ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆេះក្លឹបខារ៉ាអូខេមួយកន្លែងអស់គ្មានសល់កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដែលស្ថិតក្នុងភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ខណ:ដែលនារីបំរើខារ៉ាអូរខេជាច្រើននាក់កំពុងស្នាក់នៅទីនោះ តែសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាកឡើយ ។
សមត្ថកិច្ចបានរាយការណ៍ជាបឋមថា ក្លឹបខារ៉ាអូរខេនោះមានយីហោ«កោះតៃវ៉ាន់»ដែលមានថៅកែឈ្មោះ ថាច់ សង្វាត ហៅ វ៉ាត ភេទប្រុស អាយុ៥២ឆ្នាំ ។ សមត្ថកិច្ចបានស្រង់សំដីពីសាក្សីថា អគ្គីភ័យនោះទំនងផ្ដើមចេញពីការទុស្សេខ្សែភ្លើងនៅក្នុងបន្ទប់ខារ៉ាអូខេ ហើយឆាបឆេះទាំងស្រុងតែម្ដង ដោយមិនអាចរំដោះសម្ភារអ្វីបានឡើយ តែសំណាងល្អនារីៗដែលស្នាក់នៅក្នុងក្លឹបនេះបានរត់រួចដោយសុវត្ថិភាព ។
បើតាមលោក ថាច់ សង្វាត ថៅកែខារ៉ាអូខេខាងលើនេះបានប្រាប់ថា លោកមិនបាននៅក្នុងហេតុការណីនេះទេតែអ្នកបំរើការដែលស្នាក់នៅក្នុងបន្ទប់បានប្រាប់លោកថា ដំបូងមានផ្ទុះអំពូលភ្លើងនៅក្នុងបន្ទប់ខារ៉ាអូខេពេលពួកគេកំពុងដេក ។
លោកថៅកែបានស្រង់សំដីកូនចៅទៀតថា ពេលនោះភ្លើងឆេះបន្ទប់ដែលមានសុទ្ធតែអេប៉ុងជាតិកៅស៊ូ ហើយរាលដាលកាន់តែខ្លាំងដោយគ្មានអ្នកពន្លត់ទេ ព្រោះពួកគេម្នាក់ៗភ័យស្លន់ស្លោសម្រុករត់ចេញក្រៅ ហើយតែប៉ុន្មាននាទីប៉ុណ្ណោះអណ្ដាតភ្លើងឆេះពេញទំហឹងតែម្ដង ។
បើតាមលោកថៅកែរូបនេះបានបញ្ជាក់ថា ក្លឹបខារ៉ាអូខេនេះមាន៤បន្ទប់ បានក្លាយជាផេះទាំងស្រុង រីឯសម្ភារផ្សេងៗ និងទ្រព្យសម្បត្តិដទៃទៀតក៏មិនអាចរំដោះបានដែរ ។ ប៉ុន្តែអ្វីដែលលោកថៅកែចាត់ទុកថា សំខាន់ជាងគេនោះ គឺប្លង់ដី និងឯកសារគ្រួសាររបស់គាត់ទាំងអស់ក៏ស្ថិតក្នុងអណ្ដាតភ្លើងនេះដែរ ។ នេះមិនទាន់ដឹងថា មានមាសប្រាក់លុយកាក់ប៉ុន្មាននោះទេ ដែលនៅជាមួយគ្នានោះ ។
ទោះយ៉ាងណានេះគ្រាន់តែជាសេចក្ដីរាយការណ៏បឋមរបស់ជនរងគ្រោះប៉ុណ្ណោះ ខណៈកម្លាំងពន្លត់អគ្គីភ័យកំពុងប្រឹងប្រែងបាញ់ទឹកពន្លត់នៅឡើយ ។ ដូច្នេះការខូចខាតពិតប្រាកដ សមត្ថកិច្ចជំនាញនឹងត្រូតពិនិយ្យឬសួរនាំជនរងគ្រោះដើម្បីបូកសរុបនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ