ក្រូចឃ្វិចជាផ្លែរុក្ខជាតិដែលមានរសជាតិជូរអែម ហើយភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទាន ។
ទោះបីឧស្សាហ៍ ឬចូលចិត្តទទួលទាន ប៉ុន្តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ក្រូចឃ្វិច មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម រួមបញ្ចូលទាំងវីតាមីន A, វីតាមីន C, ប៉ូតាស្យូម និង folate ដែលចាំបាច់សម្រាប់សុខភាពល្អប្រសើរ ។ អត្ថប្រយោជន៍នៃការទទួលទានក្រូចឃ្វិច ៖
១. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ ៖ នោះក៏ព្រោះតែក្រូចឃ្វិចមានផ្ទុកសម្បូរទៅដោយជាតិសរសៃ ។ ជាតិសរសៃគ្រប់គ្រាន់ក្នុងរាងកាយជួយទប់ស្កាត់បញ្ហាទាក់ទងជាមួយប្រព័ន្ធរំលាយអាហារ រួមបញ្ចូលទាំងអាការទល់លាមក ។
២. ទប់ស្កាត់ជំងឺទឹកនោមផ្អែម ៖ ក្រូចឃ្វិចមានផ្ទុកសារធាតុ flavonoid ត្រូវបានគេស្គាល់ថាជា nobiletin ដែលជួយការពារប្រឆាំងជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រមទាំងទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើមផងដែរ ។
៣. សុខភាពភ្នែក ៖ បរិមាណនៃវីតាមីន A និង C ដែលមានផ្ទុកក្នុងក្រូចឃ្វិច ជួយទប់ស្កាត់បញ្ហាខ្សោយភ្នែកមើលមិនច្បាស់បានយ៉ាងប្រសើរ ។ ដើម្បីទទួលបានវីតាមីនពេញលេញអ្នកគួរទទួលទានក្រូចឃ្វិច ស្រស់ៗ ។
៤. សុខភាពឆ្អឹង ៖ ក្រូចឃ្វិចក៏ជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូម និងវីតាមីន C ដែលមានប្រសិទ្ធភាពជួយបង្កើនដង់ស៊ីតេឆ្អឹង និងភាពរឹងមាំនៃឆ្អឹងមិនឆាប់បាក់ ។
៥. គ្រប់គ្រងសម្ពាធឈាម ៖ បរិមាណនៃជាតិប៉ូតាស្យូមដែលក្រូចឃ្វិចមានផ្ទុក អាចជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់បានយ៉ាងប្រសើរ ។
៦. ទប់ស្កាត់ជំងឺមហារីក ៖ ការទទួលទានផ្លែក្រូចឃ្វិចអាចជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍជំងឺមហារីកគ្រាប់ឈាមចំពោះកុមារ ជាពិសេសប្រសិនបើពួកគេបានទទួលទានចាប់ពីវ័យ២ឆ្នាំឡើង ។
ក្រូចមានផ្ទុកនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអុកសស៊ីតកម្មមួយមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក ។ ផ្លែក្រូច ក៏មានផ្ទុកជាតិសរសៃ ហើយការទទួលទានអាហារមានជាតិសរសៃខ្ពស់ជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកចុងពោះវៀនធំ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ