ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​SME​កំពុង​ដើរតួ​នាទី​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ថា សហគ្រាស សិប្បកម្ម​ធុន​តូច និង​មធ្យម​ហៅ​កាត់​SME បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ…

រាជធានី​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ថា សហគ្រាស សិប្បកម្ម​ធុន​តូច និង​មធ្យម​ហៅ​កាត់​SME បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ​ដល់​ពលរដ្ឋ និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ ដែល​មាន​កំណើនថេរ​ក្នុង​រង្វង់​អត្រា​៧% ។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ជំទាវ និ​ន សា​ផុ​ន ប្រធាន​គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​កន្លង​មក​ថា បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ជាង​៥០​ម៉ឺន​សហគ្រាស និង​មាន​លក្ខណៈ​ចម្រុះ និង​សម្បូរ​បែប ដែល​ភាគច្រើន​មាន​ដូច​ជា សហគ្រាស​កែ​ច្នៃ​ម្ហូបអាហារ សហគ្រាស​គាំទ្រ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ កសិឧស្សាហកម្ម និង​សហគ្រាស​កែ​ច្នៃ ផលិតផល​ប្រើប្រាស់​ទូទៅ​។

លោក​ទេស​រដ្ឋមន្ត្រី​បន្ដ​ថា ៖« វិស័យ​ឧស្សាហកម្ម​បាន​រួមចំណែក​មួយ​ផ្នែក​ធំ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​រួមចំណែក​ដល់​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម »​។ លោក​បាន​បន្ថែម​ថា ក្រសួង​បាន​លើកទឹកចិត្ត​ដល់​សហគ្រាស​ទាំងអស់ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ចាប់​យក​ឱកាស​ពី​ការ​រីក​ចម្រើន នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​បច្ចេកវិទ្យា​នៅ​កម្ពុជា ស្រប​ទៅ​នឹង​បរិបទ​ពិភពលោក ។

លោក​បន្ត​ថា ដើម្បី​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​ពលរដ្ឋ ក្រសួង​បាន​ផ្តោត​ជា​សំខាន់​ខាង​អនាម័យ ស្តង់ដា​ផលិតផល និង​មាត្រា​សាស្ត្រ ដូច​ជា វិស័យ​ទឹក​ស្អាត ការ​ថែរក្សា​ផ្ទៃដី​ស្រែ​ផលិត​អំបិល និង​បញ្ចូល​ជាតិ​អុ​ី​យ៉ូ​ត​ក្នុង​អំបិល ពង្រឹង​ប្រសិទ្ធភាព​ការ​ចុះ​ធ្វើ​អធិការកិច្ច​តាម​បណ្តា​រោងចក្រ​សហគ្រាស និង​ជំរុញ​អនុវត្ត​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ។

លោក​ជំទាវ​ប្រធាន​គណៈកម្មការ បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ។

លោក​ជំទាវ និ​ន សា​ផុ​ន បាន​បញ្ជាក់​ថា ៖« ការ​ខិតខំ​ទាំង​អស់នោះ បាន​នាំ​មក​នូវ​សមិទ្ធផល​នានា​គួរ​ជាទី​មោ​ទ​នៈ និង​បាន​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កម្ពុជា មានការ​អភិវឌ្ឍ​រីក​ចម្រើន​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​ដែល​បាន​ចូលរួម​វិភាគទាន​យ៉ាង​សំខាន់ ដល់​ការ​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ »​។ តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្ហាញ​ថា មក​ដល់​ដំណាច់ឆ្នាំ​២០១៨ កម្ពុជា​មាន​សហគ្រាស​ខ្នាត​តូច ខ្នាត​មធ្យម និង​សិប្បកម្ម មាន​ចំនួន​ប្រមាណ​ជិត​៥២​ម៉ឺន​មូលដ្ឋាន​។ ដោយឡែក​សហគ្រាស​ធុន​តូច មធ្យម​និង​សិប្បកម្ម​កម្មន្តសាល​មាន​ប្រមាណ​ជិត​១៥​ម៉ឺន​៧​ពាន់​មូលដ្ឋាន ក្នុង​នោះ សហគ្រាស​ធុន​មធ្យម ប្រមាណ​០,៩​ភាគរយ សហគ្រាស​ធុន​តូច​ប្រមាណ​៩,៤​ភាគរយ និង​សិប្បកម្ម​កម្មន្តសាល​ប្រមាណ​៨៩,៨​ភាគរយ ។

រាជរដ្ឋាភិបាល​កំណត់​ការ​អនុគ្រោះ​លើកលែង​ពន្ធ លើ​ប្រាក់​ចំណូល​ចំពោះ​វិស័យ SME ចំនួន​៣​ឆ្នាំទៅ​៥​ឆ្នាំ ចំពោះ​សហគ្រាស​ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក ចាប់ពី​៦០%​ឡើង និង​ការ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច​២០% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម ។ វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ រួម​មាន ផលិតផល​កសិកម្ម ឬក​សិ​-​ឧស្សាហកម្ម ផលិត​និង​កែ​ច្នៃ​ម្ហូបអាហារ កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក កែ​ច្នៃ​កាក​សំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ផ្នែក​កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច​ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃ​ទៀត ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួម​ទាំង​ការ​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​មាន​លក្ខណៈ​នវានុវត្តន៍ និង​សហគ្រាស​ដែល​ស្ថិត​ក្នុង​តំបន់​ប្រមូលផ្តុំ និង​ជា​សហគ្រាស​ដែល​អភិវឌ្ឍន៍​តំបន់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ