ខេត្តរតនគិរី ៖ ជិះម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងនិងពីរនាក់ទៀតរងរបួសធ្ងន់នេះបានកើតឡើងនៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៩ នៅត្រង់កន្លែង(អំពិលប្រាំដើម) ស្ថិតក្នុងភូមិ៤ (ហៅគ៦០) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង០៣នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្នុងនោះជនរងគ្រោះទី១-ឈ្មោះ កូវ នុ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិល្អិន ឃុំតឹន ស្រុកកូនមុំ ជាអ្នកបើកបរម៉ូតូ scoopy ស្លាប់ភ្លាមៗនៅកន្កែងកើតហេតុ ។ ទី២-ឈ្មោះ គីន លិញេ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិទំពួន ជាអ្នករួមដំណើរ រស់នៅភូមិឃុំជាមួយគ្នាខាងលើបានរងរបួសធ្ងន់ ។ ទី៣- ភាគីម្ខាងទៀតឈ្មោះ សំ រុំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបី ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជាសិស្សជាអ្នកបើកបរម៉ូតូម៉ាកស្កុបពី បានរងរបួសធ្ងន់ ។ និងទី៤- ឈ្មោះ កាន់ លីង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរជាសិស្ស អ្នករួមដំណើរ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ដែរ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកអន្តរាគមន៍ និងបានបញ្ជូនអ្នករងរបួសធ្ងន់តាមរថយន្តសាមុយស្រុកកូនមុំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តរតនគីរីភ្លាមៗផងដែរ ។ ឯសាកសពជនរងគ្រោះក្រោយពីនគរបាលជំនាញធ្វើការត្រួតពិនិត្យរួចរាល់ក៏បានប្រគល់ឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាងម៉ូតូម៉ាក scoopy ពណ៌ក្រហម គ្មានស្លាកលេខ និងម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ 1BU-5200PP ទាំងពីរគ្រឿងត្រូវកម្លាំងជំនាញចរាចរណ៍ផ្លូវគោកស្រុកកូនមុំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកូនមុំ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ