មនុស្សមួយចំនួនមានពណ៌ស្បែកស្លេកស្លាំងពីកំណើតតែម្ដងកាត់តាមឪពុកម្ដាយពួកគេ ប៉ុន្តែប្រសិនបើអ្នកមិនមែនម្នាក់ក្នុងចំណោមនោះទេ ស្បែកប្រែជាស្លេកស្លាំងអាចបណ្ដាលមកពីបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសុខភាពហើយ ។ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម ប្រសិនបើអាការនៃស្បែកស្លេកស្លាំងអមមកជាមួយនឹងអត្រាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី, សម្ពាធឈាមចុះទាប, ពិបាកដកដង្ហើម, ឈឺទ្រូង និងរកកលចង់សន្លប់ ។ មូលហេតុទូទៅបំផុតមួយចំនួនដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង ៖
១.ជំងឺខ្វះគ្រាប់ឈាមក្រហម ៖ មួយក្នុងចំណោមមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង គឺជំងឺខ្វះគ្រាប់ឈាមក្រហម ឬកង្វះជាតិដែកក្នុងរាងកាយ ។ ជំងឺខ្វះគ្រាប់ឈាមក្រហម ជាស្ថានភាពសុខភាពមួយដែលបរិមាណនៃកោសិកាឈាមក្រហមដឹកនាំអុកស៊ីសែនទៅចិញ្ចឹមគ្រប់កោសិកាមានកម្រិតទាបមិនធម្មតា ។ រាងកាយត្រូវការជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ។
២. កង្វះវីតាមីន B12 ៖ ក្រៅពីជាតិដែកវីតាមីនផ្សេងទៀតដែលរាងកាយត្រូវការសម្រាប់ការសំយោគកោសិកាឈាមក្រហមបានត្រឹមត្រូវនោះ គឺវីតាមីន B12។
៣. ជំងឺមហារីកឈាម ៖ មានជំងឺមហារីកច្រើនប្រភេទណាស់ដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង ហើយជំងឺ មហារីកឈាមជាប្រភេទមួយក្នុងចំណោមនោះ ។
៤.ជំងឺឃ្លង់ល្ពៅ ៖ ជំងឺនេះបណ្ដាលឱ្យស្បែកឡើងបំណះពណ៌ សៗដោយសារកោសិកាក្នុងស្បែកឈប់ដំណើរការមុខងារលែងផលិតជាតិមេឡានីនដែលផ្ដល់ពណ៌សម្បុរប្រសើរដល់ស្បែក ។
៥. កង្វះការត្រូវកម្ដៅថ្ងៃ ៖ ក៏ព្រោះតែស្បែកមិនផលិតជាតិមេឡានីនគ្រប់គ្រាន់ នោះមិនមែនមានន័យថាកោសិកាពិសេសដែលផលិតវាមិនដំណើរការដែរ ។ ហើយការណ៍ពិតនោះ គឺស្បែកនឹងផលិតជាតិមេឡានីនកាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងកាំរស្មីយូវីក្នុងទម្រង់ការពារស្បែក ។
៦.ទទួលទានអាហារគ្មានសុខភាពល្អ ៖ ការទទួលទានអាហារកែច្នៃ, អាហារគ្មានជីវជាតិ និងអាហារប្រភេទ fast food បណ្ដាលឱ្យស្បែកមើលទៅគ្មានក្រៀមក្រោះគ្មានជីវិតដោយសារកង្វះសារធាតុចិញ្ចឹមចាំបាច់ដូចជា ជាតិវីតាមីន និងជាតិរ៉ែ ផ្សេងៗ ។
៧.ភាពតានតឹង និងថប់បារម្ភ ៖ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ភាពតានតឹង ឬស្ត្រេសអាចបណ្ដាលឱ្យមានភាពប្រែប្រួលក្នុងចរន្តឈាមហូរ ។ លើសពីនេះទៅទៀត ស្ត្រេស អាចបង្កើនអត្រានៃកោសិកាស្បែកដែល ងាប់ៗដែលធ្វើឱ្យស្បែកមើលទៅដូចគ្មានជីវិត ។ រីឯបញ្ហាថប់បារម្ភវិញ អាចបណ្ដាលឱ្យការផ្គត់ផ្គង់ឈាមត្រូវបានបង្វែរទៅសរីរាង្គខាងក្នុងដែលបណ្ដាលឱ្យស្បែកប្រែជាមើលទៅស្លេកស្លាំង (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ