ សមត្ថកិច្ចបានចម្រាញ់់និងដោះលែងអស់ជិត៣០០នាក់ហើយ នៅសល់តែខ្មែរ១៧នាក់ ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនជាតិចិន១៤នាក់ ជាគោលការណ៍ អាចបញ្ជូនឲ្យទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុត្តតាមនីតិវិធី ។

សេចក្តីរាយការណ៍បន្តថា ជនជាតិខ្មែរទាំង១៧នាក់ ដែលត្រូវបញ្ជូនទៅតុលាការនោះ ពួកគេរងការចោទប្រកាន់ពីបទ«ចែកចាយគ្រឿងញៀន» ពោលគឺធ្វើសកម្មភាពលក់ដូរនៅក្នុងបន្ទប់ខារ៉ាអូខេក្នុងមជ្ឈមណ្ឌលរ៉ក់ ។
ជាមួយនេះ មន្ត្រីជំនាញបានធ្វើកោសល្យវិច័យលើសារធាតុញៀនបង្ហាញថា វត្ថុតាងដកហូតនៅមជ្ឈមណ្ឌលរ៉ក់ ដែលខ្លះថាជាង៥០គីឡូក្រាម និងខ្លះថាជាង៤០គីឡូក្រាមនោះ ជាក់ស្តែងមន្ត្រីជំនាញធ្វើតេស្តរកឃើញសារធាតុញៀនសុទ្ធតែ២១គីឡូក្រាម និង៤៦៧,៦៣ក្រាមប៉ុណ្ណោះ ដែលមានប្រភេទអិុចស្តាសុី
(ថ្នាំគ្រវី) ១២គីឡូក្រាមនិង២១៩.២១ក្រាម ប្រភេទខេតាមីន(ថ្នាំហិត)៨គីឡូក្រាមនិង៩៣៥.៣៩ក្រាម ប្រភេទនីមេ៉តាស្បាម(ថ្នាំបន្សាប)៣០៥,១០ក្រាម ប្រភេទមេតំហ្វេតាមីន ១គីឡូក្រាមនិង៦ក្រាម ប្រភេទ ហេរ៉ូអុីន៦១ក្រាម និងកញ្ឆាក្រៀម ២កញ្ចប់តូចទម្ងន់៦៦,៤៣ ក្រាម ។

ក្រៅពីនេះ មានសម្បកសម្រាប់វេចខ្ចប់(ដប ឬកែវ) ២៤៧ដប សម្បកកេស និងថង់ប្លាស្ទិកមួយចំនួនទៀត ព្រមទាំងម្សៅសង្ស័យជាសារធាតុញៀនប្រមាណ១៥គីឡូក្រាមនិង១៤ក្រាមទៀត ដែលខាងមន្ទីរប្រឆាំងគ្រឿងញៀនបាននិងកំពុងយកចូលមន្ទីរពិសោធន៍ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ ។
សរុបមកវិញ សារធាតុញៀនសុទ្ធដែលសមត្ថកិច្ចបង្ក្រាបនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានតែ២១គីឡូក្រាមនិង៤៦៧,៦៣ក្រាមប៉ុណ្ណោះ តែនេះក៏មិនមែនជារបាយការណ៍ផ្លូវការរបស់សមត្ថកិច្ចដែរ គឺគ្រាន់តែជាតួលេខ ដែលបានមកពីមន្ត្រីជំនាញប៉ុណ្ណោះ ។

ចំពោះជនជាតិខ្មែរចំនួន១៧នាក់ សមត្ថកិច្ចមានគម្រោងបញ្ជូនទៅកាន់សាលាដំបូង នារសៀលថ្ងៃទី២៦ កុម្ភៈ តែបើសិនជាមានការប្រែប្រួលអាចពន្យារដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ។ ខណៈសមត្ថកិច្ចមិនទាន់រកឃើញម្ចាស់គ្រឿងញៀន ឬអ្នកទទួលខុសត្រូវឲ្យនាំថ្នាំញៀនសន្ធឹកសន្ធាប់ចូលចែកចាយក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់នេះ កំពុងត្រូវបានមតិមហាជននិយាយតៗគ្នាថា ចាំមើលបន្តទៀត តើតុលាការនឹងដាក់គុក ឬក៏ដោះលែងជនទាំង១៧នាក់ដែលគ្រាន់តែជាអ្នកចែកចាយ ខណៈមេខ្លោងមិនទាន់ត្រូវបានវែកមុខនៅឡើយ ពេលដែលមនុស្សជិត៣០០នាក់ បានរួចផុតពីការចោទប្រកាន់អស់ទៅហើយនោះ ?

មតិសាធារណៈបានលើកឡើងទៀតថា មនុស្សជិត៣០០នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ កណ្តាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងគ្រឿងញៀនសន្ធឹកសន្ធាប់នោះ ត្រូវបានដោះលែងដោយគ្រាន់តែតម្រូវឲ្យមានអ្នកធានាបានរួចផុតពីការចោទប្រកាន់ គឺពួកគេពិតជាមានសំណាងខុសគ្នាឆ្ងាយណាស់ ពីជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបជារៀងរាល់ថ្ងៃតាមបណ្តាខណ្ឌ ក្រុង ដែលគ្រាន់តែប្រើប្រាស់ ឬចាប់បានថ្នាំញៀន១កញ្ចប់តូចដាក់ក្រោមកែបម៉ូតូ ដោយចោទពីបទចែកចាយ និងប្រើប្រាស់ ។

ក្រុមជនទាំងនោះ កម្របានរួចខ្លួនណាស់ដែលអ្នកខ្លះយកទៅដាក់នៅមណ្ឌលកែប្រែរាប់ខែរាប់ឆ្នាំ ខ្លះទៀតចោទប្រកាន់ជាផ្លូវការ ហើយនាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ទម្រាំយកមកកាត់ក្តីជាប់គុករហូតស្កូវសក់ ។

និយាយដូច្នេះ មិនមែនការពារជនប្រព្រឹត្តបទល្មើសគ្រឿងញៀនទេ ប៉ុន្តែហាក់ដូចជាគ្មានតម្លាភាពរវាងជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀនដូចគ្នា ចាប់នៅក្នុងមជ្ឈមណ្ឌកម្សាន្តរ៉ក់ អ្នកមានបានរួចខ្លួន តែជនដែលចាប់នៅតាមផ្លូវសាធារណៈ គ្មានស្បែកជើងពាក់រកបាយហូបមិនបាន ជាប់គុកគ្មានថ្ងៃចេញ ៕

ចែករំលែកព័តមាននេះ