ពុទ្ធឱវាទបានអប់រំថា បុគ្គលណាប្រព្រឹត្តខុសចំពោះមាតាបិតាដោយការមិនចិញ្ចឹមបីបាច់ថែរក្សា មិននឹកនា មិនយកចិត្តទុកដាក់រាប់រក មិនអាណិតអាសូរដល់ចិត្តរបស់លោក មិនទំនុកបម្រុង មិនបម្រើលោក ជននោះរមែងមានបាបច្រើន ហើយពៀរវេរាក៏កើតមានដល់បុគ្គលនោះវិញ ។
បណ្ឌិតតែងតិះដៀលបុគ្គលអកតញ្ញូថា បើទោះជាជនប្រភេទនេះរស់នៅជាសុខក្នុងពេលបច្ចុប្បន្ន ក៏ទៅក្នុងលោកខាងមុខគង់នឹងទាញបដិសន្ធិទៅកាន់អបាយភូមិកើតជាប្រេតនរកមិនខាន ព្រោះតែការប្រព្រឹត្តខុសលើអ្នកមានគុណ ។
ចំណែកបុគ្គលណាប្រតិបត្តិល្អក្នុងមាតាបិតាចិញ្ចឹមបីបាច់រក្សាលោកដោយចិត្តស្មោះក្នុងបំណងតបគុណលោកវិញពិតៗ បុគ្គលនោះរមែងបានបុណ្យកុសលជាអនេក ហើយបណ្ឌិតទាំងឡាយរមែងសរសើរ និងជូនស័ព្ទសាធុការពរដល់សប្បុរសនោះយ៉ាងខ្ទរខ្ទារ។
លុះអស់អាយុសង្ខាររមែងទៅកាន់សុគតិភព ហើយរីករាយក្នុងភពនោះៗអស់កាលដ៏យូរអង្វែង ព្រោះតែអានិសង្សនៃការប្រតិបត្តិត្រឹមត្រូវតាមពុទ្ធឱវាទ ។
ចែករំលែកព័តមាននេះ