រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទ iPhone X ពីបុរសជនជាតិចិនម្នាក់បានសម្រេច រួចជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងគេចខ្លួនបាត់ តែត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយជាមួយជនរងគ្រោះឆែកតាមប្រព័ន្ធ GPS ដេញចាប់ដល់បន្ទប់ជួលរបស់ជនស្ស័យ ហើយចាប់ឃាត់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅជិតនឹងផ្សារបន្លែ ក្នុងភូមដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ស៊ុន សុភ័ក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាពម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១AP-៧៩៦០។ ចំណែកទូរស័ព្ទដែលបាត់ម៉ាក iPhone X ពណ៌ខ្មៅ ជារបស់បុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសជនជាតិចិនមួយក្រុមបានរត់មកប្រាប់សមត្ថកិច្ចនៅម្តុំរោងកុនគីរីរម្យថា មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក iPhone X មួយគ្រឿងពីជនរងគ្រោះបានសម្រេច ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា ដោយសារទូរស័ព្ទរបស់ជនរងគ្រោះមានប្រព័ន្ធ GPS ក៏ឆែកឃើញលោតសញ្ញាប្រាប់គោលដៅរបស់ជនសង្ស័យនៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ទើបកម្លាំងសមត្ថកិច្ចបានបានសហការគ្នាជាមួយជនរងគ្រោះចុះមកដល់ភ្លាមៗ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតម៉ូតូមួយគ្រឿងដែលជាមធ្យោបាយជិះធ្វើសកម្មភាព ក្នុងពេលនោះក៏មានការប្រវាយប្រតប់គ្នារវាងជនសង្ស័យជាមួយកម្លាំងសមត្ថកិច្ចឆ្លៀតពេលនោះសង្ស័យម្នាក់ទៀតបានយកទូរស័ព្ទរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបាននាំខ្លួនជនសង្ស័យម្នាក់ រួម និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពយកទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ