ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ចុង​ក្តៅ​ក្រហល់​…​តាម​ហែក​នាង​ដើម​ដល់​ក្នុងផ្ទះ ទោះ​កំពុង​មាន​ពិធី​បុណ្យសព​ក្តី

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រឿង​ស្នេហា​មួយ​នៅ​ពេល​ដែល​ងប់ងុល​ខ្លាំង​ពេក មិន​ថា​ប្រុស​ឬ​ស្រី​ទេ ​អាច​បាត់បង់​សតិ និង​ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ ដោយ​មិន​ខ្វល់​មិន​ខ្មាស​អ្វី​ទាំងអស់ ទោះបី​ទ​ង្វើ​នោះ​ត្រូវ​រង​នូវ​ការ​ស្តីបន្ទោស និង​ចំអក​ពី​សំណាក់​អ្នកស្រុក​យ៉ាងណា​ក៏​ដោយ ។​…

ខេត្តព្រៃវែង ៖ រឿង​ស្នេហា​មួយ​នៅ​ពេល​ដែល​ងប់ងុល​ខ្លាំង​ពេក មិន​ថា​ប្រុស​ឬ​ស្រី​ទេ ​អាច​បាត់បង់​សតិ និង​ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ ដោយ​មិន​ខ្វល់​មិន​ខ្មាស​អ្វី​ទាំងអស់ ទោះបី​ទ​ង្វើ​នោះ​ត្រូវ​រង​នូវ​ការ​ស្តីបន្ទោស និង​ចំអក​ពី​សំណាក់​អ្នកស្រុក​យ៉ាងណា​ក៏​ដោយ ។​ យ៉ាងណា​ក៏​ដោយ​ស្នេហា​លេង​បាន​តែ​មនុស្ស​២​នាក់​ទេ បើ​កើន​ដល់​៣​នាក់ ​ចូល​ថ្នាក់​ត្រីកោណ​ ប្រាកដជា​បែក​ពាង​ប្រហុក​មិន​ខាន​ឡើយ ។

ជាក់​ស្តែង ​ដូច​ករណី​ស្នេហា​ត្រីកោណ​មួយ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​ចំណុច​ផ្ទះ​លក់​បាយ និង​គុយទាវ​មួយ​កន្លែង ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​ប្រពន្ធចុងបាន​តាម​មក​រករឿង​ជេរ​បញ្ចោរ និង​ស្ទុះ​ចូល​ទៅ​រក​វាយ​ស្ត្រី​ជា​ប្រពន្ធ​ដើម​ដល់​ក្នុងផ្ទះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​នៅ​ជុំវិញ​នោះ នាំ​គ្នា​ចោមរោម​មើល​ព្រោងព្រាត ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ស្ត្រី​ជា​ប្រពន្ធចុង​ដែល​តាម​ទៅ​រករឿង​ប្រពន្ធដើម​ដល់​ផ្ទះ​នេះ​ មានឈ្មោះ នៅ សុ​លី​ណា អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សឹ​ង្ហ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ រីឯ​ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះ នួ​យ អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​បាយ​និង​គុយទាវ និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ចំណែក​បុរស​ជា​ប្តី​ដែល​ជា​តួអង្គ​ឯក ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ លី បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្រពន្ធចុងនៅ​ឯ​រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​រៀបរាប់​ពី​អ្នក​ជិតខាង​ផ្ទះ​កើតហេតុ និង​បានដឹង​រឿងរ៉ាវ​នេះ​ច្បាស់ ​បាន​បញ្ជាក់​ប្រាប់​ថា ស្ត្រី​ប្រពន្ធដើម​បាន​រៀប​ការ​និង​មក​រស់នៅ​ជាមួយ​ប្តី នៅផ្ទះ​ឪពុក​ម្តាយក្មេក គឺ​ផ្ទះ​កើតហេតុ​ច្រើន​ឆ្នាំ​មក​ហើយ រហូត​បានកូន​ប្រុស​ម្នាក់ ​អាយុ​៧​ឆ្នាំ​ផង​ដែរ ។ ប្រភព​ដដែល​នេះ​​បាន​បន្ត​ថា នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បុរស​ជា​ប្តី​ឈ្មោះ លី បាន​ចេញ​ទៅ​រកស៊ី​នៅ​ភ្នំពេញ​យូរ​ៗ​ទើប​មក​ផ្ទះ​ម្តង អស់​រយៈពេល​៤​ទៅ​៥​ឆ្នាំ ស្រាប់​តែឮ​ថា ​មាន​ប្រពន្ធចុង​នៅ​ភ្នំពេញ តែ​ស្ត្រី​ជា​ប្រពន្ធដើម​មិន​ខឹង​ប្តី​ទេ​ ហើយ​ក៏​មិន​បាន​តាម​ទៅ​រករឿង​អ្វី​ដែរ គិតតែ​ខំ​លក់​បាយ​គុយទាវ​រក​ប្រាក់​ចិញ្ចឹម​កូន និង​មើលថែ​ឪពុក​ម្តាយក្មេក ​ក្នុង​នាម​ជា​កូនប្រសា​ដដែល​ចង់​ប្តី​ទៅ​ពាក់​អ្នក​ណា ​ពាក់​ទៅ​ឱ្យ​តែ​គេ​ឱ្យ ។

ដោយឡែក ​ប្រភព​ពី​សាច់ញាតិ​ក្រុម​គ្រួសារ​មួយ​នេះ​បានឱ្យ​ដឹង​ថា បងប្អូន​សាច់ញាតិ​ក្នុង​ក្រុម​គ្រួសារ​នេះ​កំពុង​តែ​មានទុក្ខ ដោយសារ​តែ​បុរស​ម្នាក់​ដែល​ត្រូវជា​ឪពុកមាផ្ទះ​នៅ​ស្ទឹង​ខៀវ (​ផ្សារ​ក្រោម​) បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ ហើយ​បងប្អូន​សាច់ញាតិ​ទាំងអស់​នៅ​ទី​ជិត​ឆ្ងាយ បាន​មក​ចូលរួម​បុណ្យសព​និង​កាន់ទុក្ខ​គ្រប់​គ្នា ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ​ នេះ សាច់ញាតិ​ទាំងអស់ ក៏​បាន​នាំ​គ្នា​ដង្ហែ​សព​យក​ទៅ​បញ្ចុះ​នៅ​ក្នុង​បរិវេណ​វត្ត​ទួល​សមាធិ ហើយ​បុរស​ឈ្មោះ លី និង​ប្រពន្ធ​ឈ្មោះ នួ​យ ក៏​បាន​ទៅ​ចូលរួម​ដង្ហែ​សព​ដែរ ដោយ​ជិះ​រថយន្ត​ជាមួយ​គ្នា ។

លុះ​ពេល​ហែសព​ទៅ​ជិត​ដល់​វត្ត​ហើយ​នោះ ស្រាប់តែ​លេចមុខ​ស្ត្រី​ឈ្មោះ នៅ សុ​លី​ណា ជា​ប្រពន្ធចុង​បាន​ចេញ​មក​កាក់​រថយន្ត​ប្តី​ប្រពន្ធ​នេះ ​នៅ​ក្នុង​ក្បួន​ដង្ហែ​សព ហើយ​ស្ត្រី​ជា​ប្រពន្ធចុងបាន​ស្ទុះ​ចូល​ទៅ​ជេរ​បញ្ចោរ និង​វាយ​ស្ត្រី​ជា​ប្រពន្ធដើម ធ្វើ​ឱ្យ​មានការ​ប្រតាយប្រតប់​គ្នា​កើតឡើង​ក្នុង​ក្បួន​ដង្ហែ​សព ។ ភ្លាម​នោះ ​បងប្អូន​សាច់ញាតិ​ដែល​មក​ដង្ហែ​សព​ជាមួយ​គ្នា បាន​នាំ​គ្នា​ចាប់​ឃាត់​បំបែក​អ្នក​ទាំង​២​ចេញពី​គ្នា ហើយ​បុរស​ជា​ប្តី​ឈ្មោះ លី ក៏​បាន​ដេញ​ប្រពន្ធចុង​ឱ្យ​ត្រឡប់​ទៅ​វិញ ។

ចំណែក​រូបគេ​និង​ប្រពន្ធដើម ព្រមទាំង​សាច់ញាតិ​ក៏​បន្ត​ហែសព​យក​ទៅ​បញ្ចុះ​រហូត​រួចរាល់​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង ក្រោយ​ពី​ទៅ​កាក់​ស្ទាក់​អុកឡុក​ក្បួន​ដង្ហែ​សព​រួច​ហើយ ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អ្នក​លឿង ដោយ​ប្តឹង​មនុស្ស​ចំនួន​៣​នាក់ គឺ​ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះ នួ​យ បុរស​ជា​បងថ្លៃ​ឈ្មោះ លាំង និង​ស្ត្រី​ជា​បងថ្លៃ​ឈ្មោះ ឃី​ម ដោយ​ចោទ​ពី​បទ​បង្ក​របួស​ស្នាម ព្រួត​គ្នា​វាយ​ខ្លួន​ឱ្យ​ដាច់​រលាត់​លើ​ផ្ទៃមុខ​ពេល​នាង​អុកឡុក​ក្បួន​ដង្ហែ​សព ។

ប៉ុន្តែ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ គឺ​ពេល​ដែល​ប្តី​ប្រពន្ធ​នេះ​ត្រឡប់​ទៅ​ដល់​ផ្ទះ​បាន​មួយសន្ទុះ ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ប្រពន្ធចុង​តាម​ទៅ​ដល់​ដែរ ហើយ​ក៏​បាន​ឡូឡា​ស្រែក​ជេរ​បញ្ចោរ​ផ្អើល​ពេញ​ភូមិ​ចោមរោម​មើល ។ ចំណែក​បុរស​ជា​ប្តី​ព្យាយាម​ហាមឃាត់​មិន​ឈ្នះ ក៏​គេចខ្លួន​ចេញ​ទៅ​បាត់ បន្សល់​ទុក​ស្ត្រី​ជា​ប្រពន្ធ​ចុងនៅ​ស្រែក​ជេរ​ប្រពន្ធដើម និង​ស្ទុះ​ចូល​ទៅ​រក​វាយ​ប្រពន្ធដើម​ ដែល​សម្ងំ​នៅ​ក្នុងផ្ទះ​នោះ​ទៀត ប៉ុន្តែ​ត្រូវ​បាន​បងប្អូន​និង​សាច់ញាតិ​ខាង​ប្តី​រារាំង ។

មួយសន្ទុះ​ក្រោយមក លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ក៏​បាន​មក​ដល់​ជួយ​អន្តរាគមន៍ និង​នាំ​នាង​ជា​ប្រពន្ធចុង​ទៅ​ប៉ុស្តិ៍​រំងាប់​អារម្មណ៍ រួច​ក៏​ឱ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ពុំ​បាន​ចាប់ទោស​អូស​ដំណើរ​អ្វី​ទេ ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ពេល​ដែល​លោក​មេ​ប៉ុស្តិ៍​ហៅ​ទៅ​រំងាប់​អារម្មណ៍​នៅ​ប៉ុស្តិ៍​នោះ ស្ត្រី​ជា​ប្រពន្ធ​ចុង​​បាន​រៀបរាប់​ថា រូប​នាង​និង​ប្តី​ឈ្មោះ លី នេះ​បាន​ស្រឡាញ់​គ្នា និង​រួមរស់​ជាមួយ​គ្នា​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដោយ​ក្នុងអំឡុងពេល​នេះ​ បងប្អូន​និង​ម្តាយ​របស់​ឈ្មោះ លី ក៏​បានដឹង​រឿង​ដែរ ហើយ​រូប​នាង​បាន​ចំណាយ​លុយ​ច្រើន​ណាស់ មក​លើ​ប្តី​និង​ម្តាយ​របស់​ប្តី ។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ពេល​ស្រលាញ់​គ្នា​ដំបូង ​បុរស​ជា​ប្តី​បាន​ប្រាប់​នាង​ថា ខ្លួន​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ឈ្មោះ នួ​យ រួច​ហើយ​ ទើប​រូប​នាង​ព្រម​រួមរស់​ជាមួយ ស្រាប់តែ​ពេល​នេះ ​បែរជា​មក​ឃើញ​ជិះ​រថយន្ត​ជា​មួយ​គ្នា ហើយ​រថយន្ត​នោះ ​ជា​រថយន្តរ​បស់បង​នាង​នៅ​ឯ​ភ្នំពេញ ដែល​នាង​ខ្ចី​ជិះ​មក​ជាមួយ​ប្តី​ទៀត ទើប​នាង​​ខឹង​ ហើយ​តាម​ទៅ​ដេញដោល​សួរនាំ​ឱ្យ​ដឹង​ច្បាស់​ថា ​ឈ្មោះ នួ​យ ត្រូវជា​យ៉ាងម៉េច ហើយ​រូប​នាង​ត្រូវ​ជា​យ៉ាងម៉េច​ឱ្យ​ពិតប្រាកដ ។ ប៉ុន្តែ​ពេល​ចូល​ទៅ ​ក៏​ត្រូវ​ឈ្មោះ នួ​យ និង​បងប្អូន​បក្សពួក​ព្រួត​គ្នា​វាយ​រូប​នាង​តែ​ម្តង ទើប​ផ្ទុះ​កើតជា​រឿង​ឡើង ហើយ​ដែល​រូប​នាង​តាម​ទៅ​ដល់​ផ្ទះ​នោះ គឺ​មិនមែន​តាម​ទៅ​រករឿង​ទេ គឺ​តាម​ទៅ​រក​ប្តី ​ហើយ​ទារ​យក​រថយន្ត​មក​វិញ ព្រោះ​រថយន្ត​នោះ​ជា​រថយន្ត​នាង​ខ្ចី​បង​មក​ជិះ​ទេ ។

បើ​ទោះជា​បែប​នេះ​ក្តី នៅ​ពេល​កើតហេតុ​នោះ អ្នកស្រុក​អ្នក​ភូមិ​ដែល​បាន​ទៅ​ចោមរោម​មើល​នោះ បាន​នាំ​គ្នា​ស្តីបន្ទោស​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធចុង​ ដោយ​ចោទ​ថា យកប្តី​គេ​ហើយ​គេ​មិន​រករឿង​ផង នៅ​ហ៊ាន​មក​តាម​រករឿង​គេ​ដល់​ផ្ទះ​ទៀត ។ ជា​ពិសេស ​គឺ​សូ​ម្បី​តែ​គេ​កំពុង​ដង្ហែ​សព​យក​ទៅ​បញ្ចុះ​ ក៏​មិន​លើកលែង​ដែរ វា​ហួសហេតុ​ពេក​ហើយ ។

ចំណែក​ខាង​សមត្ថកិច្ច​វិញបានឱ្យ​ដឹង​ថា រឿង​ស្នេហា​ត្រីកោណ​នេះ ទុក​ឱ្យ​សាមីខ្លួន​ជា​អ្នក​ដោះស្រាយ​ចុះ​អ្នក​ណា​ចង​អ្នក​នោះ​ត្រូវ​ដោះ ប៉ុន្តែ​តួនាទី​សមត្ថកិច្ច​ពេល​នេះ គឺ​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី លើ​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ប្រពន្ធចុង ដែល​បាន​ប្តឹង​ចោទ​ប្រពន្ធដើម និង​បងប្អូន​២​នាក់​ទៀត ពី​បទ​បង្ក​របួស​ស្នាម​លើ​រូប​នាង ។

ចំណែក​រឿង​ ចុច​…​ចុច​…​នេះ ទុក​ឱ្យ​តុលាការ​ដោះស្រាយ​បន្ត​តាម​ច្បាប់​ទៅ​ចុះ ។ ជា​ពិសេស​ អ្នក​ចង​ត្រូវ​ដោះ​ដោយ​ខ្លួនឯង​ឆាប់​ចប់ ៕​

អត្ថបទសរសេរ ដោយ