ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឲ្យដឹងថា ជនមិនស្គាល់មុខបានគាស់ទ្វាផ្ទះពលរដ្ឋមួយកន្លែង ចូលលួចលុយ និងគ្រឿងអល្កការអស់ជាច្រើន ដែលគេសង្ស័យអាចកើតឡើងនៅចន្លោះពីម៉ោង៧ដល់ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ មករានេះ នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណៈម្ចាស់ផ្ទះបិទទ្វាចាក់សោ រួចចេញទៅរកទទួលទានអាហារនៅខាងក្រៅ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ វ៉ាត់ ថាវី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូ និងរស់នៅចំណុចកើតហេតុខាងលើ ។ បើប្រភពដដែលបានបញ្ជាក់ថា ដំណឹងនៃការគាស់ទម្លុះទម្លាយរបស់ជនទុច្ចរិតខាងលើនេះហាក់មិនទាន់ជ្រាប ឬរំខានដល់លោកអធិការក្រុងបាត់ដំបង ឬជ្រាបដល់លោកស្នងការខេត្តនៅឡើយទេ បើគិតត្រិមម៉ោង៤និង៣០នាទីនារសៀលថ្ងៃទី២៨ មករា ខណៈកម្លាំងកងរាជអាវុធហត្ថបានចុះពិនិត្យទីតាំងកើតហេតុរួចរាល់តាំងពីព្រឹក ។
ប៉ុន្តែកម្លាំងស្នងការខេត្តបែរជាកំពុងភ្ញាក់ផ្អើលទៅលើរឿងចោរចូលលួចឈើប្រណិតអស់ជាច្រើនសន្លឹកនៅផ្ទះលោកព្រះរាជអាជ្ញាមួយរូបដែលជាអតីតព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបងដែលគេទើបដឹងនៅព្រឹកថ្ងៃទី២៧ មករានេះ ។ លំនៅឋានលោកព្រះរាជអាជ្ញាដែលត្រូវចោរចូលលួចឈើប្រណិតនោះ ស្ថិតនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។
បើតាមព័ត៌មានថា នេះជាករណីលើកទី២ហើយដែលជនមិនស្គាល់មុខចូលលួចឈើនៅផ្ទះអតីតព្រះរាជអាជ្ញារងខេត្តបាត់ដំបង ។ ដោយឡែកជុំវិញករណីកាត់សោរផ្ទះចូលលួចទ្រព្យសម្បត្តិខាងលើនេះវិញ បើតាមម្ចាស់ផ្ទះបានឲ្យដឹងថា ចោរបានលួចយកខ្សែដៃមាស០១ខ្សែ ទម្ងន់៥ជី ខ្សែកមាស០១ខ្សែទម្ងន់៥ជី ប្រាក់ដុល្លារចំនួន១,៨០០ដុល្លា (មួយពាន់ប្រាំបីរយដុល្លារ) និងប្រាក់ថៃចំនួន១,០០០បាត (មួយពាន់បាត) ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ ខណៈកម្លាំងនគរបាលទាំងក្រុងទាំងខេត្តកំពុងមមីមមើរនៅឡើយ ៕
ចែករំលែកព័តមាននេះ