ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ចំបើង​ក្រោមផ្ទះ​ដូច​គេ​គរ ភ្នក់ភ្លើង ឆេះ​ផ្ទះ​ម៉ត់​សល់​តែ​ផេះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោកស្រី​ពៅ សុភាព​ហិ​រញ្ញឹក គណៈកម្មាធិការ​សាខា​តំណាង​លោក​ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​សួរសុខទុក្ខ…

ខេត្តស្វាយរៀង ៖ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោកស្រី​ពៅ សុភាព​ហិ​រញ្ញឹក គណៈកម្មាធិការ​សាខា​តំណាង​លោក​ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​សួរសុខទុក្ខ និង​ចែក​ជូន​ដល់​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ភ្លើងចំបើង​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ ។

នា​ឱកាស​នោះ​ផង​ដែរ លោកស្រី​ពៅ សុភាព បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ក្តី​អាណិតអាសូរ និង​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រង​គ្រោះ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​លោកស្រី​បាន​លើកទឹកចិត្ត​សូមកុំ​អស់សង្ឃឹម ហើយ​ប្រឹងប្រែង​បំពេញការងារ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើង​វិញ ។ ទន្ទឹម​នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ប្រើប្រាស់​ភ្លើង ចរន្តអគ្គិសនី ការ​អុជ​ធូប​ទៀន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ត្រូវ​ថែរក្សា​ទឹក​ទុក​ក្នុង​ពាង ឬ​អាង​ឲ្យ​ពេញ និង​ប្រើប្រាស់​សន្សំ​សំចៃ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង​បង្ក​ដោយសារ​ឆេះ​ភ្លើងចំបើង​ក្រោមផ្ទះ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ទំហំ ៦​គុណ​៧ ម៉ែត្រ​សង់​ពី​ឈើ​ជញ្ជាំង​ស័ង្កសី​ដំបូល​ប្រក់​ស៊ី​ប្រូ​សី​ម៉​ង់​ត៍​ខូចខាត​ទាំងស្រុង រួម​នឹង​សម្ភារ​ប្រើប្រាស់​របស់​ឈ្មោះ សុ​ន ម៉ៅ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ​ខណៈ​ក្រុម​គ្រួសារ​ជន​រង​មិន​នៅផ្ទះ ។

អំណោយ​ដែល​បាន​ផ្តល់​ជូន​ដល់​គ្រួសារ​រង​គ្រោះ​រួម​មាន អង្ករ​៥០​គីឡូក្រាម ក្រណាត់​កៅស៊ូ​តង់​១ កន្ទេល​បត់​១ ឆ្នាំងបាយ​សម្ល​២ ធុង​ទឹក​ជ័រ​១ មុង​១ ក្រ​ម៉ា​១ សារុង​១ ទឹកស៊ីអ៊ីវ​៦​ដប ត្រីខ​១០​កំប៉ុង មី​១​កេស និង​ថវិកា​៤០០.០០០​រៀល និង​ថវិកា​របស់​ក្រុមការងារ​ចុះ​ជួយ​ឃុំ ២០០.០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ