ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល គ្រោង​សង់រោង​ចក្រ​វា​រី​អគ្គិសនី​ថ្មី​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា ពេល​នេះ​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការ​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ខេត្តពោធិ៍សាត់​ដែល​មាន​អានុភាព​៨០​មេ​ហ្គា​វ៉ា​ត់ ដែល​អាច​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ប្រជាពលរដ្ឋ និង​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នានា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា ពេល​នេះ​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការ​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ខេត្តពោធិ៍សាត់​ដែល​មាន​អានុភាព​៨០​មេ​ហ្គា​វ៉ា​ត់ ដែល​អាច​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ប្រជាពលរដ្ឋ និង​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នានា ព្រមទាំង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ ។

លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ម្សិលមិញ​ថា រាជរដ្ឋាភិបាល​កំពុង​ចរចា​តម្លៃ​ថ្លៃ​លក់​អគ្គិសនី​ត្រឡប់​មក​វិញ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​ចិន និង​កូរ៉េ​ក្នុង​តម្លៃ​ចន្លោះ​ពី​៧​ទៅ​៨​សេន ក្នុង​១​គីឡូវ៉ាត់ម៉ោង​។ លោក​បន្ត​ថា ប្រសិនបើ​ភាគី​ទាំង​២​ចរចា​ត្រូវ​គ្នា​ហើយ​នោះ អាច​ឈាន​ទៅ​អភិវឌ្ឍន៍​បង្កើត​រោងចក្រ​វា​រី​អគ្គិសនី​នា​ពេល​ឆាប់​ៗ​នេះ ពោល​គឺ​អាច​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​គ្រោង​ប្រើ​រយៈពេល​សាងសង់​ក្នុង​ចន្លោះ​៣​ទៅ​៤​ឆ្នាំ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ការ​អភិវឌ្ឍ​វា​រី​អគ្គី​ស​នី​ស្ទឹង​ពោធិ៍សាត់​បន្ថែម​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ផង និង​លើ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម ផ្សេង​ៗ​ទៀត ព្រមទាំង​ធានា​ដល់​សន្តិសុខ​ថាមពល​ក្នុងស្រុក​ផង និង​ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រភព​ថាមពល​អគ្គិសនី​ពី​បរទេស​ផង​ដែរ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​អះអាង​ថា ៖« តាម​ការ​សិក្សា​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​នេះ អាច​ចំណាយ​ថវិកា​រហូត​ដល់​ជាង​១៦០​លាន​ដុល្លា​អា​មេ​រិ​ក ដោយ​មាន​អានុភាព​រហូត​ដល់​៨០​មេ​ហ្គា​វ៉ា​ត់ ហើយ​ផ្នែក​ផល​ប៉ះពាល់​គឺ​តិចតួច​បំផុត »​។ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុ​យ សែ​ម ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​មាន​ផែនការ​បន្ថែម​ប្រភព​ថាមពល​អគ្គិសនី​គ្រប់​ប្រភេទ អភិវឌ្ឍន៍​ខ្សែបណ្តាញ​ជាតិ​ឲ្យ​បាន​គ្រប់​ខេត្ត​និង​រាជធានី និង​ធ្វើ​ខ្សែ​ចែកចាយ​ឲ្យ​បាន​គ្រប់​ភូមិ​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ​២០២០ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។

មក​ដល់​ពេល​នេះ កម្ពុជា​មាន​វា​រី​អគ្គិសនី​ចំនួន​៧​កន្លែង​ហើយ​គឺ វា​រី​អគ្គិសនី​អា​តៃ​, ឫស្សី​ជ្រុំ​, កំចាយ​, គី​រី​រម្យ​១, គី​រី​រម្យ​៣, វា​រី​អគ្គិសនី​តា​តៃ និង​មួយ​កន្លែង​ទៀត​គឺ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ស្ថិត​នៅ​ខេត្តស្ទឹងត្រែង​ដែល​ទើប​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​ការ​បញ្ចុះតម្លៃ​អគ្គិសនី​,​ការ​រៀបចំ​តំបន់ឧស្សាហកម្ម​, ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​ប្រែក្លាយ​ពី​ឧស្សាហកម្ម​ដោយ​ប្រើប្រាស់​អតិពលកម្ម ទៅ​ជា​កម្លាំង​ពលកម្ម​ជំនាញ​ដែល​អាច​បង្កើត និង​ទាញ​យក​តម្លៃបន្ថែម​កាន់តែ​ច្រើន ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​កន្លង​មក​ថា តម្រូវការ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ពិតជា​ត្រូវការ​កាន់តែ​ច្រើន​ទៅ​ៗ​ហើយ ដោយសារ​កម្ពុជា​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ព្រោះ​វិស័យ​អ្វី​ក៏​ត្រូវការ​អគ្គិសនី​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​សង្វា​ក់​ផលិតកម្ម​បាន​រលូន ។
ទោះបី​យ៉ាងណា លោក​ថ្លែង​ថា ៖« ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នៅ​មាន​តម្លៃ​ថ្លៃ​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង ប៉ុន្តែ​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​បាន​ផ្តោត​អាទិភាព​លើ​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី​ផង​ដែរ »​។

គួរ​បញ្ជាក់​ថា តម្លៃ​អគ្គិសនី​ក្នុង​ឆ្នាំ​២០១៩​នេះ សម្រាប់​ការ​ប្រើប្រាស់​ចេញពី​បណ្ដាញ​ជាតិ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជា​ថ្មី ក្នុង​នោះ ការ​ប្រើប្រាស់​អស់​ចាប់ពី ១​គីឡូវ៉ាត់ម៉ោង​ដល់ ១០​គីឡូវ៉ាត់ម៉ោង មាន​តម្លៃ​៣៨០​រៀល​/kwh, ប្រើប្រាស់​អស់​ចាប់ពី​១១​ដល់​៥០kwh មាន​តម្លៃ ៤៨០​រៀល​, ប្រើប្រាស់​អស់​ចាប់ពី​៥១​ដល់​២០០kwh តម្លៃ​៦១០​រៀល និង​ប្រើប្រាស់​លើស​ពី​២០០kwh នឹង​មាន​តម្លៃ ៧៤០​រៀល​/kwh ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ