ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ដាំ​ទុរេន​ប្រាប់​ពី​បច្ចេកទេស​ដាំ​ឆាប់​ទទួលផល

5 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ អ្នកជំនាញ​ដាំ​ទុរេន​មួយ​រូប បន្ទាប់​ពី​ទទួល​បានការ​បណ្ដុះបណ្ដាល និង​សិក្សា​ឈ្វេងយល់​អំពី​ដំណាំ​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​រួច​មក ក៏​ចាប់ផ្តើម​ទិញ​កូន​ទុន​រេ​ន​យក​មក​អនុវត្ត​ដាំ​ដុះ​ទៅ​តាម​បច្ចេក​ទេស​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។ ជា​លទ្ធផល…

ខេត្ត​ប៉ៃលិន ៖ អ្នកជំនាញ​ដាំ​ទុរេន​មួយ​រូប បន្ទាប់​ពី​ទទួល​បានការ​បណ្ដុះបណ្ដាល និង​សិក្សា​ឈ្វេងយល់​អំពី​ដំណាំ​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​រួច​មក ក៏​ចាប់ផ្តើម​ទិញ​កូន​ទុន​រេ​ន​យក​មក​អនុវត្ត​ដាំ​ដុះ​ទៅ​តាម​បច្ចេក​ទេស​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។ ជា​លទ្ធផល ទុរេន​របស់​លោក​លូតលាស់​បាន​ល្អ​ក្នុង​រយៈពេល​ខ្លី ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ។

លោក ទូច ប៉ង់ អ្នកជំនាញ​ដំណាំ​ទុរេន​រូប​នេះ​បាន​ប្រាប់​កោះសន្ដិភាព​ថា លោក​បាន​ដាំ​កូន​ទុរេន​ជាង​៣០០​ដើម​ដោយ​ប្រើ​បច្ចេកទេស បន្ទាប់​ពី​ទទួល​បានការ​បណ្ដុះបណ្ដាល​ជំនាញ​ពី​ជនជាតិ​ថៃ ដោយ​មាន​ណែនាំ​ពី​របៀប​ដាំ និង​ថែទាំ​ទុរេន ។

លោក​និយាយ​ថា ៖« ការ​ដាំ​ដំណាំ​នេះ បើ​យើង​អនុវត្ត​ទៅ​តាម​បច្ចេកទេស ធ្វើ​ឲ្យ​ទុរេន​ឆាប់​លូតលាស់​ល្អ និង​ឆាប់​ទទួលផល »​។ លោក​ថា ៖« ការ​ដាំ​ទុរេន គឺ​យើង​ទុក​ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ ប្រវែង​៦​ម៉ែត្រ ហើយ​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយទៀត ប្រវែង​៨​ម៉ែត្រ ដើម្បី​ងាយស្រួល​ក្នុង​ការ​ថែទាំ ដាក់​ជី ឬ​ដឹក​សម្ភារ​ផ្សេង​ៗ ចូល​ក្នុង​ចម្ការ ព្រមទាំង​ជួយ​សម្រួល​ក្នុង​ការ​កាត់​ស្មៅ ពេល​ទុរេន​លូតលាស់​ធំ​ផង​ដែរ »​។

លោក​បាន​បន្ថែម ៖« បន្ទាប់​ពី​ដាំ​តាម​ក្បួនខ្នាត​ហើយ រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ ដើម​ទុរេន​នឹង​ធំ​លឿន​ដែល​មាន​កម្ពស់​ជាង​១​ម៉ែត្រ​បាត់​ទៅ​ហើយ ។ ដូច្នេះ​មិនយូរ​ទេ ត្រឹមតែ​៣​ទៅ​៥​ឆ្នាំ​ប៉ុណ្ណោះ អាច​នឹង​ប្រមូល​ផល​ជា​មិន​ខាន »​។ យ៉ាងនេះ​ក្ដី លោក​ថា ការ​ថែទាំ​ជា​រឿង​ចាំបាច់​ដោយ​ត្រូវ​ស្រោច​ទឹក ដាក់​ជី និង​តាមដាន​ជា​ប្រចាំ ជៀសវាង​ដើម​ទុរេន​មាន​ជំងឺ​មក​យាយី ។

ស្រ​ដៀង​គ្នា​នេះ​ដែរ កសិករ​ម្នាក់​ទៀត ដែល​បាន​អញ្ជើញ​ជនជាតិ​ថៃ​មក​ពិនិត្យ និង​ណែនាំ​ដល់​ចម្ការ​របស់​ខ្លួន ខណៈ​ដែល​ទុរេន​របស់​លោក​កំពុង​ចេញ​ផ្កា និង​ក្ដឹប​ផង​នោះ បាន​រៀបរាប់​ថា ទុរេន​ខែ​ប្រាំ​ត្រូវការ​ទឹក និង​ដាក់​ជី​បំប៉ន បើ​ពុំ​ទេវា​នឹង​ចេញ​ស្លឹក​ក្រហម ឬ​ឈាន​ទៅ​ងាប់​ដើម ។

លោក ពេជ្រ ស្រស់ ម្ចាស់​ចម្ការ​រូប​នេះ​បន្ដ​ថា ៖« នៅ​រដូវប្រាំង ជា​ពិសេស​ក្នុងអំឡុងពេល​នេះ ម្ចាស់​ទុរេន​ត្រូវ​ស្រោច​ទឹក និង​ដាក់​ជី​ជំនួយ​បន្ថែម ព្រោះ​វា​ជា​រដូវ​រាំងភ្លៀង បើ​ពុំនោះ​ទេ​អាច​នឹង​ហួសពេល បណ្ដាល​ឲ្យ​ដើម​ទុរេន​ងាប់​»​។ យោង​តាម​ឯកសារ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​បាន​បង្ហាញ​ថា ដើម្បី​ថែរក្សា និង​ធ្វើ​ឲ្យ​ទុរេន​កាន់តែ​បាន​ផល​ច្រើន ម្ចាស់​ចម្ការ​ចាំបាច់​ត្រូវ​អនុវត្ត​ការងារ​មួយ​ចំនួន​ដូច​ជា ៖

១- បើសិនជា​ភ្លៀក​ធ្លាក់​ច្រើន ត្រូវធ្វើ​ប្រឡាយ​បង្ហូរទឹក​ចេញពី​គល់​ទុរេន ។ ២- បើសិនជា​គ្មាន​ភ្លៀង ត្រូវ​ធ្វើការ​ស្រោច​ទឹក ។ ៣- ត្រូវ​កម្ចាត់​រុក្ខជាតិ​ចង្រៃ​ដោយ​កាប់​ជម្រះ​ឲ្យ​បាន​ស្អាត​នៅ​ជុំវិញ​គល់ ។ ៤- ត្រូវ​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​រលួយ​ឫស រលួយ​គល់ ងាប់​ស្លឹក ដែល​បណ្ដាល​មក​ពី​ពពួកសត្វ​ល្អិត​ចម្លងរោគ​ដូច​ជា​ខ្មូត​មាន់ អង្ក្រង និង​ខ្មូត​ភ្លើង​ជាដើម ។

៥- នៅ​ពេល​មិនសូវ​មាន​ភ្លៀង ត្រូវ​ដាក់​ជីគីមី​ដើម្បី​ជំរុញ​ឲ្យ​ទុរេន​ឆាប់​ចេញ​ផ្កា ។ ៦- នៅ​រដូវភ្លៀង​ជោកជាំ ត្រូវ​បោសសម្អាត​កម្ទេច​ស្មៅ និង​ស្លឹក​ទុរេន​ដែល​ជ្រុះ​ចេញពី​គល់ ដើម្បី​ឲ្យ​ដី​ឆាប់​ស្ងួត និង​ត្រូវ​ផ្អាក​ការ​ផ្ដល់​ទឹក​ពី​១០​ទៅ​១៤​ថ្ងៃ ហើយ​នៅ​ពេល​ឃើញ​ស្លឹក​ទុរេន​ចាប់ផ្ដើម​ស្វិត ត្រូវ​ផ្ដល់​ទឹក​បន្ដិច​ម្ដង​ៗ​ដើម្បី​ឲ្យ​ទុរេន​ចេញ​ផ្កា និង​កុំ​ឲ្យ​ខ្វះ​ទឹក​យូរ​ពេក​រហូត​ដល់​ស្លឹក​វា​ចេញ​ពណ៌​លឿង ។ ប្រសិនបើ​ម្ចាស់​ចម្ការ​អនុវត្ត​តាម​វិធី​ណែនាំ​ខាងលើ​នេះ​បាន​ល្អ នោះ​ទុរេន​របស់​លោក​អ្នក​នឹង​ទទួលផល​ច្រើន​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ