ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខេត្តសៀមរាប​កំពុង​ល្បី​មាន់​អាំង​យាយ​លុន(មានវីដេអូ)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​ស្វាយ ឃុំ​សរស​ស្ដម ស្រុក​ពួក តែងតែ​ល្បី​ពី​មាន់​អាំង​ដែល​ជា​ស្នាដៃ​របស់​យាយ​លុន និង​គ្រប់​គ្នា​សុទ្ធតែ​លាន់មាត់​ថា «​ឆ្លា​ញ់​ជាប់មាត់​» ។ តើ​លោកយាយ​មាន​វិធី​ផ្សំ​គ្រឿង​បែប​ណា…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​ស្វាយ ឃុំ​សរស​ស្ដម ស្រុក​ពួក តែងតែ​ល្បី​ពី​មាន់​អាំង​ដែល​ជា​ស្នាដៃ​របស់​យាយ​លុន និង​គ្រប់​គ្នា​សុទ្ធតែ​លាន់មាត់​ថា «​ឆ្លា​ញ់​ជាប់មាត់​» ។ តើ​លោកយាយ​មាន​វិធី​ផ្សំ​គ្រឿង​បែប​ណា បានជា​គ្រប់​គ្នា​នៅ​ពេល​បាន​ទទួលទាន​ហើយ សរសើរ​មិន​ដាច់​ពី​មាត់​បែប​នេះ ?

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព លោកយាយ លុន ដែល​គេ​ល្បី​ថា​ជា​ម្ចាស់​ពាន​មាន់​អាំង​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​នោះ​បាន​រៀបរាប់​ថា លោកយាយ​ជា​ជន​ពិការ​ជើង​ម្ខាង​។ ការ​ល្បី​ពី​រសជាតិ​មាន់​អាំង​នេះ លោកយាយ​មិន​មាន​ផ្សំ​គ្រឿង​អ្វី​ប្លែក​នោះ​ទេ គឺ​ដូច​តែ​អ្នកលក់​ដទៃ​ដែរ តែ​ក្រោយមក ដោយសារ​អ្នកដំណើរ​មាន​ក្ដី​អាណិតអាសូរ ដោយ​ឃើញ​លោកយាយ​ជា​ជន​ពិការ ក៏​នាំ​គ្នា​ជួយ​ទិញ​ជា​ហូរហែ ហើយ​ក្រោយមក​ក៏​ចេះ​តែ​ខិតខំ​រក​វិធី​ផ្សំ​គ្រឿង​ប្រឡាក់សាច់​មាន់ ធ្វើ​យ៉ាងណា​ឲ្យ​ត្រូវ​នឹង​មាត់​ភ្ញៀវ និង​ដើរ​ទិញ​មាន់​ស្រែ​ដែល​ល្អ​ចិញ្ចឹម​តាម​ភូមិ​យក​មក​អាំង ទើប​វា​មាន​រសជាតិ ។ បន្ទាប់​មក​ក៏​មាន​អ្នក​មក​ចូល​ទិញ​ច្រើន​ឡើង​ៗ ធ្វើ​ឲ្យ​លោកយាយ​ចាំបាច់ ត្រូវ​ពង្រីក​មុខរបរ និង​ពង្រីក​រោង​លក់​បន្ថែម​ទៀត ហើយ​រហូត​ដល់​ពេល​នេះ អ្នក​ណា​ក៏​ល្បី​មាន់​អាំង​យាយ​លុនតែ​ម្ដង​ទៅ ។ លោកយាយ​បញ្ជាក់​ថា ៖« ដោយសារ​តែ​មានការ​គាំទ្រ​ច្រើន បច្ចុប្បន្ន​នេះ​យាយ​បាន​នាំ​កូនចៅ​២០​នាក់​មក​ជួយ​លក់ ដោយនៅ​ថ្ងៃ​ធម្មតា អាច​លក់​បាន​ពី​៣៥០​ទៅ​៤០០​ក្បាល និង​ថ្ងៃ​បុណ្យ​ទាន លក់​មាន់បាន​ដល់​ទៅ​៦០០​ក្បាល​ឯណោះ »​។

លោកយាយ​បន្ថែម​ថា ៖« ការ​លក់​ចាប់ពី​៤០០​ទៅ​៦០០​ក្បាល​នេះ យាយ​មិន​រាប់​បញ្ចូល​កង្កែបបោក​អាំង ពង់​ទា​ស្ងោរ និង​ត្រី​ស្រែ​ស្រស់​អាំង​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្សារ​មាន់​អាំង​នេះ​ទេ »​។ យុវជន​ម្នាក់​ឈ្មោះ​វី មក​ពី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា រាល់ពេល​រូបគេ​ឆ្លងកាត់​ទី​នេះ តែងតែ​ឈប់​ទិញ​មាន់​អាំង​យាយ​លុន​ទៅ​ហូប ព្រោះ​មាន់​អាំង​គាត់​មាន​រសជាតិ​ឆ្ងាញ់​ត្រូវមាត់ ។ យុវជន​រូប​នេះ​បន្ដ​ថា ៖« ខ្ញុំ​ជឿជាក់​និង​ទុកចិត្ត​ចំពោះ​ការ​រកស៊ី​របស់​លោកយាយ​ដែល​យក​មាន់​ស្រែ និង​ចិញ្ចឹម​តាម​ផ្ទះ​អ្នក​ភូមិ​មក​អាំង ហើយ​មាន​អនាម័យ​ទៀត » ។ លោកយាយ​ក៏​បាន​សំណូមពរ​អ្នកដំណើរ​ទាំងឡាយ ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ឆ្លងកាត់​ទី​នេះ សូម​ជួយ​ទិញ​មាន់​អាំង​លោកយាយ​ដើម្បី​សម្រួល​ដល់​ជីវភាព ក៏​ដូច​ជា​ចូលរួម​លើកកម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា នៅ​ក្នុងភូមិ​ស្វាយ ឃុំ​សរ​ស្តម ស្រុក​ពួក ខេត្តសៀមរាប មានគ្រួសារ ប្រមាណ​៥​គ្រួសារ ដែល​បាន​ប្រកប​របរ​លក់​មាន់​អាំង កង្កែបបោក​អាំង ពង​ទា​ស្ងោរ និង​ត្រី​ស្រែ​អាំង​ជាដើម ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា ហើយ​ក៏​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកដំណើរ​ឆ្លងកាត់​ផង​ដែរ ប៉ុន្ដែ​ក្នុង​ចំណោម​អ្នកលក់​ទាំងនោះ មាន​តែ​មាន់​អាំង​យាយ​លុន​ទេ​ដែល​ល្បី​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ