ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ មករា ឆ្នាំ២០១៩ នៅចំណុចក្នុងវាលស្រែ ស្ថិតក្នុងដីភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ មានកម្ពស់១.៥០ម៉ែត្រ នៅក្បែរសពគេឃើញមួកមួយពណ៌ក្រឡាការ៉ូ.សលាយខ្មៅ និងខ្សែក្រវាត់មួយពណ៌ស-ក្រហម ។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា បន្ទាប់ពីបានប្រទះឃើញសពបុរសម្នាក់នៅក្នុងវាលស្រែរួចមក ពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យ ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម សមត្ថកិច្ចបានបង្កើតគណៈកម្មការដើម្បីចុះពិនិត្យរួមមាន កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ កម្លាំងជំនាញស្រុក-ខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យទៅលើសពជនរងគ្រោះ រកឃើញថា ជនរងគ្រោះស្លាប់នៅជាប់ភ្លឺស្រែ ក្បាលមកទិសខាងលិច ជើងមកខាងកើត មានដីនៅពីលើ ហើយជនរងគ្រោះមានស្លៀកខោខូវប៊យពណ៌សជើងវែង ពាក់អាវក្រណាត់ដៃវែងផ្កាពណ៌ក្រហម ខៀវ ស ។

សពជនរងគ្រោះមានសភាពស្អុយរលួយ និងស្រាំលលាដ៍ក្បាលសងខាងដោយសារប៉ះនឹងវត្ថុរឹង ចំណែកថ្គាមខាងឆ្វេងប្រះ ធ្មេញលើធំ២ ធ្មេញក្រោមល្អិត ក្នុងហោប៉ាវខោខាងមុខមានកូនសោរ១ ។

តាមការសន្និដ្ឋានបឋមរបស់ផ្នែកសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានឱ្យដឹងថា បុរសរងគ្រោះដែលស្លាប់ខាងលើនេះគឺជាករណីឃាតកម្ម។

សមត្ថកិច្ចខេត្ត ស្រុក ប៉ុស្តិ៍ បានបើកការស្រាវជ្រាវ ស៊ើបអង្កេត និងសូមប្រកាសរកសាច់ញាតិ ក្រុមគ្រួសារ ប្រសិនបើមានបាត់សមាជិកក្រុមគ្រួសារ តាមភិនភាគដូចបានជម្រាបជូនខាងលើ សូមធ្វើការទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ៕
ចែករំលែកព័តមាននេះ