ខេត្តកំពង់ចាម ៖ ជនជាតិកាណាដាពីរនាក់ប្តីប្រពន្ធ ដោយបានពេញចិត្តទេសភាពធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ចង់ដើរឆ្លងប្រដឹសឫស្សី នាព្រឹកថ្ងៃទី២២ មករា ២០១៩នេះ តែមិនអាចឆ្លងទៅរួច ដោយសារផ្នែកកណ្តាលត្រូវបានកាត់ផ្តាច់ ព្រោះតែទឹកទន្លេមេគង្គបានឡើងមកកាត់ផ្តាច់ក្នុងរដូវប្រាំងដែលមានសភាពខុសប្លែកពីបណ្តាឆ្នាំមុនៗ មិនដែលធ្លាប់មានទាល់តែសោះ។

លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តវិញប្រាប់ថា បាតុភូតដែលបណ្តាលឲ្យទឹកទន្លេមេគង្គហក់ឡើងនេះ ដោយសារតែនៅខាងប្រទេសឡាវមានភ្លៀងធ្លាក់ និងគួបផ្សំទំបន់វារីអគ្គីសនី នៅប្រទេសជិតខាងបើកទឹក ទើបបណ្តាលឲ្យទឹកទន្លេហក់ឡើងបែបនេះ។ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងព្រឹកថ្ងៃទី២២ មករា បានចាប់ផ្តើមស្រក ហើយនៅកំពង់ចាម និងចាប់ផ្តើមស្រកក្នុងរង្វង់២ទៅ៣ថ្ងៃខាងមុខនេះ។

លោក ប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ប្រាប់ថា គាត់បានមកគ្រប់គ្រងវិនិយោគឆ្នេរខ្សាច់កោះប៉ែននេះ ទើបតែបាន២ឆ្នាំប៉ុណ្ណោះ ដោយកាលពីឆ្នាំ២០១៨កន្លងទៅ ប្រដឹសឫស្សីសាងសង់ឡើងមានទទឹង១,៥០ម៉ែត្រ បណ្តោយជាង៧០០ម៉ែត្រ ចំណាយថវិកាអស់ជិត២ម៉ឺនដុល្លារ ហើយអាចធ្វើដំណើរទៅមកបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។

លោកគាត់ក៏បានកម្មង់ទិញឫស្សីមកពីស្រុកលើ អូសបណ្តែតចុះតាមខ្សែទឹកហូរ និងត្រៀមកម្លាំងកម្មករឯកទេសខុសៗគ្នារហូតជាង២០នាក់ ដោយនាំគ្នាធ្វើញាប់ដៃជើង ដើម្បីឲ្យភ្ញៀវជាតិ-អន្តរជាតិដើរឆ្លងពីត្រើយក្រុងកំពង់ចាមមកលេងឆ្នេរខ្សាច់កោះប៉ែន។ ស្រាប់តែជិតពាក់កណ្តាលខែមករានេះ ទឹកទន្លេមេគង្គចាប់ផ្តើមឡើងបន្តិចម្តងៗ ក្នុងរយៈពេល១១ថ្ងៃទឹកទន្លេហក់ឡើងរហូតដល់ទៅកំពស់ជាង១ម៉ែត្រ ធ្វើឲ្យប្រដឹសលិច និងត្រង់ផ្នែកណ្តាលត្រូវទឹកហូរកាត់ផ្តាច់ប៉ើងចុះទៅក្រោម និងបិទមិនឲ្យមនុស្សដើរឆ្លងកាត់នោះទេ។

ដោយឡែកនៅរសៀលថ្ងៃទី២១ មករានេះ លោកគួច ចំរើន អភិបាលខេត្តចុះមកពិនិត្យដោយផ្ទាល់ និងណែនាំដល់រូបលោកត្រូវរកវិធានការទប់ស្កាត់ និងកែច្នៃយ៉ាងណាឲ្យដំណើរការឆ្លងកាត់បានសម្រាប់បុណ្យចូលឆ្នាំចិន-វៀតណាមដែលកាន់តែខិតជិតមកដល់ ។ ហើយនៅព្រឹកថ្ងៃទី២២ មករា ទឹកបានឡើងជាង១តឹកទៀត ប្រសិនបើឡើង២តឹកទៀតអាចទប់ទល់បាន បើលើសពីនេះមានតែឆ្លងទូកតែប៉ុណ្ណោះ សម្រាប់ខ្យុសដែលសង់នៅលើឆ្នេរខ្សាច់កោះប៉ែនអាចលើកចល័តបាន ដើម្បីកុំឲ្យទឹកឡើងមកលិច ៕








ចែករំលែកព័តមាននេះ