ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ដើម​លោក​ហ្វៃ សំអាង​ មុន​ពេល​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​អាជីព​តែង​និពន្ធ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​អ្នក​ប្រាកដ​ជា​ស្គាល់​លោក​ហ្វៃ​ សំអាង​ តាម​រយៈ​ស្នាដៃ​ភាព​យន្ត​ និង​ទំនុក​ច្រៀង​ ប៉ុន្តែ​មិន​ដឹង​ពី​ប្រវត្តិ​ជីវិត​របស់​លោក​ទេ​ ។​ សូម​លោក​អ្នក​តាម​ដាន​ប្រវត្តិ​ ខ្លះៗ​នៃ​ជីវិត​លោក​ហ្វៃ​ សំអាង​ ដែល​ប្រើ​ប្រាស់​ទឹក​ប៉ាកកា​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​តែង​និពន្ធ។​

រាជធានីភ្នំពេញ​ ៖ លោក​អ្នក​ប្រាកដ​ជា​ស្គាល់​លោក​ហ្វៃ​ សំអាង​ តាម​រយៈ​ស្នាដៃ​ភាព​យន្ត​ និង​ទំនុក​ច្រៀង​ ប៉ុន្តែ​មិន​ដឹង​ពី​ប្រវត្តិ​ជីវិត​របស់​លោក​ទេ​ ។​ សូម​លោក​អ្នក​តាម​ដាន​ប្រវត្តិ​ ខ្លះៗ​នៃ​ជីវិត​លោក​ហ្វៃ​ សំអាង​ ដែល​ប្រើ​ប្រាស់​ទឹក​ប៉ាកកា​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​តែង​និពន្ធ។​

លោក​ហ្វៃ​ សំអាង​ កើត​នៅ​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​១៩៦៤​ នៅ​ឃុំ​រកា​ខ្នុរ​ ស្រុក​ក្រូច​ឆ្មារ​ ខេត្ត​កំពង់​ចាម​ ។​ ឪពុក​របស់​លោក​ឈ្មោះ​ អ៊ី​ មួយ​សី​ ជា​គ្រូ​បង្រៀន​ និង​ជា​មេធាវី​ ចំណែក​ម្តាយ​ឈ្មោះ​ ឯក​ សាម​ហេង​ និង​មាន​បង​ប្អូន​ចំនួនន​៧​នាក់​ ក្នុង​នោះ​ប្រុ​៥​នាក់​ ចំណែក​លោក​គឺ​ជា​កូន​ទី​៦​ ។​ ឪពុក​របស់​លោក​សំអាង​ រួម​ទាំង​បង​ប្អូន​២​នាក់​ទៀត​ ត្រូវ​ពួក​ប៉ុល​ ពត​ សម្លាប់​ចោល​ ។ ចំណែក​ម្តាយ​របស់​លោក​ទើប​តែ​លាចាក​លោក​ កាល​ពី​ពេល​ ថ្មីៗ​នេះ​ ។​

ក្នុង​ជំនួប​ជាមួយ​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ ថ្មីៗ​នេះ​ លោក​ហ្វៃ​ សំអាង​ រៀប​រាប់​ថា​ បន្ទាប់​ពី​របប​ប៉ុល​ ពត​ ដួល​រលំ​ លោក​តស៊ូ​រៀន​សូត្រ​ ព្រោះ​មាន​គោល​បំណង​ចង់​ធ្វើ​ជា​អ្នក​និពន្ធ។​ នៅ​ឆ្នាំ​១៩៨១​​ លោក​និង​មិត្ត​ភក្តិ​ បាន​នាំ​គ្នា​ទៅ​មើល​ល្ខោន​បាសាក់​ លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លោក​បាន​រៀន​ច្រៀង​បទ​ល្ខោន​បាសាក់​តាម​គេ​ ហើយ​អ្នក​ដឹក​នាំ​ក្រុម​ល្ខោន​ឮ​ក៏​ទៅ​សុំ​ម្តាយ​ឱ្យ​លោក​ចូល​រួម​សម្តែង​ ។ អំឡុង​ពេល​នោះ​ លោក​សំអាង​ បាន​សម្តែង​ជា​តួ​ឯក​នៅ​ក្នុង​រឿង​ព្រះ​វេស្សន្តរ​ ។ មាន​ថ្ងៃ​​មួយ​អ្នក​ដឹក​នាំ​រឿង​ឈឺ​ លោក​ក៏​បាន​សុំ​ចូល​ខ្លួន​បំពេញ​តួនាទី​ជំនួស​ ហើយ​ក្លាយ​ជា​អ្នក​ដឹក​នាំ​រឿង​តាំង​ពី​ពេល​នោះ​មក​ ។​
នៅ​ក្នុង​ឆ្នាំ​១៩៨៣​ លោក​ហ្វៃ​ សំអាង​ និង​គ្រួសារ​បាន​មក​រស់​នៅ​ភ្នំពេញ​ និង​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យា​ល័យ​ក្នុង​ឆ្នាំ​១៩៨៥​ ។ បន្ទាប់​មក​លោក​បន្ត​ការ​សិក្សា​ខាង​ផ្នែក​ដឹក​នាំ​រឿង​ និង​ចប់​នៅ​ឆ្នាំ​១៩៨៨​ ។​

នៅ​ក្នុង​ឆ្នាំ​១៩៩០​ លោក​ហ្វៃ​ សំអាង​ ចាប់​ផ្តើម​និពន្ធ​បទ​ចម្រៀង​ដំបូង​មាន​ចំណង​ជើង​ថា​ «កុំស្រឡាញ់​ស្រី​ក្នុង​វ័យ​សិក្សា» ច្រៀង​ដោយ​លោក​ប៊ុន​ ចាន់​ថន​ មាន​ភាព​ល្បី​ល្បាញ​ទូ​ទាំង​ប្រទេស​ ។​ បន្ថែម​លើ​នេះ​ទៀត​ លោក​សំអាង និពន្ធ​ និង​ដឹក​នាំ​រឿង​ភាព​យន្ត​ ដឹក​នាំ​ថត​បទ​ចម្រៀង​កាយ​វិការ​ជា​សាច់​រឿង​ខ្លី​ ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ ។​

លោក​ហ្វៃ​ សំអាង​ រំឭក​ថា​ នៅ​ក្នុង​ឆ្នាំ​១៩៨៩​ លោក​និពន្ធ​រឿង​ភាព​យន្ត​ «បុប្ផា​ភ្នំពេញ» រឿង​ «កំលោះ​ឆ្នាំ​៩១» រឿង​ «ឋាន​សួគ៌​នៅ​ឯណា» រឿង​ «ក្រមុំ​ឆ្នាំ​៩២» រឿង​ «សន្ទូច​អត់​នុយ» រឿង​ «ជីវិត​តារា​ភាព​យន្ត»​ និង​រឿង​ «នេះ​គឺ​រឿង​ខ្ញុំ» ។​

នៅ​ឆ្នាំ​១៩៩៥​ ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ កើត​ឡើង​គេ​ក៏​ទាក់​ទង​ឱ្យ​លោក​ផលិត​កម្ម​វិធី​ តែ​ពី​ដំបូង​លោក​បដិសេធ​ ។ ដោយ​មាន​ការ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ពី​អ្នក​និពន្ធ​ និង​អ្នក​ដឹក​នាំ​រឿង​ជើង​ចាស់​មួយ​ចំនួន​ លោក​ហ្វៃ​ សំអាង​ ក៏​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ លុះ​ពេល​ចប់​ត្រឡប់​មក​ធ្វើ​ជា​នាយក​ផលិត​កម្ម​វិធី​នៅ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​  ៣ ។​ នៅ​ទីនោះ​មហា​ជន​ទូទាំង​ប្រទេស​បាន​ទទួល​ស្គាល់​ស្នាដៃ​ដឹក​នាំ​ផលិត​កម្ម​វិធី​របស់​លោក​ ។​

ក្រៅ​ពី​ធ្វើ​ជា​អ្នក​ផលិត​កម្ម​វិធី​ លោក​ហ្វៃ​ សំអាង​ ឆ្លៀត​ពេល​និពន្ធ​ និង​ដឹក​នាំ​រឿង​ភាព​យន្ត​មាន​ដូច​ជា​ រឿង​ «កូន​ពស់​កេង​កង»​ រឿង​ «ទុំ​ទាវ» រឿង​ «មរណ​មាតា» រឿង​ «ចៅ​ពស់​កេង​កង» រឿង​ «មន្ត​មាយា» រឿង​ «ភ្នំ​ទាប​ជាង​ស្មៅ» រឿង​ «ជាតិ​ស្ត្រី» និង​រឿង​ «ពិស​ស្នេហ៍»​ ជា​ដើម​ ។​ ពេល​នេះ​លោក​កំពុង​តែ​រក​ពេល​វេលា​ដើម្បី​ផលិត​រឿង​ថ្មី​ចំនួន​ពីរ​រឿង​ទៀត​ គឺ​រឿង​ «អ្នក​ស្នង​ទាយាទ» និង​រឿង​ «មេឃ​និង​ដី» ។​ សរុប​រឿង​ដែល​លោក​បាន​និពន្ធ​ និង​ដឹក​នាំ​ថត​ដោយ​ខ្លួន​ឯង​មិន​ក្រោម​២០​រឿង​ទេ​ ។​

ពី​ឆ្នាំ​២០០២​ ដល់​ឆ្នាំ​២០០៤​ លោក​ហ្វៃ​ សំអាង​ បាន​ដាក់​ទុន​ជា​មួយ​ផលិត​កម្ម​ SSB តែ​បន្ទាប់​មក​បាន​លក់​ហ៊ុន​វិញ​ ។​ នៅ​ឆ្នាំ​២០០៤​ លោក​បើក​ផលិត​កម្ម​ Nice Stars ដោយ​ប្រើ​ដើម​ទុន​ផ្តាច់​មុខ​ តែ​រហូត​មក​ដល់​ឆ្នាំ​២០០៨​ផ្អាក​ការ​ផលិត​ ។​

តារា​ចម្រៀង​ដែល​ច្រៀង​បទ​ ជា​ស្នាដៃ​របស់​លោក​ហ្វៃ​ សំអាង​ មាន​ដូច​ជា​ អ្នក​នាង​ម៉េង​ កែវ​ពេជ្ជតា​, អ្នក​ស្រី​ហ៊ឹម​ ស៊ីវន​, លោក​ព្រាប​ សុវត្ថិ​, លោក​សុះ​ ម៉ាច​, អ្នក​ស្រី​សួន​ ចន្ថា​, លោក​ពេជ្រ​ ពន្លឺ​, អ្នក​ស្រី​អ៊ុន​ សុផល,​ លោក​ប៊ុន​ ចាន់​ថន​, លោក​មិញ​ សុធី​វណ្ណ​, អ្នក​ស្រី​សុខ​ សុខុម​, អ្នក​ស្រី​សន​ ចរិយា​, លោក​ព្រំ​ សុីវុទ្ធី​, នាង​គឹម​ លក្ខិណា​, លោក​ណុប​ បាយ៉ា​រិទ្ធ​, កញ្ញា​ពៅ​ បញ្ញា​ពេជ្រ​, នាង​ទូច​ ស៊ុន​និច​, លោក​ហេង​ ប៊ុន​លាភ​, កញ្ញា​យុង ច័ន្ទ​កណ្ណិកា​ និង​នាង​កែវ​ ច័ន្ទ​សម្ផស្ស​ ជា​ដើម​ ។​ ស្នាដៃ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​របស់​លោក​ហ្វៃ​ សំអាង​ មាន​ចំនួន​៦០០​បទ​ ។ ដោយ​ឡែក​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​របស់​លោក​ តែ​បទ​ភ្លេង​បរទេស​ មាន​ចំនួន​ជាង​៨០០​បទ​ ។​ នៅ​ក្នុង​ចំណោម​បទ​ទាំង​នោះ​ បទ​ដែល​ល្បី​ខ្លាំង​មាន​ប្រហែល​ជា​៦០០​បទ​ បើ​គិត​តាំង​ពី​ឆ្នាំ​១៩៩០​ រហូត​មក​ដល់​បច្ចុប្បន្ន​ ។​

ក្នុង​អាជីព​ជា​អ្នក​និពន្ធ​នេះ​ នៅ​ឆ្នាំ​២០០៣​ លោក​ហ្វៃ​ សំអាង​ ទទួល​ពាន​រង្វាន់​កាក់​មាស​សម្រាប់​ភាព​យន្ត​ដែល​ល្អ​ និង​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​ ។ ឆ្នាំ​២០០៤​ លោក​ទទួល​ពាន​រង្វាន់​លេខ​៣​ផ្នែក​និពន្ធ​ទំនុក​ច្រៀង​ ដែល​ចូល​រួម​ប្រកួត​ក្នុង​កម្ម​វិធី​អេស៊ាន​ប៉ុប​ មាន​ចំនួន​១៣​ប្រទេស​ចូល​រួម​ នៅ​ទីក្រុង​យូកូ​ហាម៉ា​ ប្រទេស​ជប៉ុន​ ក្រោម​ប្រធាន​បទ​ «រួម​គ្នា​ថែ​រក្សា​ធម្ម​ជាតិ​ និង​សន្តិ​ភាព​» ។​ ឆ្នាំ​២០០៥​ លោក​ហ្វៃ​ សំអាង​ ទទួល​ពាន​រង្វាន់​ថាស​មាស​ ផ្នែក​ដឹក​នាំ​រឿង​ឆ្នើម​ គឺ​រឿង​ «មរណ​មាតា» នៅ​ក្នុង​មហោ​ស្រព​ភាព​យន្ត​លើក​​ទី​២​ រៀប​ចំ​ដោយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ។​

លោក​ហ្វៃ​ សំអាង​ បាន​រៀប​ការ​ជាមួយ​អ្នក​ស្រី​ តែ​ លីឆេង​ ជា​គ្រូ​ពេទ្យ​ធ្មេញ​ នៅ​ឆ្នាំ​១៩៩៨​ និង​មាន​កូន​៤​នាក់​ កូន​ច្បង​ឈ្មោះ​ សំអាង​ ដួង​ចិត្ត​ កូន​ប្រុស​ទី​ពីរ​ឈ្មោះ​ សំអាង​ ដួង​សិទ្ធិ​ បាន​ចូល​រួម​សម្តែង​នៅ​ក្នុង​រឿង​ «មន្ត​មាយា» ចំណែក​កូន​២​នាក់​ទៀត​ជា​កូន​ភ្លោះ​ ស្រី​១​ និង​ប្រុស១​ ៕​